ព័ត៍មានទាន់​ហេតុការណ៏
Search

គិត​ត្រឹម​ខែឧសភា​ឆ្នាំ​២០១៩​នេះ រាជធានី​ភ្នំពេញ​មាន​អតីត​យុទ្ធជន​កម្ពុជា​​៩៣១៨​នាក់ ​ដែល​សមាគម​កំពុង​យកចិត្តទុកដាក់​

ភ្នំពេញ ៖ គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០១៩​នេះ រាជធានី​ភ្នំពេញ​មាន​អតីត​យុទ្ធជន​កម្ពុ​ជា​សរុប​ចំនួន​៩៣១៨​នាក់ ហើយ​ក្នុង​ចំនួន​នេះ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​យកចិត្តទុកដាក់ ដូចជា​ការផ្តល់​ការសាងសង់​ផ្ទះ​ជូន​ការ​ផ្តល់​ដី​ដែល​មាន​ស្រាប់ ការ​ជួស​ជុល​ផ្ទះ ការស្នើសុំ​ដី​ និង​ផ្ទះ​ទៅ​រស់​តាម​បណ្ដា​ខេត្ត​នានា​ជាដើម​។​

នេះ​បើតាម​ការបង្ហាញ​ឲ្យ​ដឹង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១២ ទិវា​អតីត​យុទ្ធជន​ម​កម្ពុជា​២១ ​ខែ​មិនា ដែល​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ​ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ក្រោម​វត្តមាន លោកស្រី​ កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ លោក ​ឃួ​ង​ស្រេង​អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​រាជធានី​ភ្នំពេញ​។​

លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន ​និង​នីតិសម្បទា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន ​និង​នីតិសម្បទា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​គ្រប់គ្រង​ធ្វើ​របប​គោលនយោបាយ​ដល់​អតីត​យុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០១៩​ មាន​ចំនួន​សរុប​៩៣១៨​នាក់ ក្នុងនោះ​រួមមាន ជន​ពិការ​១២៦១​នាក់ គ្រួសារ​ពលី​១២១២​នាក់ គ្រួសារ​មរណៈ​៥៨២​នាក់ និវត្តជន​៣៦៨៤​នាក់ ជន​បាត់បង់​ពលកម្ម​៦៧​នាក់ បន្ទុក​៩៩១៨​នាក់ កូន​២៤១៤​នាក់​។

គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​ចងក្រង​ជា​សមាជិក សមាគម​នៅ​តាម​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៨៨០៦​នាក់​។ ​បាន​ចុះ​សួរ​សុខ​ទុក្ខ​សមាជិក​សមាគម​ដែល​មាន​ជំងឺ​សម្រាក​នៅ​តាម​មន្ទីរពេទ្យ​ និង​នៅ​តាម​ផ្ទះ​បាន​ចំនួន​១៤៨​គ្រួសារ​។​ បាន​បង្កើត​គណៈកម្មកា​រ​ចុះ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ បាន​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​លើ​សំណើ​សុំ​របស់​សមាជិក សមាគម​ដែល​ក្រីក្រ ស្នើសុំ​សង់ផ្ទះ​ចំនួន​២៤​ខ្នង ជួសជុល​ផ្ទះ​ចំនួន​៣២​ខ្នង និង​ស្នើសុំ​ដី​ និង​ផ្ទះ​ទី​រស់​នៅ​តាម​បណ្ដា​ខេត្ត​នានា​ចំនួន​១០១​គ្រួសារ​។​ បាន​ទទួល​ថវិកា​២០,០០០,០០០​រៀល ពី​ លោក ​ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​ និង​ជា​អគ្គលេខាធិការ​រង សមាគម​អតីត​យុទ្ធជន​កម្ពុជា ក្នុង​ការ​ជួយ​សម្រាប់​ដោះស្រាយ​បុណ្យ​សព អតីត​យុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ​ដែល​ក្រីក្រ​បំផុត​។ បាន​ផ្តល់​ប័ណ្ណ​សមាជិក ប ស ស ​ជូន​ដល់​សមាជិក​អតីត​យុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ ខណ្ឌ​ទាំង​១២​ចំនួន​៦១២៣​នាក់​។​ បាន​សហការ​ចុះ​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​មរណៈ​សង្គ្រោះ​ និង​ប្រាក់​ធានារ៉ាប់រង​សង្គម​ជូន​ដល់​គ្រួសារ​ នៃ​សព​សរុប​ចំនួន​១៤៤​សព​។​

