ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ប្តេជ្ញា​បង្កើន​ការប្រយុទ្ធ​ប្រឆាំងនឹង​ភាពជ្រុលនិយម​តាម​អន​ឡាញ​

​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​កាលពី​ថ្ងៃ​ពុធ​បាន​សន្យា​ថា​នឹង​បង្កើត​វិធានការ​ថ្មីៗ​ដើម្បី​បំបាត់​ខ្លឹមសារ​ហិង្សា​ជ្រុលនិយម​លើ​អ៊ីនធឺណិត​ខណៈ​សម្ពាធ​កាន់តែ​ខ្លាំង​ឡើងៗ​ពី​សំណាក់​រដ្ឋាភិបាល​នានា​បាន​ជំរុញ​ឲ្យ​មាន​សកម្មភាព​បន្ទាប់ពី​ការ​សម្លាប់​រង្គាល​នៅ​វិហារ​ឥស្លាម​នូ​វែ​ល​ហ្សេ​ឡង់​២​កន្លែង​កាលពី​ខែមីនា​។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Google, Twitter, Facebook និង Microsoft បាន​ជួប​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​បារាំង នូ​វែ​ល​ហ្សេ​ឡង់​និង​បណ្ដា​ប្រទេស​ដទៃ​ទៀត​ក្នុង​ទីក្រុង​ប៉ារីស​ដើម្បី​បង្ហាញ​គំនិត​ផ្ដួច​ផ្ដើម “Christchurch Call” អំពី​ការ​ប្ដេជ្ញា​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​វេទិកា​អន​ឡាញ​។

​វា​ត្រូវ​បាន​គេ​ដាក់ឈ្មោះ​តាម​ទីក្រុង​ដែល​ជា​កន្លែង​ខ្មាន់កាំភ្លើង​ម្នាក់​បាន​សម្លាប់​មនុស្ស​ចំនួន​៥១​នាក់​នៅ​វិហារ​ឥស្លាម​នូវែលហ្សេ​ឡង់​ពីរ​កន្លែង​កាលពី​ពីរ​ខែ​មុន​ហើយ​បាន Live វីដេអូ​នៃ​ការ​សម្លាប់​រង្គាល​របស់​គាត់​តាមរយៈ​កាមេរ៉ា​ដែល​បំពាក់​នៅ​លើ​ក្បាល​។

​បណ្ដាញ​សង្គម​យក្ស​បាន​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ខ្លាំង​ចាប់​តាំងពី​ការវាយប្រហារ​នោះ​មក​បន្ទាប់ពី​វីដេអូ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​ត្រូវ​បាន​បង្ហោះ​និង​ចែករំលែក​រាប់​លាន​ដង​ថ្វីបើ​មានការ​ប្រឹងប្រែង​លុបចោល​ក៏ដោយ​។ នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​លោកស្រី Jacinda Ardern បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ថា “​ការ​អំពាវនាវ​នេះ​គឺជា​ផែនទី​បង្ហាញ​ផ្លូវ​មួយ​សម្រាប់​សកម្មភាព​”​។

​លោកស្រី​បាន​និយាយ​ថា “​វា​ប្តេជ្ញា​ឲ្យ​យើងទាំងអស់គ្នា​កសាង​អ៊ីនធឺណិត​មនុស្សធម៌​ដែល​មិន​ត្រូវបាន​ប្រើប្រាស់​ដោយ​ភេរ​វករ​ក្នុង​គោលបំណង​ស្អប់ខ្ពើម​របស់​ពួកគេ​”​។ក្រុមហ៊ុន Google, Microsoft, Facebook, Twitter និង Amazon ក្រោយមក​បាន​ចេញ​នូវ​ផែនការ​ប្រាំបួន​ចំណុច​សម្រាប់​ដាក់​ការសន្យា Christchurch រួមគ្នា​នៅ​ក្នុង​ញត្តិ​មួយ​ជាពិសេស​សម្រាប់​ការ​ដោះស្រាយ​ការ​គំរាម​កំហែង​ដែល​បង្កឡើង​ដោយ​ការផ្សាយ​ផ្ទាល់​។

​ពួកគេ​បាន​សន្យា​វិនិយោគ​នៅ​ក្នុង​ការកំណត់​តាម​ប្រព័ន្ធ​ឌីជីថល​ដើម្បី​តាមដាន​ហើយ​លុប​រូបភាព​និង​វីដេអូ​ដែល​បង្ក​គ្រោះថ្នាក់​និង​វិធីសាស្ត្រ​ងាយស្រួល​ប្រើ​សម្រាប់​អ្នក​ប្រើ​ដើម្បី​រាយការណ៍​អំពី​មាតិកា​ខុសច្បាប់​៕ AFP