ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ ម៉ឹង សំផន ជំរុញ​ឲ្យ​ក្រុមការងារ​ ត្រូវ​បង្កើន​ការគ្រប់គ្រង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ របស់​គណបក្ស​ឲ្យ​បាន​ល្អ ដោយ​ខិតខំ​ពង្រឹង​សាមគ្គីភាព ឯកភាព​គ្នា​ឲ្យ​បាន​រឹងមាំ​ ​

ស្វាយរៀង ​៖​ លោក ម៉ឹង សំផន សមាជិក​គណៈកម្មាធិការ​កណ្តាល ​និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តស្វាយរៀង​បាន​ថ្លែង​ទៅកាន់​អង្គ​បោះឆ្នោត​ជាង​១០០​នាក់​ថា ​ក្រុមការងារ​បក្ស​ត្រូវ​បង្កើន​ការគ្រប់គ្រង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស​ឲ្យ​បាន​ល្អ ដោយ​ខិតខំ​ពង្រឹង​សាមគ្គីភាព ឯកភាព​គ្នា​ឲ្យ​បាន​រឹងមាំ​ជំរុញ​ការដឹកនាំ​របស់​គណបក្ស​ឲ្យ​ទទួលបាន​ជោគជ័យ​។​

ការ​ថ្លែង​របស់ លោក ម៉ឹង សំផន ​បែបនេះ​បានធ្វើ​ឡើង​ក្នុង​ពិធី​ប្រកា​ស​ទទួល​ស្គាល់​ក្រុមការងារ​គណៈកម្មាធិការ​កណ្ដាល​ ចុះ​ជួយ​ក្រុង​បាវិត​ និង​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ ទូទាំង​ខេត្ត​ ដែល​ជា​អង្គ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ខេត្ត ស្រុក ក្រុង អាណត្តិ​ទី ៣​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​ឧសភា ​ឆ្នាំ​២០១៩ ​ដែល​មាន​អង្គ​បោះឆ្នោត​ចូលរួម​ជាង​១០០​នាក់​ផង​ដែរ​។​

លោក​បាន​ជំរុញ​ដល់​អង្គ​បោះឆ្នោត​ថា ត្រូវ​បន្ដ​ជំរុញ​អប់រំ​ផ្សព្វផ្សាយ តាម​គ្រប់​រូបភាព​ឲ្យ​បាន​ទូលំទូលាយ និង​ស៊ីជម្រៅ​ក្នុង​គ្រប់​ស្រទាប់​ប្រជាជន ពិសេស​ស្រទាប់​យុវជន អំពី​សភាពការណ៍​រីក​ចម្រើន​របស់​ប្រទេសជាតិ អំពី​គោលនយោបាយ​នានា​របស់​គណបក្ស និង​រាជរដ្ឋាភិបាល​អំពី​ភាពជា​ម្ចាស់​របស់​ប្រជាជន និង​វាយបក​រាល់​ការឃោសនា​អកុសល​របស់​ពួក​ប្រឆាំង ដើម្បី​បង្កើន​ជំនឿ​របស់​ប្រជាជន​ចំពោះ​ការដឹកនាំ​របស់​គណបក្ស និង​រាំង​ស្កាត់​ឧបាយកល​បំផ្លិចបំផ្លាញ​របស់​ពួក​ប្រឆាំង និង​អមិត្ត​។ ត្រូវ​ចេះ​យកចិត្ត យក​ថ្លើម និង​សន្សំ​ពិន្ទុ​ជាមួយ​ប្រជាជន តាមរយៈ​ប្រសិទ្ធភាព​ការងារ​ប្រចាំថ្ងៃ និង​តាមរយៈ​អំពើ​ល្អ​របស់​យើង ពិសេស​ការផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ទូទៅ នេះ​ជា​កាតព្វកិច្ច​របស់​មន្ត្រី​បក្ស​យើង ចំពោះ​ប្រជាជន​។​

