ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ម្នាក់ ​ទៅ​បរបាញ់​សត្វ​ក្នុង​ព្រៃ​រាល​កៃកាំភ្លើង​កែច្នៃ រង​របួស​ធ្ងន់ នៅ​ស្រុក​អណ្ដូង​មាស

រតនគិរី ​៖ ​ករណី​រាល​កៃកាំភ្លើង​កែច្នៃ​ត្រូវ​ខ្លួន​ឯង​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ព្រៃ​ការពារ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​តា​ឡាវ ឃុំ​តា​ឡាវ ស្រុក​អណ្ដូង​មាស។

មន្ត្រី​នគរបាល​ស្រុក​អណ្តូង​មាស ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ ថ​ល់ វុ​យ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ​ឡាវ បាន​រង​របួស​ធ្ងន់ធ្ងរ។

មន្ត្រី​នគរបាល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​ថ្ងៃត្រង់ ​ថ្ងៃ​ដដែល ឈ្មោះ ថ​ល់ វុ​យ និង​បងប្អូន​នាំគ្នា​ដើរ​ព្រៃ​ទៅ​បរបាញ់​សត្វ​ស្វា ខណៈ​​ពេល​បាញ់​សត្វ​ស្វា​ធ្លាក់​ ក៏បានរត់ទៅ​ចាប់យក ស្រាប់តែ​កាំភ្លើង​ខ្យល់​ទាក់​នឹង​មែកឈើ​មួយ ក៏​ផ្ទុះ​ត្រូវ​ចំពោះ​ខ្លួនឯង​រងរបួស​ធ្ងន់​តែម្តង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន ​ចុះ​ត្រួតពិនិត្យ​ជនរងគ្រោះ​ឃើញថា​ពិតជា​រាល​កៃកាំភ្លើង​កែច្នៃ​ត្រូវ​ខ្លួនឯង​ពិតប្រាកដ​មែន​។​

​បន្ទាប់មក​ជនរងគ្រោះ​ត្រូវបាន​អាណាព្យាបាល​ដឹក​យកទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​។​

​តើ​វាសនា​យុវជន​ម្នាក់នេះ​អាច​រួច​ផុតពី​សេចក្តីស្លាប់​ឬមួយ​យ៉ាងណា​នោះ សារព័ត៌មាន​យើង​មិនអាច​សុំ​ការទំនាក់ទំនង​ពី​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស​បាន​នៅឡើយ​ទេ ដោយ​មិនមាន​លេខ​ទូរស័ព្ទ​៕