ព័ត៍មានទាន់​ហេតុការណ៏
Search

គឹម វាសនា សាក​កណ្ដាប់ដៃ​ជាមួយ​ជើង​ខ្លាំង​ថៃ វី​ណៃ​ណ​យ នៅ​សង្វៀន​TV5

គឹម វាសនា អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​សាក​កណ្តាប់ដៃ ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ឈ្មោះ វី​ណៃ​ណ​យ (Vinaynoy) នៅ​សង្វៀន​ទូរទស្សន៍​កង​យោធពល​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥ TV5 ព្រែកកំពឹស នា​យប់​ថ្ងៃ​សៅរ៍ ទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០១៩​នេះ​។​

វី​ណៃ​ណ​យ នេះ បើតាម​ការ​អួត​ឲ្យ​ដឹង​របស់លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នោះ​ថា ណៃ​ណ​យ ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ គេ​វាយ​ល្អ​ និង​ខ្លាំង​ណាស់ ហើយ​បច្ចុប្បន្ន​គេ​កំពុង​គ្រប់គ្រង​ខ្សែ​ក្រវាត់​ច្រើនណាស់។

គឹម វាសនា និង វី​ណៃ​ណ​យ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧គីឡូក្រាម។ គឹម វាសនា អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ធ្លាប់​ជួប​អ្នក​ប្រដាល់​បរទេស​ច្រើន​នាក់​ហើយ ដោយ​វាយ​ឈ្នះ​ច្រើនជាង​ចាញ់​០៥​លើក ដែល​ការប្រកួត​ចុងក្រោយ​របស់គេ​នោះ គឺ​បាន​វាយ​ផ្តួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ឈ្មោះ ម៉ូ​ហ៊ី​ន អោយ​សន្លប់​ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​១២​ឧសភា​កន្លងមកនេះ។

ទោះជា​យ៉ាងណា រវាង​គឹម វាសនា និង វី​ណៃ​ណ​យ នេះ មិនដឹងថា អ្នកណា​ជា​អ្នកឈ្នះ​ទេ សម្រាប់​ការ​ជួបគ្នា​លើកដំបូង​នេះ? ព្រោះថា អ្នក​ប្រដាល់ វី​ណៃ​ណ​យ នេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំង ដែល គឹម វាសនា មិនអាច​មើលស្រាល​គេ​បាន​ឡើយ។ ចាំមើល តើ ​គឹម វាសនា អាច​យកឈ្នះ វី​ណៃ​ណ​យ បាន​ឬ​អត់​នោះ?។​

បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី ​លោក ថៃ អ៊ូ​នោះ អ្នក​ប្រដាល់​ថៃ វី​ណៃ​ណ​យ នេះ គេ​មាន​កំណត់ត្រា​ប្រកួត​ច្រើន​មិន​ខ្វះ​ពីមួយ​រយ ពីរ​រយ​លើក​នោះទេ។

ប៉ុន្តែ​សម្រាប់​អ្នក​ប្រដាល់​កម្ពុជា គឹម វាសនា​វិញ គេ​មាន​កំនត់ត្រា​៨៦​លើក ក្នុងនោះ​ឈ្នះ​៦៨​លើក ចាញ់​១៦​លើក ស្មើ​០២​លើក៕