ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកទេសចរ​ជាតិ​ មកលេង​ខេត្ត​សៀមរាប ក្នុង​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ មាន​ការ​កើនឡើង​ជាង​៨០% ខណៈ​ភ្ញៀវ​អន្តរជាតិ​មានការ​ថយចុះ​

សៀមរាប ​៖​ ក្នុង​ឱកាស ​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​​​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា, ខេត្តសៀមរាប ទទួលបាន​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​ជាង​១៣​ម៉ឺន​នាក់ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​សៀមរាប។

លោក ​ង៉ូ​វ សេង​កាក់​ បាន​ឲ្យ​ដឹងថា ចាប់​ថ្ងៃទី​១១ ​ដល់​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ មាន​ចំនួន​អ្នក​ទេសចរ​ទាំង​ជាតិ និង​អន្តរ​ជាតិប្រមាណ​ជាង​១៣​ម៉ឺន​នាក់ មក​កម្សាន្ត​នៅក្នុង​ខេត្ត​ប្រាង្គ​ប្រាសាទ​មួយ​នេះ​។ របាយការណ៍​បង្ហាញថា ​ចំនួន​នេះ​មាន កើនឡើង​៥៤.៣៣%​។ ក្នុងនោះ ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ​ជាង​១១​ម៉ឺន​នាក់ កើនឡើង​៨៣.៣៣% ប្រៀបធៀប​ឆ្នាំ​២០១៨ ប្រមាណ​៦​ម៉ឺន​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​២១,៧៣៤​នាក់ ថយចុះ​១៤.២៩% ប្រៀបធៀប​ឆ្នាំ​២០១៨ ចំនួន​២៥,៣៥៩​នាក់។​

លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បង្ហាញថា ការកើនឡើង​ច្រើន​ នៃ​អ្នកទេសចរ​ខ្មែរ​នេះ​ដោយសារ​ថ្ងៃ​ឈប់សម្រាក​មាន​រយៈពេល​យូរ (០៥ ថ្ងៃ​)​ហើយ​អាកាសធាតុ​មាន​លក្ខណៈ​អំណោយ​ផល​ល្អ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114