ព័ត៍មានទាន់​ហេតុការណ៏
Search

ការស្ទង់មតិ៖ គណបក្សប្រឆាំង​អូស្ត្រាលី​នឹង​ឈ្នះ​ឆ្នោត​

​ការស្ទង់មតិ​មួយ​ដែល​ត្រូវបាន​ឃ្លាំមើល​យ៉ាង​ដិតដល់​បានបង្ហាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា គណបក្ស​ការងារ​ដែលជា​គណបក្ស​ប្រឆាំង​អូស្ត្រាលី​កំពុង​ស្ថិតនៅ​លើផ្លូវ​ក្នុងការ​ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ជាតិ​នៅ​ចុង​សប្ដាហ៍​នេះ​ខណៈដែល​នាយករដ្ឋមន្ត្រី​អភិរក្សនិយម​លោក Scott Morrison បរាជ័យ​ក្នុង​ការ​ទាក់ទាញ​អ្នកបោះឆ្នោត​ជាមួយ​នឹង​ពាក្យសន្យា​របស់​លោក​អំពី​ស្ថិរភាព​សេដ្ឋកិច្ច​។

ការស្ទង់មតិ Essential Poll សម្រាប់​កាសែត The Guardian បាន​បង្ហាញ​ពី គណបក្ស​ការងារ​បាន​នាំមុខ​រដ្ឋាភិបាល​ចម្រុះ​របស់​លោក Morrison ដោយ​សំឡេង​៥១,៥​ទល់នឹង​៤៨,៥​លើ​មូលដ្ឋាន​បក្ស​ពីរ​។​ ការស្ទង់មតិ​នេះ​គឺជា​ការ​វាស់​ស្ទង់​ចុងក្រោយ​បំផុត​មួយ​នៃ​ប្រជាប្រិយភាព​របស់​លោក Morrison ជាមួយ អ្នកបោះឆ្នោត​ដែល​ភាគច្រើន​មិនបាន​ទោរទន់​ដោយសារ​យុទ្ធនាការ​របស់គាត់​ដែលថា គណបក្ស​ការងារ​នឹង​បំផ្លាញ​សេដ្ឋកិច្ច​របស់​ប្រទេស​អូស្ត្រាលី​ដែល​បាន​កត់ត្រា​កំណើន​ក្នុង​រយៈពេល​២៨​ឆ្នាំ​ជាប់ៗ​គ្នា​។

​យុទ្ធនាការ​របស់លោក Morrison បាន​ផ្ដោត​ទៅលើ​ការ​ព្យាករ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​កញ្ចប់​ថវិកា​លើស​ចំនួន​កំណត់​លើកដំបូង​របស់​អូស្ត្រាលី​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​។គណបក្ស​ការងារ​ដែល​បាន​ចាញ់​ការបោះឆ្នោត​ពីរ​លើក​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១៣​និង​២០១៦​បាន​សន្យា​ថា​នឹង​បំពេញ​កញ្ចប់​ថវិកា​ឆ្នាំ​២០១៩-២០២០​របស់​រដ្ឋាភិបាល​ហើយ​បន្ទាប់មក​នឹង​ផ្ដល់​នូវ​កញ្ចប់​ថវិកា​ខ្ពស់​ជាង​មុន​ក្នុង​ឆ្នាំ​២០២០-២០២១​។

មេដឹកនាំ​គណបក្ស​ការងារ​លោក Bill Shorten ក៏បាន​អំពាវនាវ​ផង​ដែរ​ដល់​អ្នកបោះឆ្នោត​ដែល​ស្រងាកចិត្ត​ទាំង​ក្មេង​និង​ចាស់​ដោយ​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ពន្ធដារ​របស់​ប្រទេស​នេះ​កាន់​តែ​មាន​ភាព​យុត្តិធម៌​និង​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​។គួរ​បញ្ជាក់​ថា លោក Morrison និង​លោក Shorten នឹង​ធ្វើ​សុន្ទរកថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​បញ្ចុះបញ្ចូល​អ្នកបោះឆ្នោត​ដែល​មិនទាន់​សម្រេចចិត្ត​៕ REUTERS

FILE PHOTO: Australian Prime Minister Scott Morrison and Opposition Leader Bill Shorten shake hands before the first leaders forum at the Seven West Media Studios in Perth, Australia, April 29, 2019. AAP Image/ The West Australian POOL, Nic Ellis/via REUTERS