ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​នេ​ប៉ាល់​ជ្រើសរើស​កម្ពុជា ជា​គោលដៅ​វិនិយោគ​ដែល​ប្រកបដោយ​សក្ដានុពល និង​ឧត្ដមភាព

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ជូន​ក្រុម​ធុរជន​និង​អ្នកវិនិយោគ​ទាំងអស់​អំពី​សក្តានុពល​វិនិយោគ និង​ឧត្តមភាព​សំខាន់ៗ​របស់​កម្ពុជា​លើ ៤​ចំណុច​។​ ជាពិសេស​អ្នកវិនិយោគ​នេ​ប៉ាល់​ ដែលមាន​បំណង​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្តើម​ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។ ជាមួយគ្នានេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​កម្ពុជា​ដែលមាន​បំណង​ចង់​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅក្រៅ​ប្រទេស​ពិចារណា​ប្រទេស​នេ​ប៉ាល់​ជា​ប្រទេស​គោលដៅ​របស់ខ្លួន​ផងដែរ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ខេ ភី សា​ម៉ា អូ​លី (K. P. ShamaOli) នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​ផងដែរ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​ឆ្លៀត​ក្នុងឱកាស​នេះ​ខ្ញុំ​សូម​ជម្រាបជូន​ធុរជន​និង​អ្នកវិនិយោគ​ទាំងអស់​អំពី​សក្តានុពល​វិនិយោគ​និង​ឧត្តមភាព​សំខាន់ៗ​របស់​កម្ពុជា​លើ​៤​ចំណុច ៖

ទី​១- ភាពអំណោយ​ផល​នៃ​ស្ថិរភាព​នយោបាយ​និង​ម៉ាក្រូសេដ្ឋកិច្ច​។​

ទី​២- ការបើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នកវិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា​និង​អ្នកវិនិយោគ​បរទេស​។​

ទី​៣-​កម្លាំង​ពលកម្ម​ដែលមាន​ភាពសម្បូរ​បែប​និង​វ័យក្មេង​ដែល​ក្នុងនោះ​ប្រជាជន​ដែលមាន​អាយុ​៣៥​ឆ្នាំ​ចុះ​មាន​ចំនួន​ដល់​ទៅ ៧២% នៃ​ចំនួន​ប្រជាជន​សរុប​គួបផ្សំ​នឹង​ប្រាក់​ឈ្នួល​ដែលមាន​ភាព​ប្រកួតប្រជែង​។​

ទី​៤ – កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន​ដែល​តំបន់​នេះ​បាននិងកំពុង​ក្លាយជា​“​រោងចក្រ​នៃ​អាស៊ី​”​។ ទំនិញ​ផលិត​នៅ​កម្ពុជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក​,​ទីផ្សារ​អនុតំបន់​មេគង្គ​,​ទីផ្សារ​អាស៊ាន​,​និង​ទីផ្សារ​សំខាន់ៗ​ដទៃទៀត​ក្នុង​ពិភពលោក​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​នេ​ប៉ាល់​ដែល​មិនទាន់​បានមក​កម្ពុជា​អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​សក្តានុពល​និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​ព្រមទាំង​សម្រេចចិត្ត​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។ ក្នុងនាម​រាជរដ្ឋាភិបាល​សម្តេច​សូម​ធានា​ជូន​អ្នកវិនិយោគ​គ្រប់រូប​នូវ​បរិស្ថាន​គ្រប់បែបយ៉ាង​ដែល​អនុគ្រោះ​និង​ជួយ​ជំរុញ​ដល់​ការវិនិយោគ​ពិសេស​គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ​ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព​និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​។​

នៅក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកមកបង្ហាញ​ក្រុម​ធុរជន​ទាំងអស់​អំពី​ការរីកចំរើន​របស់​ក​ម្ពុ​ជា​ក្នុង​រយៈពេល​ជាង​ពីរ​ទស្សវត្សរ៍​ចុង​ក្រោយនេះ​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​រង្វង់ ៧,៧% ហើយ​បាន​ចាក​ចេញពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ឆ្នាំ​២០១៥​។ ជាងនេះទៅទៀត​នៅក្នុង​ឆ្នាំ​២០១៨ សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន​លើសពី​ការរំពឹងទុក​ពោលគឺ​បាន​កើនឡើង​ក្នុង​អត្រា ៧,៥% ធៀប​នឹង​ការគ្រោងទុក ៧,១%​ពី​ដើមឆ្នាំ​ដែលជា​មូលដ្ឋាន​នៃ​ការបន្ត​ភាពរឹងមាំ​នៅក្នុង​ឆ្នាំ​២០១៩​នេះ​។​សូចនាករ​នេះ​បង្ហាញថា​កម្ពុជា​កំពុងស្ថិត​នៅលើ​គន្លង​នៃ​ការ​ឈានទៅ​សម្រេចបាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០ តាម​ការកំណត់​ក្នុង​របៀបវារៈ​នៃ​គោលនយោបាយ​ជាតិ​។​

