ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​វិលត្រឡប់​ពីកិច្ចប្រជុំ​ជាន់ខ្ពស់​ពី “​ចីរភាព​បំណុល សម្រាប់​ចីរភាព​កំណើន​: ចីរភាព​ហិរញ្ញប្បទាន សម្រាប់​ការអភិវឌ្ឍ ” និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ទីក្រុង​ប៉ារីស​

ភ្នំពេញ​ ៖ ​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អញ្ជើញ​ត្រឡប់ មកពី​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​ស្ដីពី “​ចីរភាព​បំណុល សម្រាប់​ចីរភាព​កំណើន​: ចីរភាព​ហិរញ្ញប្បទាន សម្រាប់​ការអភិវឌ្ឍ (Sustainable Debt for Sustainable Growth: Sound Financing for Development)” និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​រៀបចំ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​វិញ នា​ល្ងាច​ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៩ ។

កិច្ចប្រជុំ​ជាន់ខ្ពស់​នេះ រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សាធារណរដ្ឋ​បារាំង និង​មានការ​អញ្ជើញ​ចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ទេសាភិបាល​ធនាគារកណ្តាល​, ថ្នាក់ដឹកនាំ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​, ស្ថាប័ន​សិក្សា​ស្រាវជ្រាវ និង​តំណាង​ពី​ស្ថាប័នហិរញ្ញវត្ថុ​ឯកជន​ធំៗ មកពី​តាម​បណ្តា ប្រទេស​អភិវឌ្ឍន៍ ក៏ដូចជា​កំពុងអភិវឌ្ឍន៍ ប្រមាណ ៦៥ ប្រទេស។

កិច្ចប្រជុំ បាន​ផ្តោត​ការពិភាក្សា​លើ​យុទ្ធសាស្ត្រ​ក្នុងការ​បំពេញតម្រូវកា​រ​ហិរញ្ញប្បទាន សម្រាប់​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត​របស់​ប្រទេស​នីមួយៗ ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។ ជា​លទ្ធផល​, គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បាន​ចូលរួម​ពិភាក្សា​អំពី ហិរញ្ញប្បទាន​សម្រាប់​គ​ម្រោ​ង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​, តម្រូវការ​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​របស់​ប្រទេស​នីមួយៗ​, វិធីសាស្ត្រ​ដែល​ប្រទេស​នីមួយ​យក​អនុវត្ត​ដែល​អាច ទទួលបាន​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ដែល​ជៀសវាង​បាន​នូវ​ការ​ជំពាក់​បំណុល​ច្រើន​ហួសហេតុ​, ការប្រើប្រាស់​ហិរញ្ញប្បទាន ដោយ​ត្រឹមត្រូវ មាន​តម្លាភាព និង​ការទទួលខុសត្រូវ ក៏ដូចជា អាច​ធានាបាន​នូវ​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង កា​រលើ​កម្ពស់​ភាពជា​ម្ចាស់​ក្នុង​ដំណើរការ​អភិវឌ្ឍន៍រ​បស់​ប្រទេស​នីមួយៗ សំដៅ​ចូលរួមចំណែក​ពង្រឹង​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។

ក្នុងឱកាស​កិច្ចប្រជុំ​ជាន់ខ្ពស់​នេះ​, ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន​ចូលរួម​ពិភាក្សា ដោយផ្ទាល់ ក្នុង​កិច្ចប្រជុំ​ជា​ក្រុម​ស្តីអំពី “​ហិរញ្ញប្បទាន​សម្រាប់​ក​សាង​ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយ​យុត្តិធម៌ និង​ចីរភាព (Financing infrastructure in a fair and sustainable way)” ដោយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ បាន គូសបញ្ជាក់​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច កែទម្រង់​លើ​គ្រប់​វិស័យ ពិសេស ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការតភ្ជាប់ ដើម្បី​ឲ្យ​កម្ពុជា​អាច​សម្រេចបាន​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព ទោះបី​ហិរញ្ញប្បទាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​នៅមានកំរិត​នៅឡើយ។ ជាមួយគ្នានេះ​, ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​មានការ​ចូលរួម និង​គាំទ្រ​បន្ថែមទៀត​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត តាមរយៈ​ការដាក់ចេញ​នូវ​វិធាន​វិនិយោគ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាស​កល សមស្រប ដើម្បី​ធានាបាន​នូវ​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ល្អប្រសើរ និង​ចីរភាព។

ឆ្លៀត​ក្នុងឱកាស​នោះដែរ​, ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក៏បាន​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ភាគី​មិត្ត ក្នុងនោះ ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោកជំទាវ Agnès PANNIER-RUNACHER, រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បារាំង​, លោក Rèmi Rioux, នាយក​ចាត់ការ​ទូទៅ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD), លោក Pierre Amilhat ប្រធាន​នាយកដ្ឋាន​អាស៊ី​, អាស៊ី​កណ្តាល​, មជ្ឈិម​បូព៌ា​/​ឈូង​សមុទ្រ​និង​ប៉ាស៊ីហ្វិក នៃ​អគ្គនាយកដ្ឋាន​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង ការអភិវឌ្ឍ​នៃ​គណៈកម្មការ​អឺរ៉ុប (Director for Asia, Central Asia, Middle East/Gulf and Pacific at the Directorate General for International Cooperation and Development of the European Commission), តំណាង​ជាន់ខ្ពស់​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​អូស្ត្រាលី និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​មួយចំនួនទៀត ផងដែរ។

នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ទាំងនេះ​, ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​ភាគី​មិត្ត អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ការផ្លាស់ប្តូរ​មុខមាត់​ថ្មី​របស់​កម្ពុជា ក្នុង​រយៈពេល ២ ទសវត្សរ៍​កន្លងមក​នេះ។ កម្ពុជា សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ក្នុង​អត្រា​ជា​មធ្យម ៧,៧% ក្នុង​មួយឆ្នាំ​, មាន​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​, ការគ្រប់គ្រង​បំណុល​សាធារណៈ​បានល្អ​ប្រសើរ​, ដាក់ចេញ​នូវ​វិធានការ មុត​ស្រួច​កែទម្រង់​ស៊ី​ជំរៅ​លើ​គ្រប់​វិស័យ ក៏ដូចជា ការបង្កើត​បរិស្ថាន​ធុរកិច្ច​អំណោយផល ជាដើម។ ជាមួយនឹង សមិទ្ធផល​នៃ​ការអភិវឌ្ឍ​កម្ពុជា​បច្ចុប្បន្ន​, ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ ការចូលរួម និង​តួនាទី​យ៉ាងសកម្ម​របស់​ភាគី​មិត្ត ក្នុងការ​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។

បន្ថែម​លើ​ការពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​កម្ពុជា​-​បារាំង សំដៅ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និង​លើកកម្ពស់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា​-​បារាំង​, នៅ​ក្នុង​ជំនួប​ជាមួយ​លោកស្រី Agnès PANNIER-RUNACHER, រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បារាំង​, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចា​រ្យ ឧបនាយក រដ្ឋមន្ត្រី ក៏បាន​ឆ្លៀត​គូស​បញ្ជាក់​អំពី​មូលដ្ឋាន​តថភាព​ជាក់ស្តែង និង​គ្រប់​ជ្រុងជ្រោយ អំពី​ហានិភ័យ​ចំពោះ​ការដក ជាយថាហេតុ​នៃ​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ (EBA) ដោយ​សហភាព​អឺរ៉ុប។ លោកជំទាវ រដ្ឋលេខាធិការ បាន​វាយតម្លៃ​ខ្ពស់​អំពី​ការអភិវឌ្ឍ និង​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចការ​កែទម្រង់​កន្លង មក។ លោកស្រី ក៏បាន​បញ្ជាក់ថា បារាំង និង កម្ពុជា គឺជា​មិត្ត​ដ៏​ល្អ ដែល​មិនអាច​កាត់ផ្តាច់​ពីគ្នា​បាន ហើយ​បារាំង​នឹង នៅតែ​បន្ត​ជំរុញ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ដោយ​តម្រង់​វិស័យ​នៃ​កិច្ច សហប្រតិបត្តិការ របស់​បារាំង​ឲ្យ​ស្របទៅនឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៏​ជាតិ​នានា​របស់​កម្ពុជា ជាពិសេស ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និង​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ជាដើម ។ លោកស្រី​រដ្ឋលេខាធិការ បាន​ជម្រាប​ថា រដ្ឋាភិបាល​បារាំង បាន​យល់ច្បាស់​អំពី​ផលប្រយោជន៍ នៃ EBA ចំពោះ​កម្ពុជា​, លោកជំទាវ នឹង​បន្ត​បង្ហាញ​ការពិត​របស់ កម្ពុជា ចំពោះ​បញ្ហា​នេះ។

ដូចគ្នា​ដែរ Pierre Amilhat ប្រធាន​នាយកដ្ឋាន​អាស៊ី នៃ​សហភាព​អឺរ៉ុប បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ ប្រឹងប្រែង​របស់​កម្ពុជា ក្នុងការ​កែទម្រង់​អភិវឌ្ឍន៍ និង​ការរីកចម្រើន​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់ ។ ក្នុង​ក្របខ័ណ្ឌ​នៃ កិច្ចសហប្រតិបត្តិការ​កម្ពុជា និង សហភាព​អឺរ៉ុប សហភាព​អឺរ៉ុប នៅតែ​តម្រង់ទិស​នៃ​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ អាទិភាព ដូចជា​៖ វិស័យ​អប់រំ កសិកម្ម កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ។ ចំពោះ​គម្រោង​ដែល​បាន​ចុះហត្ថលេខា​រួចហើយ ភាគី​កម្ពុជា​-​សហភាព​អឺរ៉ុប បាន​ជំរុញ​អនុវត្ត​ឲ្យ​មាន​ភាពរលូន និង​ឆាប់រហ័ស។ ជាមួយគ្នានេះ លោក Rèmi Rioux, នាយក​ចាត់ការ​ទូទៅ​នៃ ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) ក៏បាន​បញ្ជាក់​បន្ថែមថា សម្រាប់​កិច្ចសហប្រតិបត្តិការ​បន្ត កម្ពុជា​-AFD នាពេលខាងមុខ ហើយ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​មានបំណង​នឹង​បង្កើន​ទំហំ​ឥណទាន​ប្រចាំឆ្នាំ​របស់ខ្លួន​អោយស្រប នឹង​បរិការណ៍​អភិវឌ្ឍន៍​នៅ​កម្ពុជា។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ចុះហត្ថលេខា​ជាមួយ លោក Rèmi Rioux នាយក​ចាត់ការ​ទូទៅ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ក្នុង​ទឹកប្រាក់​ចំនួន ២៩,១ លាន​អឺរ៉ូ ក្នុងនោះ មាន ឥណទាន​សម្បទាន​ចំនួន ២៥​លាន​អឺរ៉ូ ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ និង​ហិរញ្ញប្បទាន​ឥត​សំណង ចំនួន ៤,១​លាន​អឺរ៉ូ ពី​សហគមន៍​អឺរ៉ុប សម្រាប់​ហិរញ្ញប្បទាន​លើ​គម្រោង​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​បណ្ដាញ​បញ្ជូន និង​ចែកចាយ​អគ្គិសនី ក៏ដូចជា​បង្កើន​ប្រសិទ្ធភាព និង​និរន្តរភាព​ក្នុងការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114