ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ការងារ នឹង​រៀបចំ​ទិវា​ផ្សព្វផ្សាយ​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​ខេត្ត​សៀមរាប​

ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការ រៀបចំ​វេទិកា «​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​» នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ ខេត្តសៀមរាប រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧-១៨ ខែ​ឧសភា ឆ្នាំ​២០១៩​ដើម្បី​ចែករំលែក​ព័ត៌មាន​ពី​តម្រូវការ​ទីផ្សារការងារ​នៅពេល​បច្ចុប្បន្ន​និង​អនាគត​ដល់​សិស្ស​និស្សិត​។​
​ ​
យោងតាម​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា ​វេទិកា​ស្ដីពី «​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​» រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ ការអប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​សិស្សានុសិស្ស​, យុវជន​, មាតាបិតា​, អាណាព្យាបាល និង​សាធារណជន​ឲ្យ​យល់ច្បាស់​ពី​សារៈសំខាន់​នៃ ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​បង្កើន​ការចុះឈ្មោះ​ចូលរៀន ក្នុង​ប្រព័ន្ធ​នេះ​ឲ្យ​បាន​ខ្ពស់​ស្របតាម តម្រូវការ​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន និង​អនាគត​។​
​ ​
ទន្ទឹមនឹងនេះ ​ក្រសួង ​ក៏​គ្រោង​នឹង​ប្រារព្វ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជា​លើក​ទី​២ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នៅ​ថ្ងៃទី​១៥​និង​១៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ខាងមុខនេះ​។​
​ ​
ការរៀបចំ​ទិវា​ជាតិ​នេះ គឺ​ស្របតាម​អនុក្រឹត្យ​លេខ​១៥០ អនក្រ​.​បក ចុះ​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៧ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​កំណត់​យក​ថ្ងៃទី​១៥ ខែមិថុនា រៀងរាល់​ឆ្នាំ ជា “​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​” ដើម្បី​លើកកម្ពស់​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​សិស្សានុសិស្ស យុវជន​យុវនារី មាតាបិតា អាណាព្យាបាល និង​វិស័យ​ឯកជន ឱ្យបាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងការ​អភិវឌ្ឍ​ជំនាញ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ដល់​កម្លាំង​ពលកម្ម​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ទីផ្សារការងារ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។​

ទិវា​ជាតិ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​វិស័យ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​ ផ្សព្វផ្សាយ​ណែនាំ​អំពី​មុខជំនាញ​បច្ចេកទេស និង​ព័ត៌មាន​អាហារូបករណ៍​ដែលមាន​នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវ​។​តាំង​បង្ហាញ​ពី​ស្នាដៃ​សិស្ស និស្សិត និង​ក្រុមហ៊ុន​ឯកជន​និង​ជំរុញ​ការ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​មហាជន និង​សិស្សានុសិស្ស​ឲ្យ​ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ទីផ្សារការងារ​កំពុងមាន​តម្រូវការ​ខ្ពស់ និង ព្រមទាំង​បង្កើត​ទំនាក់ទំនង​រវាង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ វិស័យ​ឯកជន និង​អង្គការ​ជាតិ និង​អន្តរជាតិ​។​

ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​នេះ គឺជា​សកម្មភាព​មួយ ក្នុងចំណោម​សកម្មភាព​សំខាន់​ផ្សេងៗ ទៀត​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាននិងកំពុង​ខិតខំ​ផ្តួចផ្តើម​សម្របសម្រួល និង​រៀបចំឡើង​ជាមួយ ភាគី​ពាក់ព័ន្ធ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ភាពចាំបាច់​ នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជូន​ដល់​មហាជន ជាពិសេស ក្មួយៗ​សិស្ស​និស្សិត និង​យុវជន​យុវនារី ដែល​តែងតែមាន​ការបារម្ភ​អំពី​ការជ្រើសរើស​ជំនាញ​និង​គ្រឹះស្ថាន​សម្រាប់​សិក្សា​បន្ត​ក្នុងការ​អភិវឌ្ឍ​ជំនាញ​ដែល​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ឥរិយាបថ​ការងារ និង​សីល​ធ៌​ម​វិជ្ជាជីវៈ ដើម្បី​អាចឈាន​ចូលទៅក្នុង​ទីផ្សារការងារ​ដោយ​ជោគជ័យ និង​ទទួលបាន​ប្រាក់ចំណូល​កាន់តែ​ប្រសើរ​។