ក្នុង​ក្របខ័ណ្ឌ​នៃ​ការវិនិយោគ​កម្ពុជា​នៅតែ​ជា​ប្រទេស​គោលដៅ​ដែលមាន​សក្តានុពល​សម្រាប់​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក​និង​បរទេស​។​ជាក់ស្តែង​ផ្អែក​តាម​ការកត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​រយៈពេល​៥​ឆ្នាំ​(២០១៤-២០១៨)​ស្ថានភាព​វិនិយោគ​របស់​កម្ពុ​ជាមាន​លក្ខ​ណៈ​ល្អប្រសើរ​ដោយ​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ៩៥៩​គម្រោង​ក្នុង​ទុនវិនិយោគ​សរុប​ចំនួន​ប្រមាណ ២៣​ប៊ី​លាន​ដុល្លារ​ដែល​អាចបង្កើត​ការងារ​ចំនួន​១​លាន​កន្លែង​។ ដោយឡែក​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩ នេះ គម្រោង​វិនិយោគ​ដែល​ត្រូវ​បានអនុម័ត​មាន​ចំនួន ១១៥​គម្រោង​ក្នុង​ទុនវិនិយោគ​ប្រមាណ ៤​ប៊ី​លាន​ដុល្លារ​អាមេរិក​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​ត្រឹមតែ ៨១​គម្រោង​ក្នុង​ទុនវិនិយោគ​ប្រមាណ​ជា​៨៦៣​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​ចំណែក​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន​ភ្ញៀវទេសចរ​ដែល​បានមក​កាន់​កម្ពុជា​បន្ត​កើន​ឡើងជា​លំដាប់​។ ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​សរុប​ប្រមាណ​ជា ១,៨៨​លាន​នាក់ មានការ​កើនឡើង ៩,៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ កម្ពុជា​រំពឹងថា​ចំនួន​ភ្ញៀវទេសចរ​នឹង​កើនឡើង​បន្ថែមទៀត​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នកវិនិយោគ និង​ធុរជន ក្នុងការ​បណ្តាក់ទុន​ក្នុង​វិស័យនេះ​។​

សម្តេច​តេ​ជោ​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥​ដែលជា​យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច​ថ្មី​សំដៅ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​និង​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ផ្នែក​លើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥​។ ជាក់ស្តែង​គោលនយោបាយ​នេះ​បានកំណត់​ប្រភេទ​ឧស្សាហកម្ម​អាទិភាព​ចំនួន​៥​រួមមាន​៖ (១) ឧស្សាហកម្ម​ឬ​កម្មន្តសាល​ថ្មីៗ​ដែលមាន​ចរិត​ជា​ការបើក​ច្រកចូល​ទីផ្សារ​ផ្តល់​តម្លៃបន្ថែម​ខ្ព​ស់មានភាព​ច្នៃប្រឌិត​និង​ភាព​ប្រកួតប្រជែង​ខ្ពស់​,(២)​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​ត្រប់​វិស័យ​, (៣) ផលិតកម្ម​ក​សិ​-​ឧស្សាហកម្ម​ដែល​បម្រើឱ្យ​ការនាំចេញ​និង​ទីផ្សារ​ក្នុងស្រុក​,(៤) ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ទេសចរណ៍ និង​កាត់ដេរ ព្រមទាំង​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់ ដែលជា​ឧស្សាហ​កម្មត​ភ្ជាប់​ទៅ​ទីផ្សារ ឬ​ខ្សែ​ច្រវាក់​តម្លៃ​សកល​, និង (៥) ប្រភេទ​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់ និង​មាន​ចរិត​យុទ្ធសាស្ត្រ​នាពេល​អនាគត​។​