លោក​បាន​បញ្ជាក់ថា​ ដោយ​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី៣​នេះ ត្រូវធ្វើ​ឡើង​ក្នុង​រយៈពេល៨ថ្ងៃ​ជាប់ៗ​គ្នា គឺ​ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩ ហើយ​ត្រូវ​បញ្ចប់​២៤​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត ដូច្នេះ យើង​នៅសល់តែ​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ដល់​ថ្ងៃ​បោះឆ្នោត​ហើយ ដូចនេះ ក្នុង​រយៈពេល​នេះ ទាំង​ក្រុមការងារ ទាំង​ស្រុក​-​ក្រុង ត្រូវ​ប្រមូលផ្ដុំ​ធ្វើ​សកម្មភាព​ចាំបាច់​មួយចំនួន ​៖ ​ត្រូវខិតខំ​ទប់ស្កាត់​រាល់​សកម្មភាព ដែល​ប៉ុនប៉ង​បំបែកបំបាក់​ផ្ទៃក្នុង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ របស់​យើង ឬ​ក្នុង​ជួរ​បេក្ខជន ឬ​នៅ​ក្នុង​ផ្ទៃក្នុង​របស់​គណបក្ស។​ និង​ណែនាំ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ របស់​យើង​ឲ្យ​ស្គាល់​លំដាប់​លេខ​រៀង​គណបក្ស លើ​សន្លឹកឆ្នោត និង​ណែនាំ​ការ​គូស​សន្លឹកឆ្នោត ព្រមទាំង​របៀប​បោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​។ ​ត្រូវ​រួមគ្នា​ម្ចាស់ការ​វាយបក​ឲ្យ​បាន​ទាន់ពេលវេលា រាល់​ការឃោសនា​មួលបង្កាច់ និង សកម្មភាព​បំផុសបំផុល ញុះញង់​អុជអាល​របស់​ក្រុមប្រឆាំង​តាម​គ្រប់​រូបភាព​ទៅតាម​មូលដ្ឋាន។​

លោក​បាន​បន្តទៀតថា ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា គឺជា​ការបោះឆ្នោត​អសកល​ ដែល​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅក្នុង​តំណែង​ជា​អង្គ​បោះឆ្នោត​។ ការបោះឆ្នោត​នេះ មានការ​ខុស​ប្លែក​ពី​ការបោះឆ្នោត​សកល ដោយ​អ្នកបោះឆ្នោត​ម្នាក់ៗ ត្រូវ​បោះឆ្នោត​ពីរ​សន្លឹក ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា តាម​ប្រភេទ​នីមួយៗ និង​មាន​ហិប​ឆ្នោត​ចំនួន​ពីរ ៖​ សន្លឹកឆ្នោត​ទី១ មាន​ពណ៌​លឿង ប្រើ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក ក្រុង សម្រាប់​ដាក់​ក្នុង​ហិប​ឆ្នោត​មួយ។​

សន្លឹកឆ្នោត​ទី២ មាន​ពណ៌​ស ប្រើ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត សម្រាប់​ដាក់​ក្នុង​ហិប​មួយ​ផ្សេងទៀត។ ដូចនេះ សូម​អង្គ​បោះឆ្នោត​ទាំងអស់ មេត្តា ប្រុងប្រយ័ត្ន​កុំ​ឲ្យ​មានការ​ខុសឆ្គង​ដោយ​ប្រការ​ណាមួយ​ឲ្យ​សោះ។

លោក​បាន​បន្តថា ​សន្លឹក​ឆ្នោត​សម្រាប់​បោះ​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត មាន​៣​គណបក្ស ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឈរ​លេខ​រៀង​ទី៣ ក្នុង​សន្លឹកឆ្នោត។ ឯ​សន្លឹកឆ្នោត ជ្រើសរើស​ក្រុង​-​ស្រុក មានតែ២គណបក្ស​ប៉ុណ្ណោះ សម្រាប់​ស្រុក​ចន្ទ្រា និង​ស្រុក​កំពង់រោទិ៍ គណបក្ស​ប្រជាជន​កម្ពុជា ឈរ​លេខ​រៀង​ទី១ ឯ​ស្រុក​-​ក្រុង ក្រៅពីនេះ គណបក្ស​ប្រជាជន​កម្ពុជា ឈរ​លេខ​រៀង​ទី២ ត្រូវ​ចងចាំ​ឲ្យ​បាន​ច្បាស់លាស់។​

