ព័ត៍មានទាន់​ហេតុការណ៏
Search

ដោយសារ​កត្តា​ទឹកភ្លៀង​ បាន​ធ្វើឲ្យ​ការ​ចុះ​ភ្ជួរ​រាស់​ដាស់​ដី​ស្រែ​របស់​ប្រជាកសិករ​មាន​ការ​យឺតយ៉ាវ​អូស​បន្លាយ​ពេល​ជាង​១​ខែ

​បាត់ដំបង ៖ ប្រជាកសិករ​បាន​ឲ្យ​ដឹង​ថា​ រាល់​ឆ្នាំ​ពួកគាត់​បាននាំគ្នា​ចុះ​ភ្ជួរ​រាស់​ដាស់​ដី​ស្រែ​បាន​ទាន់​ពេល​វេលា​ ខណៈ​ដែល​រដូវវស្សា​ឈាន​ចូល​មកដល់​ ដោយឡែក​ក្នុង​ឆ្នាំ​នេះ ​ពួកគាត់​បាន​ចុះ​បង្ក​បង្កើន​ផល​ស្រូវ​រដូវវស្សា​មានការ​យឺតយ៉ាវ​ជាង​ឆ្នាំ​កន្លងទៅ​ ដោយសារតែ​អាកាសធាតុ​ក្តៅ​ខ្លាំង​ទឹកភ្លៀង​បានអូសបន្លាយ​ពេល​យូរ​ ទើប​ការ​ភ្ជួរ​រាស់​ដាស់​ដីស្រែ​ឆ្នាំនេះ​មានការ​អូស​បន្លាយ​ពេល​រហូត​ដល់​ទៅជា​ង​១​ខែ​។

​កសិករ​ ឈ្មោះ​ ដឿ​ណ សុភាព ​រស់នៅ​ភូមិ​តា​កុក​ ឃុំ​ន​រា ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៥​ខែឧសភា​នេះ​ថា​ការងារ​បង្ក​បង្កើន​ផល​ស្រូវ​វស្សា​ឆ្នាំ​២០១៩​នេះ​ ពួកគាត់​បាន​ចុះ​ភ្ជួរ​រាស់​ដាស់​ដីស្រែ​បានអូសបន្លាយ​ពេលវេលា​យឺតយ៉ាវ​ជាង​ឆ្នាំ​ចាស់​ប្រមាណ​ជាង​៣០​ថ្ងៃ​ ដោយសារ​មេឃ​ក្តៅ​ហួតហែង​ខ្លាំង​ មិនមាន​ទឹក ភ្លៀង​ធ្លាក់​ខុសពី​ធម្មតា​។​

គាត់​បន្តថា ​តាម​ទម្លាប់​ការ​ធ្វើ​ស្រូវ​រដូវវស្សា​កសិករ​ចុះ​អនុវត្តន៍​ការងារ​ភ្ជួរ​រាស់​ត្រូវ​ចាប់ផ្ដើម​តាំងពីដើម​ខែមេសា ​ប៉ុន្តែ​ឆ្នាំនេះ​កសិករ ​បានអូសបន្លាយ​ពេល​យូរ​បន្តិច ​ដើម្បី​រង់ចាំ​ទឹកភ្លៀង​ធ្លាក់​រហូតដល់​ជិត​ពាក់កណ្តាល​ខែឧសភា ​ទើប​ចុះ​ភ្ជួរ​បាន​។​

គាត់​បន្តថា ​មកដល់ពេលនេះ​នៅ​តំបន់​ធ្វើស្រែ​របស់​ពួកគាត់​ទើបតែ​ទទួលបាន​ទឹកភ្លៀង​ត្រឹម​១​មេ​ប៉ុណ្ណោះ ​ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី​ ឥទ្ធិពល​ខុសពី​ប្រក្រតី​របស់​ធម្មជាតិ​នេះ​មិន​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ដល់​ពួកគាត់​ឡើយ ​ព្រោះ​នៅ​តំបន់​របស់​ពួកគាត់​ដាំ​ដុះ​នេះ​មាន​អំណោយផល​តែងតែ​មាន​ទឹក​ស្រោច​ស្រព​គ្រប់គ្រាន់​ស្ទើរ​រៀងរាល់ឆ្នាំ​។​

កសិករ​ដដែល​បន្តថា ​ផ្ទៃដី​ដាំ​ដុះ​ជា​កម្មសិទ្ធិ​របស់​លោកមា​ន​ទំហំ​២​ហិកតា​រៀងរាល់ឆ្នាំ ​ស្រូវ​ហុច​ផល​ក្នុង​១​ហិកតា​ ផ្តល់​ទិន្នផល​បាន​ចំនួន​៣​តោន ​ឬ​ជាង​៣​តោន​ស្រូវ​ផល​ដែល​ទទួល​បាន​នេះ​១​ចំណែក​ទុក​សម្រាប់​ផ្គត់ផ្គង់​ការហូបចុក​ក្នុង​គ្រួសារ​ និង​សេសសល់​តិចតួច​ក្រៅពីនេះទៀត​ទុក​សម្រាប់​លក់​យក​កម្រៃ​ទុក​សម្រាប់​គ្រួសារ​ដូចជា​ការរៀនសូត្រ​រប​ស់​កូនៗ​ជាដើម​។​

យោងតាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តបាត់ដំបង​បាន​បង្ហាញ​ថា​ការងារ​ភ្ជួរ​រាស់​របស់​កសិករ​ប្រចាំឆ្នាំ​២០១៩​នេះ​មាន​ផ្ទៃដី​ចំនួន​២៨២៥​ហិកតា​ ក្នុងនោះ​ភ្ជួរ​រាស់​ដោយ​ត្រាក់ទ័រ​ចំនួន​១៨៤៦​ហិកតា​ភ្ជួរ​រាស់​ដោយ​គោយន្ត​ចំនួន​៩៧៩​ហិកតា​បាន​ដាំ​ដុះ​ស្រូវ​រួច​សរុប​ចំនួន​២៨១១​ហិកតា​ជា​ប្រភេទ​ស្រូវស្រាល​ស្មើ​១.៨៣%​ នៃ​ផែនការ​ចំនួន​១៥៤០០០​ហិកតា​។​

ដោយឡែក​ចំពោះ​ស្ថានភាព​ទឹកភ្លៀង​ក្នុង​ឆ្នាំ​២០១៩​នេះ​ មាន​កម្ពស់​១៥៨.៩០​មិល្លីម៉ែត្រ ​និង​ចំនួន​ថ្ងៃ​ទឹកភ្លៀង​ធ្លាក់​មាន​ចំនួន​១៣​ថ្ងៃ​គិត​ត្រឹម​ថ្ងៃទី​១៥​ ខែ​ឧសភា ​ឆ្នាំ​២០១៩៕​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114