ជាក់ស្តែង​ពេលនេះ​មាន​សមាជិក​សមាគម​អតីត​យុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ ចំនួន​១៥៧​គ្រួសារ ជួប​ការ​លំបាក ត្រូវ​បាន​ការ​យកចិត្ត​ទុកដាក់​ពី​ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ដោះស្រាយ​ជា​ជំហានៗ ក្នុង​ការ​ផ្តល់​ការ​សុំ​សាងសង់​ផ្ទះ​ជូន​ដល់​សមាជិក សមាគម​លើ​ដី​ដែល​មាន​ស្រាប់​ចំនួន​២៤​ខ្នង ការ​សុំ​ជួសជុល​ផ្ទះ​ជូន​ចំនួន​៣២​ខ្នង និង​ការ​ស្នើសុំ​ដី ​និង​ផ្ទះ​ទៅ​រស់​តាម​បណ្តា​ខេត្ត​នានា​ចំនួន​១០១​គ្រួសារ​។​

លោកស្រី​ កែវ សុខ​ពិសី ក្នុងឱកាស​នោះបាន​មានប្រសាសន៍​លើកឡើងថា ការ​ប្រារឰពិធី​ខួប​លើក​ទី ១២ ទិវា​អតីត​កម្ពុជា​២១​មិថុនា​នេះ ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ ដើម្បី​រំឭក​គុណូបការៈ​គុណ​ចំពោះ​បងប្អូន​អតីតយុទ្ធជន​ទាំងអស់ ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ រហូត​ធ្វើ​ឲ្យ​ប្រទេសជាតិ​យើង​មាន ការ​អភិវឌ្ឍ​រីកចម្រើន​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។​

លោកស្រី​បន្ត​ទៀត​ថា ក្រោយ​ឆ្នាំ​១៩៧៩ បងប្អូន​អតីត​យុទ្ធជន​របស់​យើង​ទាំងអស់​មាន​អាយុ​ត្រឹមតែ​១៥ ​ទៅ​២០​ឆ្នាំ​ប៉ុណ្ណោះ តែ​មកដល់ពេលនេះ​បាន​ចូលនិវត្តន៍​ទៅ​ហើយ ខណៈ​ដែល​ការ​ណោះ បង​ប្អូន​និវត្តន៍​ជន​ទាំងអស់​សុទ្ធតែ​ធ្វើការ​បំពេញការងារ​ជូន​ជាតិ​ដោយ​មិន​មាន​ប្រាក់ខែ​ផង​នោះ​។

ស្រី​បាន​អី​បន្ត​ទៀត​ថា ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់ ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​មាន​សុខ​សន្តិភាព​ពេញ​បរិបូរណ៍ ធ្វើ​ឲ្យ​កម្ពុជា​មានឱកាស​អភិវឌ្ឍន៍​ប្រទេស​រហូត​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​រហូតមកដល់​បច្ចុប្បន្ន​នេះ​។​ ដោយ​មើល ឃើញ​ពី​គុណ​តម្លៃ​ដ៏​មិនអាច​កាត់​ថ្លៃៗ​ពី​សំណាក់​អតីត​យុទ្ធជន​របស់​យើង​សម្ដេច​បាន​បង្កើត​ឲ្យ​មាន​ជា​ទិវា​រំលឹក​អតីត​យុទ្ធជន​នេះ​ឡើង​នៅ​ថ្ងៃទី​១២​មិថុនា​ជា​រៀងរាល់ឆ្នាំ។ មិនតែប៉ុណ្ណោះ​ សម្ដេច​នៅបាន​ផ្ដល់​ជា​ដី​សម្បទាន ជា​ផ្ទះសំបែង​ជា​ថវិកា​និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាដើម​ថែមទៀត​។​

លោកស្រី​បាន​បញ្ជាក់​ទៀត​ថា ក្នុងនាម លោក ​ឃួ​ង ​ស្រេង ​ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ នឹង​ពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ក​កម្ពស់​ជី​ភាព​អតីត​យុទ្ធជន​ឲ្យ​បាន​ប្រសើរ​ឡើង​ទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114