ព័ត៍មានទាន់​ហេតុការណ៏
Search

AFC Cup ៖​ ក្រុម​ណាហ្គា​វើ​ល ចាញ់​ម្ចាស់ផ្ទះ Yangon United ក្នុង​ប្រកួត​បង្គ្រប់កិច្ច​វគ្គ​ជម្រុះ​ពូ​ល F

ក្រុម​ណាហ្គា​វើ​ល ដែលជា​សមាជិក​ពានរ​ង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានបញ្ចប់​បេសកកម្ម​ប្រកួត​បញ្ចប់​ក្នុង​វគ្គ​ជម្រុះ​ពូ​ល​F នៃ​ពានរង្វាន់​លំដាប់​ទី​២ ប្រចាំ​ទ្វីបអាស៊ី AFC Cup 2019 រួចរាល់​ហើយ ​ក្រោយ​ហាលអាវ​ត្រឹម​វគ្គ​នេះ ខណៈ​ប្រកួត​បង្គ្រប់​កិច្ច​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Yangon United របស់​ក្រុម​មី​យ៉ាន់​ម៉ា រង​បរាជ័យ​២​ទល់​០ នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១៥ ខែឧសភា ឆ្នាំ​២០១៩​លើ​ទីលាន​កីឡដ្ឋាន​Thuwunna Stadium ក្នុង​ទីក្រុង​រ៉ង់​ហ្គូ​ន​។​

ការប្រកួត​ដែល​កាត់សេចក្តី​ដោយ​អាជ្ញាកណ្ដាល​ស្ត្រី​ជនជាតិ​ជប៉ុន​គឺ​អ្នកស្រី​Yoshimi Yamashita ក្រុម Yangon United រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ​Maung Maung Lwin នៅ​នាទី​៧៥ និង​កីឡាករ​ប្រេ​ស៊ី​ល Vinicius Guirra Miller de Oliveira បាន​បន្ថែម​គ្រាប់​ទី​២ ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​បានសម្រេច​នៅ​នាទី​៩០ មុន​ចប់​ការប្រកួត​។

សរុប​លទ្ធផល​នៃ​ការប្រកួត​របស់​ក្រុម​ណាហ្គា​វើ​ល ក្នុង​វគ្គ​ជម្រុះ​ពូ​ល F ឃើញថា​ប្រកួត​បើកឆាក​ចាញ់​ក្រុម Hanoi FC របស់​វៀតណាម ដោយ​លទ្ធផល ១០​ទល់​០ តែ​យកឈ្នះ​ក្រុម Yangon United របស់​មី​យ៉ាន់​ម៉ា ២​ទល់​១ និង​ចាញ់​ក្រុម Tampines Rovers របស់​សិង្ហ​បុរី ៥​ទល់​១​។ នៅ​ជើង​ទី​២ បាន​ប្រកួត​ចាញ់​ក្រុម​Tampines Rovers ៤​ទល់​២ ហើយ​បន្ត​ចាញ់​ក្រុម Hanoi FC ៥​ទល់​១ និង​ចុងក្រោយ​ចាញ់​ក្រុម Yangon United ២​ទល់​០​។

​ដូច្នេះ​នៅក្នុង​ពូ​ល F នេះ​ក្រុម Hanoi FC (​ម្ចាស់​ជើងឯក​លី​គ​កំពូល​វៀតណាម​) Tampines Rovers (​ជើងឯក​រង​លី​គ​កំពូល​សិង្ហ​បុរី​) ដឹក​ដៅ​គ្នា​ឡើងទៅ​លេង​នៅ​វគ្គ​បន្ត​ខណៈ​ក្រុម​Yangon United (​ជើងឯក​លី​គ​កំពូល​មី​យ៉ាន់​ម៉ា​) និង​ក្រុម​ណាហ្គា​វើ​ល (​ជើងឯក​លី​គ​កំពូល​កម្ពុជា​) ហាលអាវ​ដូចគ្នា​។

​ពានរង្វាន់ AFC Cup វគ្គ​ជម្រុះ​តាម​ពូ​ល​នឹង​ចាប់ផ្ដើម​នៅ​ចុងខែ កុម្ភៈ តទៅ​តាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ សរុប​ស្មើ​៦​ប្រកួត (​ក្នុង​ដី​និង​ក្រៅ​ដី​) ដើម្បី​យកតែ​មួយក្រុម​ឡើងទៅ​វគ្គ​បន្ត ដោយ​គ្រោង​នឹង​បញ្ចប់​ការប្រកួត​ទាំងមូល​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៩​។ នេះ​ជា​ឆ្នាំ​ទី​១ សម្រាប់​ណាហ្គា​វើ​ល ក្នុងការ​ប្រកួត​នៅ​វគ្គ​បែងចែក​ពូ​ល​បន្ទាប់ពី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៨ ខណៈ​កាលពី​ឆ្នាំ​២០១៧ ធ្លាប់បាន​ចូលរួម​ប្រកួត​ម្តង​តែ​ត្រូវ​ប្រកួត​ជម្រុះ​នៅ​វគ្គ​ជម្រុះ​បឋម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114