ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ម៉ាក​ATOZ បុក​ម៉ូតូ​ម៉ាក HONDA C125 ពីក្រោយ ​ស្លាប់​មនុស្ស​ម្នាក់​

ភ្នំពេញ ៖ រថយន្ត​ម៉ាក​ATOZ បើកបរ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន បាន​បុក​ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA C125 ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ កាលពី​វេលា​ម៉ោង​២១និង​៤០នាទី ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ ឧសភា ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខផ្ទះ​ឈ្មោះ ឆ្នុក សំបូរ លើផ្លូវ​លេខ​១៥១ ភូមិធំ​ជើង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

រថយន្ត​បង្ក​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ម៉ាក ATOZ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-1435 ធ្វើ ដំណើរ​លើផ្លូវ​លេខ​១៥១ ក្នុងទិសដៅ​ពី​លិចទៅ​កើត អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​គេចខ្លួន​ពី​កន្លែងកើតហេតុ​)​។ ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AK-2998 ធ្វើដំណើរ​ក្នុងទិសដៅ​កើ​តទៅ​លិច​(​ទិសដៅ​ច្រាស់​គ្នា​) បើកបរ​ដោយ​ឈ្មោះ សុខ ប៊ុនធឿន ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្នល់​បន្ទាយ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​(​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។​

ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក ATOZ ពណ៌​ខ្មៅ ធ្វើដំណើរ​លើផ្លូវ​លេខ​១៥១ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​លុះ​មកដល់​កន្លែង កើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​រងគ្រោះ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​អ្នកបើក​ម៉ូតូ​នៅ​កន្លែងកើតហេតុ​តែម្តង​។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងករណីនេះ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​០១​នាក់ ម៉ូតូ​ខូចខាត​ធ្ងន់​០១​គ្រឿង រថយន្ត​ខូចខាត​ធ្ងន់​០១​គ្រឿង មូលហេតុ​បណ្តាលមកពី​រថយន្ត បើកបរ​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​។ ក្នុងករណីនេះ​ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ បាន​ប្រគល់​ជូន​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​៕