ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល​ ត្រៀម​រៀបចំ​ផែនការ​១០​ឆ្នាំ​ ដើម្បី​កាត់បន្ថយ​អត្រា​ឈឺ​ និង​ស្លាប់ ​ដោយសារ​ជំងឺ​របេង​

​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​ នឹង​ត្រៀម​រៀបចំ​ផែនការ​រយៈពេល​១០​ឆ្នាំ​ខាងមុខ ​ដើម្បី​កាត់បន្ថយ​អត្រា​ឈឺ ​និង​ស្លាប់​ដោយ​សារ​ជំងឺរបេង​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

លោក វេជ្ជបណ្ឌិត ម៉ៅ តាន់​អ៊ាង ទីប្រឹក្សា​អម​ក្រសួងសុខាភិបាល​និង​ជា​នាយក​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង​និង​ហង់​សិន​បាន​មានប្រសាសន៍ថា​ផែនការ​ឆ្នាំ​២០២១​ដល់​២០៣០​នេះ​នឹងមាន​ដាក់បញ្ចូល​នូវ​វិធីសាស្ត្រ​ស្រាវ ជ្រាវ​រក​ជំងឺរបេង​ថ្មីៗ​ថែមទៀត​រួមមាន​បំពាក់​ម៉ាស៊ីន​ទំនើប​នៅតាម​មន្ទីរពេទ្យ បង្កើន​ការចុះ​ស្រាវ ជ្រាវ​ផ្ទាល់​នៅតាម​ភូមិ ទី​វត្ត​អារាម ពន្ធ​ធានា​គារ​និង​ស្រាវជ្រាវ​ទៅលើ​ក្រុមមនុស្ស​ចាស់ អ្នកមាន​ជំងឺ​ទឹកនោមផ្អែម អ្នក​ផ្ទុកមេរោគ​អេដស៍​និង​កុមារ​ជាដើម​ដើម្បី​ស្វែងរក​អ្នកជំងឺ​ឲ្យ​បាន​ច្រើន​និង​ដាក់​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា​។​

លោក វេជ្ជបណ្ឌិត ម៉ៅ តាន់​អ៊ាង​បាន​បន្តថា​ដើម្បី​ឈា ន​ទៅ​សម្រេច​ផែនការ​រយៈពេល​១០​ឆ្នាំ​ខាងមុខនេះ​កម្មវិធី​ជាតិ​ក៏ត្រូវ​ការ​ធនធាន​ជាច្រើន​សម្រាប់​ដំណើរការ​សេវា​របេង​ដែលមាន​១៣២៥​កន្លែង​នៅ​ទូទាំងប្រទេស ពង្រីក​សេវា​អាទិភាព​មួយចំនួន​ពិសេស​ការដូ​ត​ស៍​សហគមន៍ របេង​កុមារ​និង​ក្រុម​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺរបេង​។​

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ទៀតថា​ ការដាក់ចេញ​ផែនការ​១០​ឆ្នាំនេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ដែល​បាន​កំណត់ថា​នឹង​កាត់បន្ថយ​អត្រា​ស្លាប់​ដោយសារ​ជំងឺរបេង​ឲ្យ​បា ន​៩០​ភាគរយ​និង​កាត់បន្ថយ​អត្រា​អាំង​ស៊ី​ដង់​ឬ​ឆ្លង​ថ្មី​ឲ្យ​បាន​៨០​ភាគរយ​នៅ​២០៣០​ខាងមុខនេះ​ខណៈ​ក្នុង​១​ឆ្នាំៗ​ប្រទេស​កម្ពុជា​បាន​កាត់បន្ថយ​អត្រា​ស្លាប់​បាន​៣​ភាគរយ​និង​អត្រា​អាំង​ស៊ី​ដង់​បាន​២​ភាគរយ ។​

ទន្ទឹមនឹងនេះ​លោក​វេជ្ជបណ្ឌិត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​សង្ស័យ​ថា​ មាន​ឆ្លង​ជំងឺរបេង​ត្រូវ​រួសរាន់​មកកាន់​ប៉ុស្តិ៍​សុខភាព មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​នៅ​ទូទាំងប្រទេស​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​រក​ជំងឺរបេង​ជៀសវាង​ទៅ​ព្យាបាល​នៅតាម​គ្លីនិក​ឯកជន​ ឬ​ផ្សំ​ថ្នាំ​នៅ​ឱសថស្ថាន​ ព្រោះ​ជំងឺរបេង​ត្រូវការ​ព្យាបាល​យូរ​ និង​លេបថ្នាំ​ទៀងទាត់​ដើម្បី​ជៀសវាង​កុំ​ឲ្យ​អ្នកជំងឺ​ស៊ាំ​ថ្នាំ​ដែល​ពិបាក​ក្នុងការ​ព្យាបាល​។​

ចំណែក លោក វេជ្ជបណ្ឌិត សាម សុផាន់ ប្រធាន​អង្គការ​គណៈកម្មាធិការ​សុខភាព​កម្ពុជា​បាន​ស្វាគមន៍​និង​គាំទ្រ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​២០២១ ២០៣០​ទាំងស្រុង​និង​សន្យាថា​នឹង​ខិតខំ​ចូលរួម​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង​ និង​ហង់​សិន​ ដើម្បី​ស្រាវជ្រាវ​រក​ករណី​ជំងឺរបេង​ថ្មីៗ​នៅតាម​សហគមន៍​តាម​គោលដៅ​របស់​អង្គ​ការរួម​មាននៅ​ខេត្តព្រៃវែង កណ្តាល ​និង​ស្វាយរៀង​ឲ្យ​បាន​ច្រើន​ថែមទៀត ​និង​ដាក់​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា ​ដើម្បី​កាត់បន្ថយ​អត្រា​ឈឺ ​និង​ស្លាប់​ដោយ​ជំងឺរបេង​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ​ពិសេស​ស្របទៅតាម​គោលដៅ​របស់​អង្គការ​សហប្រជាជាតិ​។​

គួរ​បញ្ជាក់ថា ​កម្ពុជា​បានសម្រេច​គោលដៅ​អភិវឌ្ឍន៍​សហ​វត្ស​រប​ស់​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៩០​ដល់​២០១៥​រួចហើយ​ក្នុងការ​កាត់បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​អត្រា​អាំង​ស៊ី​ដង់​ និង​អត្រា​ស្លាប់​ដោយ​ជំងឺរបេង​បាន​ពាក់កណ្តាល​ក្នុ​ចំណោម​៩​ប្រទេស​នៅលើ​ពិភពលោក​៕