ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​សុខាភិបាល​ខេត្ត​ស្ទឹងត្រែង ​ពង្រឹង​សេវា​សុខាភិបាល​បន្ថែម​នៅ​មូលដ្ឋាន​

ស្ទឹងត្រែង​ ៖ ​ក្នុង​សិក្ខាសាលា​ស្តីពី​ជំងឺឆ្លង​ថ្ងៃទី​១៤ ​ខែ​​ឧសភា​ឆ្នាំ​២០១៩​នេះ ​មន្ទីរ​សុខាភិបាល​​បាន​រៀបចំ​យន្តការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទៅឲ្យ​ប្រុងប្រយ័ត្ន​ជាមួយនឹង​ជំងឺ​ឆ្លង​នៅ​ពេល​រដូវភ្លៀង​ធ្លាក់​ ជាពិសេស​ត្រូវ​ដេក​ក្នុង​មុង​ជ្រលក់​ថ្នាំ​ ដើម្បី​ការពារ​កុំឲ្យ​មូស​ខាំ​វា​កើត​ជំងឺ​គ្រុន​ចាញ់​ ឬ​គ្រុនឈាម​។​

លោ​ក ទន​ វុទ្ធី​ អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​ការងារ​ប្រយុទ្ធ ​និង​ជំងឺ​ឆ្លង​បាន​បញ្ជាក់​ថា ​៖​ មន្ទីរ​ឈាន​ទៅ ពង្រឹង​សេវា​សុខាភិបាល​តាម មូលដ្ឋាន​ភូមិ​/ឃុំ​បន្ថែម​ក្នុង​រដូវភ្លៀង​ធ្លាក់​នេះ ​ដើម្បី​បង្ការ​កុំ​ឲ្យ​កើតមាន​ជំងឺ​ឆ្លង​តាមរយៈ​ធ្វើការ​អប់រំ​ និង​បង្ហាត់បង្រៀន​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​នីមួយៗ​ឲ្យ​ចេះ​កិច្ច​ការងារ​បង្ការ​។​

លោក​អនុប្រធាន​បញ្ជាក់​ថា ​៖​ កិច្ចការងារ​បង្ការ​នេះ​យើងឲ្យ​មន្ត្រី​មណ្ឌល​សុខភាព​បន្ថែម​ទៅលើ​ការ​អប់រំ​តាម​គ្រួសារ​ប្រជាពលរដ្ឋ​ ចៀសវាង​បរិភោគ​ចំណីអាហារ​គ្មាន​អនាម័យ ​ឬ​យក​ជ្រូក​-​មាន់​ឈឺ​ទៅ​ធ្វើ​ម្ហូបអាហារ​ដើម្បី​យើង​បង្ការ​ជំងឺ​ឆ្លង​ផង ​និង​បង្កើន​ការ​ធ្វើ​អនាម័យ​ក្នុង​ការរស់នៅ​ហើយ​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ដ៏​មាន​សារសំខាន់​នេះ​ គឺ​ផ្តោត​ចែករំលែក​ព័ត៌មាន​ដើម្បី​ឲ្យ​មន្ត្រី​ក្រោមឱវាទ ​និង​យក​ទៅ​អនុវត្ត​ ពីព្រោះ​នៅក្នុង​មណ្ឌល​សុខភាព​យើង​មាន​រចនាសម្ព័ន្ធ​មន្ត្រី​តាមដាន​ជំងឺ​ឆ្លង​នៅ​បន្ទប់​មណ្ឌល​សុខភាព​ដើម្បី​ឆ្លើយតប​ឲ្យ​ទាន់​ពេលវេលា​ទាក់ទង​អំពី​បញ្ហា​ នៃ​ការ​ផ្ទុះឡើង​ជំងឺ​នៅ​តាម​សហគមន៍​។​

លោក​ ឃ​ន ​រតនៈ មន្ត្រី​មណ្ឌល​សុខភាព​ស្ទឹងត្រែង​បាន​បញ្ជាក់ថា​ ករណីនេះ​ដោយសារ​ប្រជាពលរដ្ឋ​យើង​រស់នៅ​ភូមិ​តំបន់​ជនបទ​មួយចំនួន ដូចជា​ជនជាតិដើម​ភាគតិច​មាន​ព្នង​- គួ​យ​- ស្ទៀង​-​កា​វែ​ត ខិ​-​ជាដើម​ពួកគាត់​ភាគច្រើន​នៅ​បត់​ដៃ​បត់ជើង​មាន​លក្ខណៈ​ពាសវាលពាសកាល​ខ្លះទៀត​ដេក​មិនបាន​ដាក់​មុង​។​

លោក​បន្តថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក្រុមគ្រូពេទ្យ​តែងតែ​ពន្យល់​គាត់​ឲ្យ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ និង​យល់​ដឹង​ពីមុខ​សញ្ញា ​នៃ​ការ​កើត​ជំងឺ​ផ្សេងៗ អញ្ចឹង​ឲ្យ​គាត់​យល់ដឹង​ពី​រោគសញ្ញា​ដែល​គាត់​កើត​វា​មិនមែន​ជំងឺ​ដោយសារ​អ្នកតា​ជាន់​ ឬ​អ​រូបិយ​ ជំងឺ​ចាញ់ទឹកចាញ់ដី​អញ្ចឹង​ទេ គឺ​អប់រំ​ឲ្យ​គាត់​យល់​ពី​បញ្ហា​សុខភាព​អញ្ចឹង​បានសេចក្តីថា ​គ្រុនចាញ់​មកពី​មូស​ដែកគោល​ញី​ខាំ ​មិនមែន​គ្រុនចាញ់​ដោយសារ​ចាញ់​ទឹក​ចាញ់​ដីទេ​ រាករូស​បានន័យថា​យើង​ហូប​ចំណីអាហារ​អត់​ល្អ​ បានន័យថា​ចំណីអាហារ​កខ្វក់​អី​ទើបបាន​វា​រាករូស។​

លោកស្រី​ កោះ​ វី​ល័យ​ បាន​អះអាងថា ករ​ណី​នេះ​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ​មន្ទីរ​សុខាភិបាល​ទទួល​បាន​គម្រោង​មហា​អនុតំបន់​មេគង្គ​រៀបចំ​ឲ្យ​មាន​អ្នកស្ម័គ្រចិត្ត​ភូមិ​ជួយ​ប្រជាពលរដ្ឋ​ចេះ​ថែទាំ​សុខភាព​ខ្លួនឯង​កាត់បន្ថយ​ជំនឿ​អរូបី​បាន​ច្រើន ​ហើយ​បច្ចុប្បន្ន​នៅពេល​ឈឺ​ស្កាត់​ពួកគាត់​មក​រក​សេវា​សុខ​ភាព​បាន​ត្រឹមត្រូវ​។​

សូមបញ្ជាក់ថា​ ខេត្តស្ទឹងត្រែង ​បង្កើតបាន​ភូមិ​សុខភាព​គំរូ​២៤​ភូមិ​ មាន​អ្នកស្ម័គ្រចិត្ត​៤៨​នាក់ មាន​មណ្ឌល​សុខភាព​ចំនួន​១៤ និង​មន្ត្រី​សរុប​ជិត​២០០​នាក់ ​និង​មន្ត្រី​ក្រុម​ឆ្លើយតប​ចំនួន​២៨​នាក់​ ដែល​កំពុង​បម្រើ​សេវា​ផ្នែក​សុខាភិបាល​នៅ​តាម​មូលដ្ឋាន​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114