ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​

​​ឧ​ត្ត​រ​មានជ័យ ​៖ ​លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការ​នគរបាល​ក្រុង​សំរោង បាន​ចាត់​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្មាច់ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរង ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន ធ្វើការ​បង្ក្រាប ករណី​ជួញដូរ នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ១​ករណី ​កាលពី​វេលា​ម៉ោង​១៩​និង​០០​នាទី​យប់ ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងមុខ​ចំណត​ឡានក្រុង​អូរ​ស្មាច់ ស្ថិតនៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។​

​សមត្ថកិច្ច​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​យើង​បានធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​០២​នាក់ មានឈ្មោះ​ដូចខាងក្រោម ៖
​ទី​១.​ឈ្មោះ ឈ​ង់ វូ​ន ភេទ​ប្រុស អាយុ​២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ធ្លក ឃុំ​ត្រាំសសរ ស្រុក​ស្រីស្នំ ខេត្ត​​សៀមរាប​។
​ទី​២.​ឈ្មោះ យូ សៀវ​ភី​ញ ភេទ​ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ជ្រោយ ឃុំ​ជ្រោយ ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា ​ជាមួយ​នឹង​ការ​ឃាត់​ខ្លួន​នេះ ​កម្លាំង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE ម៉ា​ទឹកកក​ចំនួន​០១​កញ្ចប់​ធំ ស្មើ​នឹង៤៣,៦៧​ក្រាម​ និង រថយន្ត១​គ្រឿង ពណ៌​ស ម៉ាក​តូយ៉ូតា​គ្រី​ស ស៊េរី​ឆ្នាំ​១៩៩៤ ទូរស័ព្ទ​ដៃ ចំនួន០៣​គ្រឿង កាបូប​ចំនួន០១ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន០១​សន្លឹក។​

បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង​ខាងលើ ​ត្រូវបាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ ​សាកសួរ​ និង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​៕​