ព័ត៍មានទាន់​ហេតុការណ៏
Search

មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ជួប​សម្តែង​ការគួរសម​ជាមួយ អនុរដ្ឋមន្ត្រី​ទី​១ ក្រសួង​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ កងទ័ព​ប្រជាជន​វៀតណាម​

ភ្នំពេញ ៖ នៅ​ថ្ងៃ​ពុធ ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ពជើងគោក​ជួប​សម្តែង​ការគួរសម​ជាមួយ ឧត្ដមសេនីយ៍​ឯក​បម្រុង ផាន វ៉ាន់​ហ្សា​ង (Phan Van Giang) អនុរដ្ឋមន្ត្រី​ទី​១ ក្រសួង​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ កងទ័ព​ប្រជាជន​វៀតណាម។​

ឧត្ដមសេនីយ៍​ឯក ផាន វ៉ាន់​ហ្សា​ង (Phan Van Giang) អនុរដ្ឋមន្ត្រី​ទី​១ ក្រសួង​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ កងទ័ព​ប្រជាជន​វៀតណាម បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​របស់​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​ នៃ​កងទ័ពជើងគោក​កម្ពុជា​ក្នុង​ឱកាស​ឧត្ដមសេនីយ៍​ឯក និង​គណៈប្រតិភូ​បំពេញបេសកកម្ម​ផ្លូវការ​នៅក្នុង​ប្រទេស​វៀតណាម​។ អនុរដ្ឋមន្ត្រី​ទី​១ ក្រសួង​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ រូបនេះ​បាន​លើកឡើងថា ប្រទេស​វៀត​ណាម និង​ប្រទេស​កម្ពុជា ជា​ប្រទេសជិតខាង និង​មាន​ប្រវត្តិសាស្ត្រ​រួមគ្នា​ក្នុងការ​ប្រយុទ្ធ​ ដើម្បី​ឯក​រាជ្យ​ប្រទេស​រៀងៗ​ខ្លួន​។

លោក​ឧត្ដមសេនីយ៍​បន្តថា កងទ័ព​ប្រជាជន​វៀតណាម នៅតែ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ល្អ​ជាមួយ​កងយោធពលខេមរភូមិន្ទ និង​បន្ត​គាំទ្រ​កងយោធពល​ខេមរភូមិន្ទ​ក្នុងការ​អភិវឌ្ឍន៍​សមត្ថភាព​យោធិន​។

ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ ដល់​រដ្ឋាភិបាល និង​កងទ័ព​ប្រជាជន​វៀត​ណាម​ដែល​បាន និង​បន្ត​គាំទ្រ​ដល់​កងយោធពលខេមរភូមិន្ទ ទាំង​ក្នុង​សម័យ​សង្គ្រាម និង​ពេល​បច្ចុប្បន្ន​។

លោក​ឧត្ដមសេនីយ៍ មានជំនឿថា ​ដំណើរ​ទស្សនកិច្ច​នេះ នឹង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​បន្ថែម​ទៀត​៕​