ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់​លើកគ្នា ទៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ បន្ទាប់ពី​អាជ្ញាធរ​ចាប់​អ្នក​តវ៉ា​ម្នាក់​ ពេល​អាជ្ញាធរ​យក​គ្រឿងចក្រ​លើក​ទំនប់​ព័ទ្ធ​បឹង​សំរោង

ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់ បាន​លើកគ្នា ទៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ ​បន្ទាប់ពី​អាជ្ញាធរ​ប្រើ​កម្លាំង​ចាប់​ប្រជាពលរដ្ឋ​ម្នាក់​យក​ទៅ​សាលា​ខណ្ឌ​ ខណៈ​ដែល​អាជ្ញាធរ​ចុះទៅ​លើក​ទំនប់ ព័ទ្ធ​ផ្ទៃ​បឹង​សំរោង​ទៅតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ដែល​ពួកគាត់​អះអាង​ថា​ អាជ្ញាធរ​ពុំ​ទាន់​បាន​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឡើយ។

ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១២ ថ្ងៃត្រង់​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ឆ្នាំ​២០១៩ ​នៅ​ចំណុច ​ភូមិ សំរោង​ខាងត្បូង ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ក្រោម​ការ​ទ្រហោ​យំ​ពី​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល លើ​ដី​នោះ។ បន្ទាប់ពី​មានការ​ចាប់ខ្លួន ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០​នាក់ ក៏បាន​លើកគ្នា ទៅ​សាលា​ខណ្ឌ ព្រែក​ព្នៅ​ដើម្បី​ទាមទារ​អោយ​ដោះលែង​វិញ។ ប្រជាពលរដ្ឋ ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ យ៉​ន គឹម យ៉ុ​ន ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ មាន​លំនៅ ភូមិ កើតហេតុ​ខាងលើ។

តាម​ប្រជាពលរដ្ឋ ដែល​ផ្ទុះ​ការ​តវ៉ា បាន​អោយ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួសារ បាន​កាន់កាប់​និង​អាស្រ័យ​ផល លើ​ផ្ទៃដី​ប្រមាណ​ជាង​២​ហិកតា ក្នុងចំណោម ដី​រាប​ហិកតា ដែល​រង​ផល​ប៉ះពាល់​លើ​ផ្ទៃ​បឹង​សំរោង​នេះ។

ប្រជាពលរដ្ឋ​បាន​អោយ​ដឹង​ថា ថ្មីៗ​នេះ​អាជ្ញាធរ ខណ្ឌ​ព្រែក​ព្នៅ បាន​យក​គ្រឿងចក្រ​ដោយ​ការពារ​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ ទៅ​ឈូស​ឆាយ ដោយ​អះអាង​កាយ​ដី​ធ្វើជា​ទំនប់​ធ្វើជា​ព្រំ​ព័ទ្ធ​ផ្ទៃ​បឹង សំរោង​តាម​ការកំណត់។

នៅ​ក្នុង​ការ​កាយ​ដី​ ដោយ​ពុំ​មាន​ដំណោះស្រាយ ពួកគាត់​ក៏​បាន​នាំ​គ្នា តវ៉ា ជា​បន្តបន្ទាប់។ នៅ​វេលា​ថ្ងៃត្រង់ ខណៈ​ពេល ដែល​ពួកគាត់​មួយចំនួន បាន​នាំគ្នា ទៅ​ពិសា​​បាយ ស្រាប់តែ អាជ្ញាធរ បាន​ប្រើ​កម្លាំង​និង​គ្រឿង​ចក្រ​ចុះទៅ​កាយ​រំលោភ​យក​ដី​របស់​ពួក គាត់​តែ​ម្តង។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ខណៈ​នោះ​ស្ត្រី​ជា​ម្តាយ របស់​ ឈ្មោះ យ៉​ន គឹម យ៉ុ​ន បាន​ស្ទុះ​រារាំង​រត់​ចូល​ទៅ​គ្រឿង ហើយ​ត្រូវ​ឈ្មោះ​យ៉​ន គឹម យ៉ុ​ន រត់​ទៅ​ជួយ​ម្តាយ ក៏​ត្រូវបាន​កម្លាំង សណ្ដាប់ធ្នាប់​ខណ្ឌ និង​នគរបាល​នាំគ្នា ចាប់​គ្រៀក ហើយ អូស​យក​ដាក់​ម៉ូតូ​នាំ​យក​ទៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​។​ទន្ទឹម​នេះ ​ការ​ចាប់ខ្លួន អ្នក​តវ៉ា ប្រជាពលរដ្ឋ ក៏បាន​លើកគ្នា ទៅ​សាលា​ខណ្ឌ ដើម្បី​ទាមទារ​អោយ​ដោះលែង អ្នក​ត្រូវ​ចាប់ខ្លួន។