​ជាមួយគ្នានេះដែរ ទិវា​ជាតិ​នេះ ក៏​ជាការ​ប្រមូលផ្តុំ​នូវ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ដែល​រួមមាន គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្រុមហ៊ុន​ឯកជន អង្គការ សមាគម និយោជក និង​វាគ្មិន​ជំនាញ ដែល​នឹង​ផ្តល់ឱកាស​ដល់​ក្មួយៗ​សិស្ស​និស្សិត និង​យុវជន​យុវនារី​បាន​ជួប​ផ្ទាល់​ដើម្បី​ទទួល​បាន​នូវ​ព័ត៌មាន បទពិសោធន៍ និង​មគ្គទេសក៍​អំពី​ការអប់រំ​បណ្តុះបណ្តាល​ជំនាញ ការបង្កើត អាជីព និង​ជម្រើស​ការងារ​សម្រាប់​អនាគត​របស់ខ្លួន​។​

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សង្ឃឹមថា​ទិវា​ជាតិ​នេះ នឹងមាន​ការចូលរួម​ពី​សិស្ស​និស្សិត​និង​ក្រុមហ៊ុន​ដៃគូ​ជាច្រើន​ខណៈ​កាលពី​ឆ្នាំមុន​មាន​គ្រឹះស្ថាន​បណ្តុះបណ្តាល​ក្រោម​ឱវាទ​ក្រសួង​ចំនួន ២៦ ក្រសួង​ស្ថាន​ប័ន និង​គ្រឹះ​បណ្តុះបណ្តាល​នានា​ចំនួន ១៥​អង្គការ និង​ដៃគូ​អភិវឌ្ឍ​ចំនួន ១១ និង​ក្រុមហ៊ុន​ឯកជន​ចំនួន ២១ ស្ថាន​ប័ន ដែល​បាន​ដាក់តាំង​បង្ហាញ​ពី​ស្នាដៃ​សិស្ស និស្សិត​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើ​ជំនាញ​មួយចំនួន​ដូចជា អគ្គិសនី អេឡិចត្រូនិក មេកានិច​សំណង់​ស៊ីវិល ស្ថាបត្យកម្ម ទេសចរណ៍ សុខាភិបាល និង​បដិសណ្ឋារកិច្ច ប្រព័ន្ធ​ព័ត៌មាន​វិទ្យា និង​សេវាកម្ម ជាដើម ជាពិសេស​ការ​ដាក់​តាំង​បង្ហាញ​នូវ​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ផ្នែក​ឯកជន​ដែល​បាននិងកំពុង​ប្រើប្រាស់​អ្នក​ជំនាញ​បច្ចេកទេស​លើ​ទីផ្សារ​ការងារ ក៏ដូចជា​ការ​ប្រឹក្សា​យោបល់​អំពី​ជំនាញ និង​ការងារ និង​ព័ត៌មាន​អំពី​អាហារូបករណ៍​ផង​ដែរ​។​

ទិវា​ជាតិ​នេះ​បាន​ធ្វើ​ឲ្យ​សាធារណជន ប្អូនៗ​សិស្សានុសិស្ស នឹង​ទទួល​អត្ថប្រយោជន៍​ដ៏​មាន​សារៈ​សំខាន់​អំពី​ព័ត៌មាន ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​បន្ថែម​ពី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ តាមរយៈ​បទ​បង្ហាញ​របស់​វាគ្មិន ក៏ដូចជា​ការ​ទស្សនា​កា​រដាក់​តាំង​បង្ហាញ និង​ពន្យល់​បន្ថែ​ម​តាម​បញ្ជរ​នីមួយៗ​នាឱកាស​នេះ ជាពិសេស​ជំនាញ​ដែល​កំពុងមាន​តម្រូវ​ក្នុង​ទីផ្សារការងារ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដើម្បី​ជា​មូលដ្ឋានគ្រឹះ​មួយ​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​មក​សិក្សា​ឲ្យ​ស្របតាម​ទីផ្សារ​ការងារ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114