ព័ត៍មានទាន់​ហេតុការណ៏
Search

ចោរ​ដៃ​ស្អិត ​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​រថយន្ត​នៅ​ភូមិសាស្ត្រ​ខេត្ត​កំពត ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​ហើយ

កំពត​ ៖ ​ចោរ​ដៃ​ស្អិត ​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​រថយន្ត​តាម​ភូមិសាស្ត្រ​ខេត្តកំពត កន្លងមក​ត្រូវបាន​សមត្ថ​កិច្ចសហកា​រ​តាម​ប្រមាញ់ ស្រាវជ្រាវ​រហូត​ឈានទៅ​បង្ក្រាប​ជា​បន្តបន្ទាប់​។​

​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​សហការ​ជាមួយ​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ បាន​ឃាត់ខ្លួន​ចោរលួច​រថយន្ត​ដ៏​សកម្ម​ម្នាក់​ឈ្មោះ សុខ វិសាល ហៅ ម៉ាប់​ឬ​នាង ភេទ​ប្រុស ៤០ ឆ្នាំ កំណើត​ភូមិ​ត្រពាំង​ត្រកៀត ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ។

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ត្រង់ចំណុច ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ជាប់ចោទ​ពីបទ​ចោរកម្ម​លួច​រថយន្ត កាលពី​យប់​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា រថយន្ត​ដែល​ចោរ​ខាងលើ​លួចបាន​សម្រេច​នោះ ម៉ាក​បា​ឡែ​ន ស៊េរី​២០០៣ ពណ៌​មាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-5791 ដែល​មាន​ម្ចាស់​ឈ្មោះ អ៊ុយ សារិទ្ធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ត្រង់​ចំណុចកើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ចាប់ខ្លួន​ជននេះ​បាន​សារភាពថា ខ្លួន​បានធ្វើ​សកម្មភាព​លួច​រថយន្ត​ក្នុង​ខេត្តកំពត​ចំនួន ០៤ លើក គឺ ៖
​លើក​ទី​១៖ នៅ​ថ្ងៃទី ០៣ ខែមករា ឆ្នាំ​២០១៩ លួច​រថយន្ត​ចំនួន ០២ គ្រឿង នៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ។​
​លើក​ទី​២៖ នៅ​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ លួច​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ នៅ ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ។​
​លើក​ទី​៣៖ នៅ​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ​២០១៩ លួច​រថយន្ត​បា​ឡែ​ន នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​តានី ស្រុក​អង្គរជ័យ ។​
​និង​លើក​ទី​៤ ៖ នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​២០១៩ លួច​រថយន្ត​បា​ឡែ​ន នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​។​

​ជាមួយគ្នានេះដែរ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គីរីវង់ ខេត្តតាកែវ បាន​សហការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ សុះ តាំ ភេទ​ប្រុស កើត​ឆ្នាំ ១៩៧៥ កំណើត​ភូមិ​បត់​កណ្តោល ឃុំ​បត់​កណ្តោល ស្រុក​បាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់នៅ​មិន​ពិតប្រាកដ (​ចាប់ខ្លួន​នៅកាស៊ី​ណូ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ​)​។​ ជននេះ​បាន​ឆ្លើយ​សារភាពថា បាន​ចូលរួម​លួច​រថយន្ត​នៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក កាលពី​យប់​ថ្ងៃទី ០១ ខែមករា ឆ្នាំ​២០១៩ ។​

​សូមបញ្ជាក់ថា តាម​ចម្លើយសារភាព ជនសង្ស័យ​ទាំងពីរ​នេះ​អះអាងថា គេ​បានធ្វើ​សកម្មភាព​លួច​រថយន្ត​តាម​បណ្តា​ខេត្ត​ផ្សេងទៀត​ជាច្រើន​គ្រឿង​ផងដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ សមត្ថកិច្ច​បាន​កសាង និង​បញ្ជូន​សំណុំរឿង ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