ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក​បញ្ជា​ឲ្យ​បុគ្គលិក​ស្ថានទូត​ចាក​ចេញពី​ប្រទេស​អ៊ីរ៉ាក់​ ដោយសារ​ការគំរាមកំហែង​របស់​អ៊ីរ៉ង់​

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​បុគ្គលិក​មិន​សំខាន់​ត្រូវ​ជម្លៀស​ចេញពី​ស្ថានទូត​របស់ខ្លួន​នៅក្នុង​ទីក្រុង​បា​កដាដ​ដោយសារតែ​ការគំរាមកំហែង “​ជាក់ស្តែង​” ពី​ពួក​សកម្មប្រយុទ្ធ​អ៊ីរ៉ាក់​ដែល​ជាប់ទាក់ទង​នឹង​អ៊ីរ៉ង់​ប៉ុន្ដែ​លោក​ប្រធានាធិបតី Donald Trump បាន​ទស្សន៍ទាយ​ថា ឆាប់ៗ​នេះ អ៊ីរ៉ង់​នឹង​ចង់​ចាប់ផ្ដើម​ការចរចា​។ ​ទង្វើ​នេះ​បាន​បន្ថែម​ទៅលើ​ភាពភ័យខ្លាច​ដែល​កំពុង​កើតឡើង​ដែលថា គូប្រជែង​ដ៏​យូរអង្វែង​ទាំងពីរ​នេះ​អាច​ស្ថិតនៅ​លើផ្លូវ​នៃ​ការ​ប្រយុទ្ធ​គ្នា​ថ្វីបើ​ភាគី​ទាំងពីរ​បញ្ជាក់​ថា ពួកគេ​គ្មាន​បំណង​ធ្វើសង្គ្រាម​ក៏ដោយ​។

​បញ្ជា​ជម្លៀស​នេះ​ដែល​ក៏​ដាក់​ចេញ​ដល់​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ទីក្រុង Arbil ​ផង​ដែរ​នោះ​គឺ​បាន​កើតឡើង​ក្នុង​រយៈពេល​១០​ថ្ងៃ​បន្ទាប់ពី​មន្ទីរ​បញ្ច​កោណ​ដាក់​ពង្រាយ​ក្រុមការងារ​នាវា​ដឹក​យន្តហោះ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅកាន់​ឈូង​សមុទ្រ​ដើម្បី​ទប់ស្កាត់​ផែនការ​មិន​ច្បាស់លាស់​ពី​ទីក្រុង​តេ​រ៉ង់​ក្នុងការ​វាយប្រហារ​កង​កម្លាំង​ឬ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​។

​ទោះបីជា​យ៉ាងណាក៏ដោយ លោក Trump បាន​ព្យាយាម​សម្រាល​ស្ថានភាព​នេះ​ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ​និយាយថា មិនមាន​ភាពមិន​ចុះសម្រុង​គ្នា​នៅ​សេត​វិមាន​ទេ​ហើយ​ថា អ៊ីរ៉ង់​នឹង​ចង់​ចរចា​។​ លោក Trump បាន​បង្ហោះ Twitter ថា “​ខ្ញុំ​ប្រាកដ​ថា អ៊ីរ៉ង់​នឹង​ចង់​ពិភាក្សា​ក្នុង​ពេល​ឆាប់ៗ​នេះ​”​។ លោក​ក៏បាន​រិះគន់​ផង​ដែរ​អំពី​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្តីពី​វិបត្ដិ​សេត​វិមាន​ដោយ​និយាយ​ថា “​មិន​មាន​ការ​ប៉ះ​ទង្គិច​អ្វី​ទាំងអស់​”​។

​ថ្វីបើ​មាន​មន្ទិលសង្ស័យ​ជា​អន្តរជាតិ​ក៏ដោយ​, រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ចង្អុលបង្ហាញ​អំពី​ការ​គំរាមកំហែង​ពី​អ៊ីរ៉ង់​ដែល​ជា​គូ​សត្រូវ​ដ៏​យូរអង្វែង​និង​ជា​គូប្រជែង​របស់​អ៊ីស្រាអែល​និង​អារ៉ាប៊ីសាអ៊ូឌីត​។​ ​មន្ត្រី​ក្រសួងការបរទេស​ជាន់ខ្ពស់​បាន​និយាយ​ក្នុងនាម​អនាមិក​ថា ការគំរាមកំហែង​នេះ​គឺ​ចេញ​មកពី​កងជីវពល​អ៊ីរ៉ាក់​ដែល​ត្រូវបាន​បញ្ជា​និង​គ្រប់គ្រង​ដោយ​ឆ្មាំ​បដិវត្ត​ឥស្លាម​របស់​អ៊ីរ៉ង់​។​

​កាលពី​ថ្ងៃ​អង្គារ មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei បាន​ទទូចថា ការប្រឈមមុខ​ដាក់គ្នា​រវាង​សាធារណរដ្ឋ​ឥស្លាម​និង​សហរដ្ឋអាមេរិក​គឺជា​ការសាកល្បង​តែមួយគត់​។​ ​លោក​បាន​និយាយថា “​ការប្រឈមមុខ​នេះ​មិនមែនជា​យោធា​ទេពី​ព្រោះ​នឹង​មិនមាន​សង្គ្រាម​កើតឡើង​ឡើយ​។ ទាំង​យើង​និង​អាមេរិក​មិន​ស្វែងរក​សង្គ្រាម​ទេ​”៕ AFP