ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ និង​ប្រតិភូ​ទស្សនា​វិមាន​ឈ្នះ​-​ឈ្នះ ដែលជា​កេរដំណែល​ប្រវត្តិសាស្ត្រ​ពី​ជោគជ័យ នៃ​កិច្ចប្រឹងប្រែង​របស់​កម្ពុ​ជា ដើម្បី​នាំមក​នូវ​សន្តិភាព និង​ការផ្សះផ្សា​ជាតិ

​ភ្នំពេញ ​៖ លោក ខេ ភី សា​ម៉ា អូ​លី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ និង​លោកជំទាវ រ៉ា​ឌី​កា សាក់​យ៉ា ព្រមទាំង​គណៈប្រតិភូ បាន​អញ្ជើញ​ទៅ​ទស្សនា​វិមាន​ឈ្នះ​-​ឈ្នះ ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ហើយ​ទស្សនកិច្ច​នី​វិមាន​ឈ្នះ​-​ឈ្នះ នេះ ធ្វើឡើង​មុន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា​។

តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ខេ ភី សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេ​ប៉ាល់ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៣ ដល់​១៥ ខែឧសភា ឆ្នាំ២០១៩ ហើយ​ទស្សនកិច្ច​នេះ អមដំណើរ​ដោយ​លោកជំទាវ រ៉ា​ឌី​កា សាក់​យ៉ា លោក ប្រា​ឌី​ប គូ​ម៉ា ហ្គា​វ៉ា​លី រដ្ឋមន្ត្រីការបរទេស ទីប្រឹក្សានាយករដ្ឋមន្ត្រី សមាជិកសភា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ព្រមទាំង​គណៈប្រតិភូ​ធុរកិច្ច​។

ខណៈ​ពេល​មកដល់​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ និង​លោកជំទាវ បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា នៅ​ស្តូប​វិមានឯករាជ្យ និង​គោរព​វិញ្ញាណក្ខន្ធ​វីរបុរស និង​វីរនារី​កម្ពុជា ដែល​បាន​ពលី​ក្នុង​សង្គ្រាម និង​បាន​អញ្ជើញ​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ព្រះវររាជបិតា​កម្ពុជា ហើយ​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ និង​លោកជំទាវ ក៏បាន​អញ្ជើញ​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ និង​វត្ត​ព្រះ​កែវ​មរកត ព្រមទាំង​ទស្សនា​វិមាន​ឈ្នះ​-​ឈ្នះ ដែល​បង្ហាញ​ដំណែល​ប្រវត្តិសាស្ត្រ​ពី​ជោគជ័យ​នៃ​កិច្ចប្រឹងប្រែង​របស់​កម្ពុ​ជា ដើម្បី​នាំមក​នូវ​សន្តិភាព​ពេញលេញ ការផ្សះផ្សា​និង​ការ​បង្រួបបង្រួម​ជាតិ​របស់​កម្ពុជា​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114