ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្សប្រឆាំង​វេណេហ្ស៊ូអេឡា​និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ន័​រ​វែ​ស​សម្រាប់​កិច្ចពិភាក្សា​

​យោងតាម​ប្រភព​គណបក្សប្រឆាំង​ចំនួន​៤​បាន​ឲ្យ​ដឹងថា តំណាង​របស់​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​និង​គណបក្សប្រឆាំង​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ន័រវែស​ដើម្បី​ពិភាក្សា​អំពី​ជម្រើស​ដ៏​មាន​​សក្ដា​នុពល​បន្ទាប់ពី​ការបះបោរ​បរាជ័យ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Nicolas Maduro​។ដំណើរ​នេះ​បាន​បង្ហាញ ថា​ភាគី​ទាំងពីរ​អាច​ស្វែងរក​វិធីសាស្ត្រ​ថ្មី​មួយ​បន្ទាប់ពី​ការ​បរាជ័យ​ម្ដង​ហើយ​ម្ដង​ទៀត​នៃ​កិច្ចពិភាក្សា​រវាង​បក្ស​ប្រឆាំង​និង​បក្ស​សង្គមនិយម​ដែល​កំពុង​កាន់អំណាច​។

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក John Bolton និង​អ្នក​ផ្សេងទៀត​បាន​និយាយ​ថា មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​នៃ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​រៀបចំ​កិច្ចចរចា​ក្នុង​ឆ្នាំនេះ​ដើម្បី​បង្កើត​រដ្ឋាភិបាល​អន្តរ​កាល​មួយ​ដែល​មិន​រាប់បញ្ចូល​លោក Maduro ទេ​។ យោង​តាម​ប្រភព​គណបក្សប្រឆាំង​បាន​ឲ្យ​ដឹង​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នោះ​បាន​បែកបាក់​បន្ទាប់ពី​គណបក្សប្រឆាំង​អំពាវនាវ​ឲ្យ​កងទ័ព​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ក្រោក​ឈរ​ឡើង​ប្រឆាំង​នឹង​លោក Maduro នៅ​ថ្ងៃ​ទី​៣០​ខែ​មេសា​។

​ចាប់តាំងពី​ពេលនោះ​មក ទាហាន​កំពូល​បាន​ស្បថ​ភក្តីភាព​ជាមួយ​លោក Maduro ។ លោក Maduro បាន​ពិពណ៌នា​ព្រឹត្តិការណ៍​កាលពី​ថ្ងៃទី​៣០​ខែមេសា​ថា​ជា​ផែន​ការធ្វើ​រដ្ឋប្រហារ​។​យោងតាម​ប្រភព​បាន​ឲ្យ​ដឹងថា ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​លោក Jorge Rodriguez និង​អភិបាលរដ្ឋ Miranda លោក Hector Rodriguez នៃ​គណបក្ស​សង្គមនិយម​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Oslo​។

​សមាជិកសភា​គណបក្ស​ប្រឆាំង​ឈ្មោះ Stalin Gonzalez ​រួម​ជា​មួយ​ទីប្រឹក្សា​នយោបាយ​លោក Gerardo Blyde និង​លោក Fernando Martinez ក៏បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ន័​រ​វែ​ស​ផងដែរ​។​ រដ្ឋមន្ត្រីការបរទេស​ន័​រ​វែ​សបាន​និយាយ​នៅ​ដើមខែ​មីនា​ថា ខ្លួន​ត្រៀម​ធ្វើជា​អ្នក​សម្រុះសម្រួល​ឬ​សម្របសម្រួល​នៃ​កិច្ចចរចា​រវាង​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​និង​គណបក្សប្រឆាំង​។ ​ទោះបីជា​យ៉ាងណាក៏ដោយ ប្រភព​មួយ​បាន​និយាយថា មិនមាន​កិច្ចប្រជុំ​ណាមួយ​ត្រូវបាន​ធ្វើឡើង​នៅឡើយ​ទេ​ហើយ​ភាគី​ទាំងពីរ​នឹង​ជួបគ្នា​ដាច់ដោយឡែក​ជាមួយ​អ្នកការទូត​ន័​រ​វែ​ស​៕ REUTERS