រាជរដ្ឋាភិបាល​ចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច និង​ជា​ដៃគូ​ដ៏​ពិតប្រាកដ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។ ក្នុងន័យនេះ​យើង​បាន​បង្កើត​យន្តការ​សន្ទនា​មួយ​ហៅថា “​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​” ដែល​ខ្ញុំ​ដឹកនាំ​ផ្ទាល់​និង​ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​គ្រប់​ក្រសួង ស្ថាប័ន អភិបាល​គ្រប់​រាជធានី​-​ខេត្ត​តំណាង​ផ្នែក​ឯកជន​គ្រប់​វិស័យ ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា និង​តំណាង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​។ យន្តការ​នេះ​ផ្តល់ឱកាស​ឱ្យ​ផ្នែក​ឯកជន​លើកឡើង​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​និង​ចាត់វិធានការ​សមស្រប​ដើម្បី​ដោះស្រាយ​។ រាល់​ការសម្រេច​នៅក្នុង​វេទិកា​នេះ​ត្រូវបាន​ចាត់ទុកជា​ការសម្រេច​របស់​គណៈរដ្ឋមន្ត្រី​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ ខ្ញុំ​បាន​ដឹកនាំ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៨ ដែល​ក្នុងឱកាស​នោះ ខ្ញុំ​បានដាក់​ចេញ​នូវ​វិធានការ​មុត​សិច​មួយចំនួន​សំដៅ + ១) បង្កើន​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ចកម្ពុជា​, ២) កែលម្អ និង​លើកស្ទួយ​ថែមទៀត​នូវ​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​, និង ៣) ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ និង​បង្កើត​ការងារ​ប្រកបដោយ​គុណភាព​កាន់តែច្រើន​ថែមទៀត​ជូន​ប្រជាជន​កម្ពុជា​។​

សម្តេច​បាន​បន្តថា តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​រាល់​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នកវិនិយោគ​បរទេស​ទាំងអស់​ជាពិសេស​អ្នកវិនិយោគ​នេ​ប៉ាល់​ដែលមាន​បំណង​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្តើម​ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។ ទន្ទឹមនឹងនេះ​សម្តេច​ក៏បាន​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​កម្ពុជា​ដែលមាន​បំណង​ចង់​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅ​ក្រ​ប្រទេស​ពិចារណា​ប្រទេស​នេ​ប៉ាល់​ជា​ប្រទេស​គោលដៅ​របស់ខ្លួន​។​

គេ​រំពឹងថា តាមរយៈ​វេទិកា​នេះ​នឹង​ជួយ​បើកផ្លូវ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ប្រទេស​ទាំង​បាន​កាន់តែ​ប្រសើរ​ជាង​ពេលបច្ចុប្បន្ន​។ យោងតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា ចាប់ពី​ឆ្នាំ​២០១៤ រហូតដល់​រយៈពេល ៦​ខែ​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ជិត ១៧​ម៉ឺន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅ​នេ​ប៉ាល់​មាន​ជាង ១២​ម៉ឺន​ដុល្លារ ហើយ​កម្ពុជា នាំចូល​ពី​នេ​ប៉ាល់​មកវិញ មាន​ជាង ៤​ម៉ឺន​ដុល្លារ​។ ទំនិញ​ដែល​ដោះដូរ​ជាមួយគ្នា​ភាគច្រើន​ជា​សម្លៀកបំពាក់ និង​វត្ថុធាតុដើម​សម្រាប់​ផលិត​សម្លៀកបំពាក់​។​

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក សា​ម៉ា អូ​លី នៅ​ថ្ងៃទី​១៣ ខែឧសភា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជំរុញឱ្យមាន​ការសិក្សា​ប​ន្ថែ​ម​ទៀត ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ខណៈ​បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​នៅមាន​សក្តានុពល​ពាណិជ្ជកម្ម​ជាច្រើន​ទៀត​។​

សូមបញ្ជាក់ថា ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរ​នោះ​ក្រោយ​ជំនួប​ពិភាក្សា​នេះ សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​លោក ស​ម៉ា អូ​លី ប្រមុខ​រដ្ឋាភិបាល​នេ​ប៉ាល់​បាន​អញ្ជើញ​ជា​អធិបតី​រួមគ្នា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ពីរ​។ រួមមាន​កិច្ច​ព្រ​ព្រៀង​ស្តីពី​ពាណិជ្ជកម្ម​និង​វិនិយោគ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នេ​ប៉ាល់​។ មួយទៀត​គឺ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​សភាពាណិជ្ជកម្ម​នេ​ប៉ាល់ និង សភាពាណិជ្ជកម្ម​កម្ពុជា​៕