ប្រជាពលរដ្ឋ​ ក៏​បាន​អោយ​ដឹង​ទៀត​ថា ពួកគាត់​មិនមាន​​ទំនាស់ ពី​ការ​ស្តា​រ​បឹង​នោះ​ទេ តែ​សូម​អោយ​មានការ​ដោះស្រាយ ព្រោះ​ពួកគាត់​បាន​កាន់កាប់​ដី​នេះ​តាំងពី​ឆ្នាំ ១៩៩០​មុន ចេញ​អនុក្រឹត្យ របស់​រាជរដ្ឋាភិបាល ទៀត។

ប្រភព​បន្ត​ថា ដី​នៅ​តំបន់​នោះ​ចំពោះ​អ្នក​មាន​អំណាច​មាន​ខ្នង​ធំ​គេ​បាន​ចរចា​ទិញ​លក់​តាម​តម្លៃ​ទីផ្សារ តែ​ចំពោះ​អ្នក​តូចតាច​គេ​មិន​និយាយ​រក​ទេ ហើយ​ដី​បឹង​សំរោង​នេះ ​គឺ​បាន​រៀបចំ​យក​ទៅ​លក់​ឱ្យ​លោកជំទាវ​ដ៏​មានអំណាច​ម្នាក់​ជា​សមាជិក​ព្រឹទ្ធសភា​ជាតិ។

ប្រជាពលរដ្ឋ​ក៏បាន​បញ្ជាក់​ទៀត​ថា ការ​បោះ​ព្រំ​ស្តា​របឹង​សំរោង បាន​ប៉ះពាល់ ជាន់​លើដី​ប្រជាពលរដ្ឋ​ជាច្រើន ដែល​ក្នុងនោះ មាន​ក្រុមហ៊ុន និង​អ្នកមាន​មុខមាត់ ហើយ ត្រូវបាន​គេ​ដោះស្រាយ កាត់​ខ្វៀល​ចេញ​អស់ ហើយ ដូចជា​ដី​របស់ ក្រុមហ៊ុន ម៉ែន សារុន ក្រុមហ៊ុន​តេ​លា និង​ដី​លោក​ជឹម សារ៉េត ថ្នាក់​ប្រធាន​នាយកដ្ឋាន​មួយ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ព្រមទាំង​ដី​មួយ​ចំនួន​ទៀត។ចំណែក​ដី​របស់​ពួកគាត់ ​ត្រូវ​បាន​អាជ្ញាធរ យក​គ្រឿងចក្រ​រំលោភ​យក​តែ​ម្ដង។

លោក ស៊ឹម សុ​ផង់​នាយក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បានអោយដឹងថា ការប្រើ​គ្រឿងចក្រ​ស្តា​របឹង​សំរោង អាជ្ញាធរ ធ្វើឡើង តាម​ការណែនាំ របស់​សាលា​រាជធានី​ភ្នំពេញ ហើយ​ធ្វើការ​ស្តា​រទាំង​ថ្ងៃ​សៅរ៍​អាទិត្យ​ទាំង​ថ្ងៃ​ឈប់សម្រាក​ធ្វើ​យ៉ាងណា ស្ដារ​ផ្ទៃ​បឹង ឡើងវិញ​អោយ​ហើយ​នៅក្នុង​រដូវប្រាំង​នេះ​ស្របតាម​ផែនការ​គ្រោងទុក។

លោកនាយក​រដ្ឋ​បាល ក៏បាន​អោយដឹងទៀតថា នៅពេល​អាជ្ញាធរ ចុះ​កាយ​ដី​នេះ ប្រជាពលរដ្ឋ អាស្រ័យ ផល​ក៏​បាននាំគ្នា តវ៉ា រារាំង ហើយ ត្រូវបាន​​​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន ចេញពី​គ្រឿងចក្រ បញ្ជូន​មកកាន់​សាលាខណ្ឌ ធ្វើ​កិច្ចសន្យា​អប់រំ​ហើយ ដោះលែង អោយ​ត្រឡប់ទៅផ្ទះ​វិញ។

គួរ​បញ្ជាក់​ថា ផ្ទៃ​បឹង​សំរោង ដែល​បាន​កំណត់ដោយ​អនុក្រឹត្យ ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មាន​ទំហំ​៣៣៦​ហិកតា។ ទន្ទឹម​អនុក្រឹត្យ​នោះ​បឹង​សំរោង​ជា​បឹង​ធម្មជាតិ​ត្រូវបាន​ប្រជាពលរដ្ឋ ដែល​ភាគច្រើន ជា​អ្នកមានអំណាច​និង​មាន​លុយ បាននាំគ្នា ទៅ​ដោះ​បង្គោល​រំលោភ​យក​ស្ទើរ​អស់​ទៅហើយ​។​ លុះ​ក្រោយមក​សាលា​រាជធានី​ភ្នំពេញ បង្កើត គណៈកម្មការ ចុះទៅ​វាស់វែង កំណត់​ផ្ទៃ​បឹង និង​បោះ​បង្គោល​កំណត់​ព្រំ​ដី​បឹង ទៅតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ជាហេតុ​ធ្វើឱ្យមាន​ទំនាស់​តវ៉ា​រហូត៕