ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាលខេត្ត​កែប ប្រារព្ធ​មី​ទ្ទីង​ទិវា​ នៃ​ការ​ចងចាំ ២០​ឧសភា ឆ្នាំ​២០១៩ នៅ​វត្ត​កំពង់ត្រឡាច​

កែប ៖ មី​ទ្ទីង​ទិវា ​នៃ​ការ​ចងចាំ​២០​ឧសភា ឆ្នាំ​២០១៩ ត្រូវបាន​រដ្ឋបាល​ខេត្ត​កែប ប្រារព្ធ​ឡើង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣ កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតក្នុង​វត្ត​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ក្រោម​អធិបតីភាព លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប លោក សំ សារី​ន ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត លោក ងួន ប៊ៀ​ន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប ក៏មាន​ការអញ្ជើញ​ចូល​ពី​លោក លោកស្រី អភិបាលរង​ខេត្ត សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​អង្គភាព គណៈ​អភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ ក្មួយៗ​សិក្សានុសិស្ស ព្រះសង្ឃ និង​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ក្នុងពេល​ប្រារព្ធ​ពិធី ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ ក៏បាន​ចូលរួម​ដាក់​កម្រង​បាច់​ផ្កា នឹង​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ត្រូវ​បាន​ស្លាប់​ដោយសារ​ការ​កាប់​សម្លាប់​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ​បំផុត​ក្នុង​របប​ខ្មែរក្រហម​។

​ក្រោយពី​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​រួចមក លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កែប បាន​មានប្រសាសន៍​ជូន​ដល់​អង្គ​មី​ទ្ទីង​ថា ទិវា​នៃ​ការចងចាំ​២០​ឧសភា នេះ​គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យក​ថ្ងៃនេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ប្រារព្ធ​ទិវា​នៃ​ការចងចាំ ជូន​ដល់​បុព្វការី​ជន រួមមាន​ព្រះសង្ឃ កម្មាភិបាល យុវជន យុទ្ធ​នារី កងកម្លាំង​ប្រដាប់​អាវុធ សិស្ស និស្សិត បញ្ញវន្ត រួមទាំង​ប្រជា​ពល​ជន​រាបលាន​នាក់ ដែល​ត្រូវបាន​កាប់សម្លាប់​យ៉ាង​ឃោរឃៅ​បំផុត​ក្នុង​រយៈពេល​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​

​លោក​អភិបាលខេត្ត​បាន​គូស​បញ្ជាក់ទៀតថា ពេលនោះ​ហើយ​ដែល​ប្រជាជន​កម្ពុជា​ត្រូវ​រងទុក្ខវេទនា​រក​ទីបំផុត​គ្មាន ដូចជា​ការ​ព្យាយាម​បង្អត់​អាហារ ឲ្យ​ហូប​តែ​បបរ​រាវៗ ហើយ​បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់ ដែល​ធ្វើ​ឲ្យ​ប្រជាជន​គ្មាន​កម្លាំងកំហែង​ធ្វើការ ហើយ​បាន​ឈឺ​ស្លាប់​ជា​បន្តបន្ទាប់​។ រឿងរ៉ាវ​ដែល​យើង​បាន​ដឹង បានឮ បានឃើញ​គឺមាន​ច្រើនណាស់ ដោយ​ពុំ​អាច​មាន​អ្នក​កវី និពន្ធ​ណា​អាច​រៀបរាប់​ពី​ទុក្ខ​សោក​នាដកម្ម​ដ៏​ជូរចត់​បែបនេះ​អស់​ឡើយ​។​

​ដោយបាន​គុណ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ដឹកនាំ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួយ​យើង​រួច​ផុត​ពី​របប​ដ៏​ខ្មៅ​ងងឹត​នោះ ហើយ​មាន​សុខ​សន្តិភាព និ​ង​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​មកដល់ពេលនេះ យើង​រួមគ្នា​ការពារ​សុខ​សន្តិភាព និង​ដើម្បី​ការអភិវឌ្ឍ​ប្រកប​ដោយ​ភាព​រីកចម្រើន​៕