ព័ត៍មានទាន់​ហេតុការណ៏
Search

សេត​វិមាន​៖ លោក ត្រាំ នឹងធ្វើ​ទស្សនកិច្ច​កូរ៉េខាងត្បូង​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង

​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​ប្រធានាធិបតី​ដូណាល់ត្រាំ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​ខែ​មិថុនា​ខាងមុខនេះ​ដើម្បី​ជួប​ជាមួយ​សម​ភាគី​លោក​មូ​ន​ចេ​អ៊ី​ន​នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​បញ្ចុះបញ្ចូល​ប្រទេស​កូរ៉េខាងជើង​ឲ្យ​បោះបង់​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។
​​វា​នឹង​ក្លាយជា​ជំនួប​លើក​ទី​២​រវាង​អ្នក​ទាំងពីរ​ចាប់តាំងពី​ការដួលរលំ​នៃ​កិច្ចប្រជុំ​កំពូល​មួយ​រវាង​លោក​ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​នៅក្នុង​ទីក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ​បន្ទាប់ពី​ពួកគេ​បរាជ័យ​ក្នុងការ​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។

​សេត​វិមាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​លោក​ប្រធានាធិបតី ត្រាំ និង​លោក​ប្រធានាធិបតី មូ​ន នឹង​បន្ត​ការសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​របស់​ពួកគេ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការលុបបំបាត់​នុយក្លេអ៊ែ​រទាំង​ស្រុង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​”​។

​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែល​បាន​គាំទ្រ​ជា​យូរ​មកហើយ​ចំពោះ​ការចូល​រួមជាមួយ​កូរ៉េខាងជើង​គឺជា​អ្នកសម្របសម្រួល​ដំណើរការ​ចរចា​រវាង​លោក​ត្រាំ​និង​លោក​គីម​ដែល​ឈានទៅដល់​កិច្ចប្រជុំ​កំពូល​ជា​លើកដំបូង​របស់​ពួកគេ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​ឆ្នាំមុន​។

កាលពីមុន ក្រុង​ព្យុងយ៉ាង​បាន​អះអាងថា វា​ត្រូវតែ​រួមបញ្ចូល​ការដកចេញ​នូវ​ឆ័​ត្រ​នុយក្លេអ៊ែរ​របស់​ក្រុង​វ៉ាស៊ីនតោន​លើ​កូរ៉េខាងត្បូង​និង​កងទ័ព​អាមេរិក​ចំនួន​២៨,៥០០​នាក់​ដែល​ឈរជើង​នៅក្នុង​ប្រទេស​នេះ​។ ​សេត​វិមាន​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​នឹង​រួមបញ្ចូល​ជាមួយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ជប៉ុន​ផងដែរ​ដែល​នៅ​ទីនោះ​លោក​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល G20 ក្នុង​ទីក្រុង​អូ​សា​កា​ចាប់ពី​ថ្ងៃទី​២៨​ដល់​២៩​ខែមិថុនា​។

​ជំនួប​កំពូល​ក្នុង​ទីក្រុង​ហាណូយ​រវាង​លោក​ត្រាំ​និង​លោក​គីម​បាន​បរាជ័យ​បន្ទាប់ពី​គូប្រជែង​ទាំងពីរ​មិន​យល់​ស្របគ្នា​ទៅលើ​អ្វីដែល​ទីក្រុង​ព្យុងយ៉ាង​នឹង​សុខចិត្ត​បោះបង់ចោល​ដើម្បី​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​លើ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់ខ្លួន​។ចាប់តាំងពី​ពេលនោះ​មក លោក​មូ​ន​បាន​ព្យាយាម​ស្រោចស្រង់​ផ្នែក​ការទូត​រវាង​មេដឹកនាំ​ទាំងពីរ​នាក់​ហើយ​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ខែ​មុន​សម្រាប់​កិច្ចប្រជុំ​ខ្លី​មួយ​ជាមួយ​លោក​ត្រាំ​៕ AFP