ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ដឹក​ដី ​បើក​លឿន​បុក​រះ​រថយន្ត​៣​គ្រឿង​ និង​បុក​ចូល​ផ្ទះ​ពលរដ្ឋ​ និង​ជ្រុល​ទៅមុខ​បុក​ស្លាក​ប៉ា​ណូ​ខារ៉ាអូខេ​យីហោ​(​អ័​រ​គី​ដេ​KTV)

​ភ្នំពេញ ​៖​ រថយន្ត​ហ៊ីយ៉ាន់​ដាយ​ ដឹក​ដី​ពេញ​ តែ​បើក​ព្រហើន ​មិន​ប្រយ័ត្ន ​បុក​រះ​រថយន្ត​កូរ៉េ ​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ប្រុស​/ស្រី​របួសធ្ងន់​ស្រាល​៣​នាក់​ បន្ត​បុក​រះ​រថយន្ត​ពីរ​គ្រឿង​ទៀត​រួចហើយ ជ្រុល​ទៅមុខ​បុក​ស្លាក​ប៉ាណូ​យីហោ​ខារ៉ាអូខេ​(​អ័​រ​គី​ដេ​KTV)​បាក់​រាប​ដល់​ដី។ ​ក្រោយ​កើតហេតុ​អ្នក​បើកបរ​រថយន្ត ​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ។

​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C- 7347​ បើកបរ​ដោយ​ ឈ្មោះ​ វ៉ា ហៀ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។

រថយន្ត​រងគ្រោះ​ទី​១​ ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A -5422។
​រថយន្ត​រងគ្រោះ​ទី​២​ ​កូរ៉េ​មួយ​តោន​កន្លះ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2R- 1343​។
​រថយន្ត​រងគ្រោះ​ទី​៣ ​ជា​រថយន្ត​របស់​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AO – 5240។

ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នោះ​ទី​១​.ឈ្មោះ​ សរ សាលី​ ភេទ​ប្រុស​ អាយុ​៧០​ឆ្នាំ ​ជា​ភ្ញៀវ​មក​ទិញ​ម្ហូប ស្នាក់នៅ​កន្លែង​កើត​ហេតុ​រងរបួស​ធ្ងន់​។ ទី​២.​ឈ្មោះ ​ឯក ស្រី​ពេជ្រ ភេទ​ស្រី ​អាយុ​៣៩​ឆ្នាំ​ ។
​ទី​៣​ ឈ្មោះ​ សាន ធុ​ទ្ធា​រី​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ អ្នក​ជួយ​លក់​បាយ​ និង​នំ​បញ្ចុក​អ្នក​ទាំង​២​នាក់ ​ស្នាក់​នៅ​កន្លែងកើតហេតុ​។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ឲ្យ​ដឹងថា ​នៅមុន​ពេល​កើត​ហេតុ ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ដឹក​ដី​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​ពី​លិចទៅ​កើត​បាន​បុក​រថយន្ត​ហ៊ី​យ៉ាន់​ដាយ ​ពណ៌​ខៀវ​មួយ​គ្រឿង ​រួច​បាន​ជ្រុល​ទៅបុក​រថយន្ត​កូរ៉េ​ ពណ៌​ខៀវ​ ដែល​ចត​ឈប់​ស្ងៀម​នៅ​ចិញ្ចើម​ផ្លូវ​ខាងស្តាំ​បណ្តាល​ឲ្យ​ខ្ទាត​ទៅមុខ​បុក​ចូល​ផ្ទះ​លក់​បាយ ​និង​នំបញ្ចុក​នៅក្បែរនោះ ​រង​ការខូចខាត​យ៉ាងដំណំ​បណ្តាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់ ​ដែល​កំពុង​ឈរ​ទិញ​បាយ​រងរបួស​ធ្ងន់ ម្ចាស់ផ្ទះ​កំពុង​លក់​រង​របួស​ស្រាល​២​នាក់​។

​ប្រភព​បន្តថា ​រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន ​ក៏​ជ្រុល​ទៅមុខ​បុក​រថយន្ត​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា​ដែល​កំពុង​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​ផុត​ទ្រូងផ្លូវ ​បណ្តាល​ឲ្យ​ខូចខាត​ រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន​ទៀត​ ក៏​ជ្រុល​ទៅមុខ​ឆ្លងផ្លូវ​មក​ខាងឆ្វេង​ដៃ​ទៅបុក​ផ្ទាំង​ស្លាក​ប៉ាណូ​ខារ៉ាអូខេ​យីហោ​របស់​(​អរ​គី​ដេ​KTV)​បណ្តាល​ឲ្យ​បាក់​បង្គោល​ដែក​មួយ​ដើម​រាប​ដល់​ដល់​ដី​។

ក្រោយពេល​កើត​ហេតុ​ បុរស​ដែល​រង​បួស​ធ្ងន់​ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ​ហៅ​មន្ទីរ​ពេទ្យ​លោកសង្ឃ​។​

​ក្រោយ​កើតហេតុ​ រថយន្ត​ទាំង​៤​គ្រឿង​ និង​អ្នកបើកបរ​ ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ​យកទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ នៃ​ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114