ព័ត៍មានទាន់​ហេតុការណ៏
Search

ឃីម បូរ៉ា កៀក​ស្មារ​និង​លន បញ្ញា ឡើង​ដណ្តើម​ប្រាក់​លាន​និង​កីឡាករ​ថៃ

ភ្នំពេញ ៖ កីឡាករ​ឃីម បូរ៉ា អ្នក​ប្រដាល់​មកពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ កៀក​ស្មារ​និង​កីឡាករ ស្រករ​ក្រោយ​លន បញ្ញា អ្នក​ប្រដាល់​នៃ​សមាគមន៍​កីឡាប្រដាល់​ក្រសួងការពារជាតិ ឡើង​ដណ្តើម​ប្រាក់​លាន​និង​កីឡាករ​ថៃ ​វិត​ថៈ​យ៉ា​យុ​ត និ​ធិ​ត​ណាយ​ក្វាម និង​កីឡាករ​ថៃ​ប្រាក់​ចាន​បាន ស​.​ច​.​វិ​ឈិ​ត​ប៉ែត​ទីវ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍​ទី​១៨ ខែឧសភា ឆ្នាំ​២០១៩​នេះ​។

កីឡាករ​ឃីម បូរ៉ា ជួប​ជាមួយ​កីឡាករ​ថៃ​វិត​ថៈ​យ៉ា​យុ​ត និ​ធិ​ត​ណាយ​ក្វាម ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម កីឡាករ​ថៃ​ម្នាក់​នេះ​ក៏​មិន​ខុសពី​កីឡាករ​ថៃ​ដទៃ​ទៀត​ដែរ ដោយ​ស្នៀត​ខ្លាំង​របស់​គេ​គឺ​ជើង​ទាត់​កាត់ ជង្គង់ និង​ស្នៀត​កាច់​ផ្តួល​ឲ្យ​គូប្រកួត​ដួល​ទាំង​ជំហរ ដែល​ស្នៀត​ខ្លាំង​របស់​គេ​ទាំងនេះ​កីឡាករ​កម្ពុជា​មួយចំនួន​មិនទាន់​អាច​បំបែក​បានឡើយ​។

ចំណែក​កីឡាករ​ឃីម បូរ៉ា វិញ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​មួយ​រូប ដែល​បច្ចុប្បន្ន​កំពុង​ទទួល បានការ​គាំទ្រ​យ៉ាងច្រើន​កុះករ ពី​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​កម្ពុជា ជាមួយនឹង​ការ​ចេះ​ប្រើ​ក្បាច់​គ្រប់​ស្នៀត ដើម្បី​ផ្ដួល​គូប្រកួត​របស់​ខ្លួន​។ តែ​កីឡាករ​កម្ពុជា​រូប​នេះ​ចិត្ត​ប្រដាល់​របស់​គេ​តូច រួមផ្សំ​ជាមួយ​កម្លាំង​ស៊ុ​ហ្វ​មិនសូវ​ខ្លាំង​ផង​នោះ ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​មិនសូវ​ហ៊ាន​ប្តូរ​ជាមួយ​គូប្រកួត​ណា​ដែល​ដើរចូល​វាយ​កំញើញ​ខ្លួន​នោះ​ឡើយ​។ ទោះជា​យ៉ាងនេះ​ក្តី​ឃីម បូរ៉ា គេ​វាយ​តាម​បច្ចេកទេស​ដកថយ​មែន​តែ​គេ​វាយ​សង​មួយៗ​វិញ​ចំ​គោលដៅ​បានល្អ ការប្រកួត​រាល់​លើក​បើ​គេ​ដឹង​ពី​ចំណុចខ្សោយ​គូប្រកួត​ហើយ គេ​វាយ​មិន​ប្រស់​នោះទេ​។ ចាំ​មើល​ការជួបគ្នា​នេះ​កីឡាករ​កម្ពុជា​ឃីម បូរ៉ា ជា​អ្នកឈ្នះ​ឫ​កីឡាករ​ថៃ​វិត​ថៈ​យ៉ា​យុ​ត និ​ធិ​ត​ណាយ​ក្វាម​?

ដោយឡែក​កីឡាករ​ស្រករ​ក្រោយ​លន បញ្ញា ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​ប្រាក់​ចាន​បាន ស​.​ច​.​វិ​ឈិ​ត​ប៉ែត​ទីវ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម អ្នក​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក ដោយសារ​លន បញ្ញា ជា​កីឡាករ​ជើង​ថ្មី​ទើប​វាយ​ឡើង​រហូត​បាន​ប្រកួត​ជាមួយ​កីឡាករ​បរទេស ចំណែក​កីឡាករ​ថៃ​ក៏​ទើប​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ដែរ ហើយ​មិនទាន់​ដឹង​ថា ​កីឡាករ​ថៃ​ម្នាក់នេះ​មាន​វិជ្ជា​គុន​ខ្លាំង​ប៉ុណ្ណា​នោះដែរ​។

រីឯ​កីឡាករ​លន បញ្ញា គេ​ជា​កីឡាករ​ស្រករ​ក្រោយ​ទេ​តែ​ស្នៀត​ខ្លាំង​របស់គេ​ខ្លាំង​ទាំង​ព្រម​តែម្តង ក្នុងនោះ​បើ​គេ​ទាត់​មួយ​ជើង​ហើយ​កណ្តាប់ដៃ​ក៍​ចេញ​តាម​ក្រោយ​ដែរ ហើយ​ស្នៀត​កែង​បុក​កាណូត​ក៏​គ្រោះថ្នាក់​ដែរ កីឡាករ​ល្មមៗ​មិនអាច​ទប់​ជាមួយ​គេ​បាន​ប្រាំ​ទឹក​នោះទេ ហើយ​គេ​មាន​កម្ពស់​ខ្ពស់​ទៀត ដែល​អាច​បោះ​ជង្គង់​ខ្លី​ក៍បាន​វែង​ក៍បាន តែ​យ៉ាងណា​លន បញ្ញា គេ​មិនសូវ​ខ្លាំង​ខាង​កម្លាំង​ស៊ុ​ហ្វ​នោះ​ទេ​។ ចាំ​មើល​លន បញ្ញា ជា​អ្នកឈ្នះ​ឬ​កីឡាករ​ថៃ​ប្រាក់​ចាន​បាន ស​.​ច​.​វិ​ឈិ​ត​ប៉ែត​ទីវ​?៕