ព័ត៍មានទាន់​ហេតុការណ៏
Search

ត្រៀម​បណ្ដេញចេញ​ស្ត្រីជន​ជាតិចិន​ម្នាក់​ ពាក់ព័ន្ធ​បទល្មើស​សេដ្ឋកិច្ច​ នៅ​ប្រទេស​ចិន​

ភ្នំពេញ ៖ ស្ត្រីជន​ជាតិ​ចិន​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ​នៃ​ក្រសួងមហាផ្ទៃ ប្រគល់​ឲ្យ​នគរបាល​អន្តោប្រវេសន៍ ដើម្បី​ត្រៀម​បណ្ដេញ​ចេញ​ទៅ​ប្រទេស​កំណើត​វិញ។

ស្ត្រីជន​ជាតិចិន​នេះ ​ឈ្មោះ XU DAJIAN មាន​ឆ្នាំ​កំណើត​១៥កញ្ញា ឆ្នាំ​១៩៦៨ គ្មាន​លិខិតឆ្លងដែន។ ឥឡូវនេះ ជនសង្ស័យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​បណ្ដោះអាសន្ន​របស់​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​រង់ចាំ​ការ​បណ្ដេញចេញ។​

លោកស្រី XU DAJIAN ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ចាប់​ខ្លួន​កាលពីដើម​ខែឧសភា ឆ្នាំ​២០១៩​នេះ ពាក់ព័ន្ធ​ករណី​ចូលមក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ក្រោយពី​រូបគាត់​បាន​ពាក់ព័ន្ធ​ក្នុង​បញ្ហា​បទល្មើស​សេដ្ឋកិច្ច​ដែលមាន​ផលប៉ះពាល់ ព្យសនកម្ម​មាន​ទឹកប្រាក់​រហូតដល់​ទៅជា​ង​៣​លាន​ដុល្លារ​អាមេរិក។ ដោយ​គ្មាន​មធ្យោបាយ​ដោះស្រាយ​បាន លោកស្រី XU DAJIAN បាន​រត់គេចខ្លួន​មក​រស់នៅ​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា ទើប​នគរបាល​ប្រទេស​ចិន​ស្នើឲ្យ​នគរបាល​កម្ពុជា​ឃាត់ខ្លួន​លោកស្រី XU DAJIAN ដើម្បី​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ៕