ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ជំទាវ ម៉ែន សំអន​ ៖ ​ប្រទេសជាតិ​មាន​សន្តិភាព​ជា​កត្តា​ធ្វើ​អោយ​មាន​ការ​រីកចម្រើន​អភិវឌ្ឍ​លើ​គ្រប់​​វិស័យ

កំពង់ស្ពឺ​ ៖ ​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​អធិការកិច្ច បាន​ថ្លែង​ថា ប្រទេស​ជាតិ​មាន​សុខ​សប្បាយ​សន្តិភាព ស្ថិរភាព​ពេញ​ផ្ទៃ​ប្រទេស ​ជា​កត្តា​សំខាន់​ណាស់​ដែល​បាន ធ្វើ​អោយ​មាន​ការ​រីកចម្រើន​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុងនោះ​ទាំង​ពុទ្ធចក្រ​និង​អាណាចក្រ​ក៏ត្រូវ​បាន​លើកកម្ពស់​ជា​បន្តបន្ទាប់។ នេះ​ជា​ប្រសាសន៍​លើកឡើង​ក្នុងពេលដែល​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​អញ្ជើញ​ចូលរួម​ក្នុង ពិធីបុណ្យ​ផ្កា មហា​សាមគ្គី ​ដោយ​នាំយក​នូវ​បច្ច័យ​ចូល​បុណ្យ សម្រាប់​កសាង​មជ្ឈមណ្ឌល វប្បធម៌ ព្រះពុទ្ធសាសនា​កម្ពុជា ដែលមាន​ទីតាំង​ស្ថិតក្នុង ឧទ្យាន​ជាតិ ព្រះ​សុរាម្រិត​កុសុមៈ (​គិរី​រម្យ​) ភូមិ​អូករ​សេះ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នា​រសៀល​ថ្ងៃ​ពុធ ១២​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩។

ពិធី​បុណ្យផ្កា​សាមគ្គី​នេះ ​គឺ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ក្នុង​គោលបំណង ដើម្បី​រៀបចំ​ចាក់​ក្បាច់​បិទ​មហា​ប្រាសាទ​តម្កល់​ព្រះ​ត្រ័យបិដក សម្រាប់​តម្កល់ទុក​ជា​សម្បត្តិ​បុណ្យ គោរព​បូជា និង​បានជា ប្រយោជន៍ សម្រាប់​មនុស្សលោក​ផង និង​សម្រាប់​វិស័យ​ព្រះពុទ្ធ សាសនា​ផង។

ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន បាន​នាំ​ការ​ផ្ដាំផ្ញើ​​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជា​និច្ចកាល​សម្តេច​ទាំងពីរ តែងតែ​មាន​មនោសញ្ចេតនា​ស្រឡាញ់​រាប់អាន និង​រួមសុខទុក្ខ​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​សព្វបែបយ៉ាង​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​កម្ពុជា។ មិនតែប៉ុណ្ណោះ​សម្តេច​ទាំងពីរ គឺជា​ពុទ្ធ​សាសនូបត្ថម្ភ​ដ៏​ថ្លៃថ្លា ដោយបាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​ពោរពេញ​ទៅដោយ​សង្គ្រាម មកជា​ប្រទេស​ដែលមាន​ការ​រីកចម្រើន និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ព្រះពុទ្ធសាសនា និង​ជំនឿ​សាសនា​ក៏ត្រូវ​បាន​រស់​ឡើងវិញ។ ជាក់ស្តែង​ពិធីបុណ្យ​នា​ពេល​នេះ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​ផង ក៏​ដូច​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ជាតិ​ផង និង​បាន​ទទួល​អា​និ​សង្ឃ​ផល​បុណ្យ​យ៉ាង​ត្រចះត្រចង់​ផងដែរ។ សមិទ្ធផល​ថ្មីៗ​ទាំងនេះ ពិតជា​នឹង​រួមចំណែក​ជួយ​ដល់​ខេត្តកំពង់ស្ពឺ​ក្នុងការ​ជំរុញ​ដល់​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា និង​ស្វែងយល់​ពី​អរិយធម៌​វប្បធម៌​ខ្មែរ​ដ៏​រុងរឿង ថែមទាំង​បានរួម​ចំណែក​ប្រមូល​ថវិកា​ជូន​ជាតិ​ទៀតផង​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា ការកសាង​នូវ​សមិទ្ធផល​ដូចជា​ប្រាសាទ​ជាច្រើន​នៅ​ក្នុង​មណ្ឌល​វប្បធម៌​ឧទ្យាន​ជាតិ​នេះ​គឺជា​ការចូលរួម​លើក​កម្ពស់​វិស័យ​សាសនា​រួម​និង​ការកសាង​វិហារ​ប្រាសាទ​ផ្សេងៗ​ទៀត​ដែល​តម្រូវ​អោយ​មានការ​ចូលរួម​ថែរក្សា និង​ការ​អភិរក្ស​ក្នុង​គោលបំណង​ដាក់​ជាទី​សក្ការៈ​គោរព​បូជា​ពី​សំណាក់​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា​នៅ​ទី​នេះ។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​បញ្ជាក់​បន្ថែម​ថា នេះ​ជា​ការ​លើកកម្ពស់​វិស័យ​ទេសចរ​វប្បធម៌​ និង​សាសនា​ពិសេស​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កាន់​តែ​ច្រើន ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​នៅ​ក្នុង​តំបន់​ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114