ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រព័ន្ធ​លូ​រំដោះ​ទឹក​ប្រវែង​៥១០​ម៉ែត្រ ​នៅ​ចំណុច​ភូមិ​៣​ ដែល​ភ្លៀង​មក​លិចលង់​ខ្លាំង​នោះ ​ត្រូវ​បាន​ក្រុម​ជំនាញ​យក​គ្រឿងចក្រ​ជីក​ដាក់​លូ​ ដើម្បី​បញ្ចៀស​ការ​លិចលង់​ហើយ​

​បន្ទាយមានជ័យ ៖ ​កាលពី​រសៀល​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩​ លោក ​អ៊ុំ​ រាត្រី អភិបាលខេត្ត​បន្ទាយមាន​ជ័យ និង​ក្រុមការងារ​ជាច្រើន​នាក់ ​បាន​ចុះ​ពិនិត្យមើល​សកម្មភាព​ការងារ​គ្រឿងចក្រ​កំពុង​រៀបចំ​កាយ​ប្រឡាយ​ដាក់​ប្រព័ន្ធ​លូ ​ដើម្បី​រំដោះ​ទឹក​ប្រវែង​៥១០​ម៉ែត្រ នៅ​ចំណុច​រថយន្ត​បេនឡាន​ចាស់​ដាក់​ត​ភ្ជាប់​ទៅកាន់​អាង​ចម្រោះ​ទឹក ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ព្រោះ​កន្លែង​នេះ​ឲ្យ​តែមាន​ភ្លៀង​ធំ​ធ្លាក់​មក​ម្តងៗ​មានទឹក​ជន់​លិចលង់​ខ្លាំង​លើ​ទ្រូងផ្លូវ និង​ក្នុង​ចំណតរថយន្ត។​

លោក​ អ៊ុំ ​រាត្រី​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹងថា​ ដើម្បី​រក​ដំ​ដោះស្រាយ​បញ្ចៀស​ការ​ស្ទះ​ប្រព័ន្ធ​លូទឹក​ឲ្យ​បាន​ទាន់ពេលវេលា ដោយ​រដូវ​នេះ​ជា​រដូវវស្សា​បាន​ឈានចូល​មកដល់ ពិសេស​ទីតាំង​ខាង​លើ​តែងតែ​មានការ​ជន់​លិច នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ធំ​ម្តងៗ​។ ជាមួយនឹង​ដំណោះស្រាយ​ នៃ​ការ​បញ្ចៀស​ការ​ស្ទះ​ប្រព័ន្ធ​លូ​នៅ​បេនឡាន​ចាស់​នាឱកាស​នោះដែរ ​លោក​បាន​ជំរុញ​ឲ្យ​ក្រុម​ជំនាញ​យក​គ្រឿងចក្រ​កាយ​ប្រឡាយ​ដាក់​ប្រព័ន្ធ​លូ​ដែល​មាន​ប្រវែង​៥១០​ម៉ែត្រ​ ហូរ​ចាក់​ចូលទៅក្នុង​ស្ទឹង ព្រម​ជា​មួយនឹង​ការស្តារ​ប្រព័ន្ធ​លូ​ប្រវែង​ជាង​២០០​ម៉ែត្រ ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ពិសេស​លោក​បានធ្វើការ ជំរុញ​ឲ្យ​អាជ្ញាធរ​ចៅសង្កាត់ មេភូមិ ត្រូវ​ធ្វើការ​ជូនដំណឹង​ដល់​ម្ចាស់ផ្ទះ​ដែល​រង​ផល​ប៉ះពាល់ ដើម្បី​ធ្វើការ​ដោះស្រាយ និង​សុំ​ឲ្យ​ពួកគាត់​ចូលរួម​សហការ​ជាមួយនឹង​អាជ្ញាធរ​ដើម្បី​ឲ្យ​ដំណើរ​ការ​ទាន់ពេលវេលា​។

​លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ចំពោះមុខរ​អាជ្ញាធរ​ក្រុង​ និង​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​ដាក់​លូ​បង្ហូរទឹក​ស្អុយ​នៅ​ម្តុំ​សាលា​គរុកោសល្យ​ និង​វិក្រិតការ​ខេត្ត​ ត្រូវ​កែ​ដាក់​លូ​រំដោះ​ទឹកភ្លៀង​ឲ្យ​ធំ​ជាង​មុន ធានា​ទាំង​គុណភាព​បង្ហូរទឹក ទាំង​រយៈពេល​ប្រើប្រាស់​បានយូរ​ហើយ​ចំពោះមុខ​ ក៏ត្រូវ​ដោះស្រាយ​ឲ្យ​អាជីវករ​ និង​ពលរដ្ឋ​ដែល​ចាក់ដី​លុបមុខ​ទឹក​កាយ​ដី​ចេញ​ផងដែរ​។​

លោក​សង្ឃឹមថា ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ធ្វើការ​យោគយល់ ​និង​ចូលរួម​សហការ និង​ចូលរួម​ថែរក្សា​បរិស្ថាន សណ្ដាប់ធ្នាប់​សាធារណៈ ទុកដាក់​សំរាម​ឲ្យ​បាន​មាន​រៀប​រាប់រយ ដើម្បី​ក្រុង និង​ខេត្ត​ឲ្យ​កាន់​មាន​សណ្ដាប់ធ្នាប់ និង​បរិស្ថាន​ល្អប្រសើរ​ផងដែរ៕


TAG