លោក​បាន​ថ្លែង​បាន​បន្តទៀតថា ​លោក លោកស្រី សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ ជា​អង្គ​បោះឆ្នោត​ទាំងអស់ ត្រូវខិតខំ​ថែរក្សា​សុខភាព​របស់ខ្លួន​ឲ្យ​បាន​រឹងមាំ​ជាប់​ជានិច្ច និង​ប្រុងប្រយ័ត្ន​ឲ្យ​​ហ្មត់ចត់​ទាំង​ការ​ហូបចុក ទាំង​ការ​ធ្វើ​ដំណើរ ទាំង​ការ​ស្នាក់អាស្រ័យ ហើយ​ម្យ៉ាងទៀត​ត្រូវ​ថែរក្សា​ឯកសារ សម្រាប់​បម្រើការ​បោះឆ្នោត ដូចជា ​៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ “​ប័ណ្ណ​សំគាល់ សមាជិក​ក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​” ឲ្យ​បាន​ម៉ត់ចត់ ករណី​បាត់ ឬ​ខូច ត្រូវ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា ព្រោះ​ចំណុច​នេះ​សំខាន់​ណាស់​។​

ល្ងាច​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​ រួមជាមួយ​គណបក្ស​ស្រុក​-​ក្រុង ទាំងអស់ ត្រូវ​ធានា​ការ​ប្រមូល​ត្រួតពិនិត្យ​ម្ដងទៀត អ្នកបោះឆ្នោត​តាម​ស្រុក​-​ក្រុង​នីមួយៗ និង​ជួយ​ដោះស្រាយ​ការ​ស្នាក់​នៅ ការហូបចុក ជូន​អង្គ​បោះឆ្នោត នៅតាម​ទីស្នាក់ការ​គណបក្ស​ស្រុក​-​ក្រុង​របស់​ខ្លួន។​ នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រុមការងារ និង​គណបក្ស​ស្រុក​-​ក្រុង ត្រូវ​ណែនាំ អ្នកបោះឆ្នោត ដោយ​ប្រគល់​ភារកិច្ច​ជូន​ប្រធាន​ក្រម​ប្រឹក្សា​ឃុំ​-​សង្កាត់ នីមួយៗ​ទទួលខុសត្រូវ​ដឹកនាំ សមាជិក​ក្រុមប្រឹក្សា​របស់​ខ្លួន​ចេញទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា ចាប់ពី​ម៉ោង៧ព្រឹក​តទៅ។​

លោក ម៉ឹង សំផន ​បាន​បន្តថា​ ក្រុមការងារ និង​គណបក្ស​ស្រុក​-​ក្រុង​ទាំងអស់ ត្រូវ​សហការ​​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ធានា​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អប្រសើរ ពិសេស​ត្រូវ​ការពារ​ទាំ​ង​មណ្ឌល និង​ការិយាល័យ​បោះឆ្នោត ការពារ​សុវត្ថិភាព​ជូន​បេក្ខជន​ឈរ​ឈ្មោះ និង​ការពារ​លទ្ធផល​បោះឆ្នោត ព្រមទាំង​គ្រប់គ្រង​សភាពការណ៍​ក្រោយ​ការបោះឆ្នោត​ឲ្យ​បាន​ល្អ​ប្រសើ​រ ហើយ​ត្រូវ​រាយការណ៍​ជូន គណៈ​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត នូវ​លទ្ធផល​នៃ​ការបោះឆ្នោត សភាពការណ៍​ផ្សេងៗ​ឲ្យ​បាន​ទៀងទាត់ តាម​ការ​ជាក់ស្ដែង៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114