ព័ត៍មានទាន់​ហេតុការណ៏
Search

មាន​បេក្ខជន​ជាង​១.៦០០​នាក់ បាន​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក​-​ក្រុង និង​ក្រុមប្រឹក្សា​ខេត្ដ​សៀមរាប អាណត្តិ​ទី​៣​នេះ ខណៈ​យុទ្ធនាការ​ឃោសនាបោះឆ្នោត នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​

​សៀមរាប ៖ លោក ​នឹម វណ្ណ​សំ ប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក​-​ក្រុង និង​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ មាន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​១.៦៣៤​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៥១៨​នាក់ មកពី​គណបក្ស​នយោបាយ​ចំនួន​០៦​គណបក្ស រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា , គណបក្ស​យុវជន​កម្ពុជា , គណបក្ស​ខ្មែរ​រួបរួម​ជាតិ , គណបក្ស​ឆន្ទៈ​ខ្មែរ , គណបក្ស​សញ្ជាតិ​កម្ពុជា និង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយមាន​អ្នកសង្កេតការ​បោះឆ្នោត​មាន​ចំនួន​៥៦​នាក់ ក្នុងនោះ​មកពី​គណបក្ស​នយោបាយ​ចំនួន​៤៤​នាក់ និង​មកពី​សមាគម​គ្រឹះស្ថានសិក្សា​ចំនួន​១២​នាក់​។​

​លោក នឹម វណ្ណ​សំ មានប្រសាសន៍​ទៀតថា សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ស្រុក​-​ក្រុង និង​ក្រុមប្រឹក្សា​ខេត្ដ​នេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​គិត​មកដល់​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា​នេះ នៅ​មិនទាន់មាន​គណបក្ស​ន​យោ​បាន​ណាមួយ ដែល​បាន​ជូនដំណឹង​ពី​ការឃោសនាបោះឆ្នោត មក​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តសៀមរាប​ឡើយ ដូច្នេះ តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ ជូនដំណឹង​ដល់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​សៀមរាប ដើម្បី​ងាយស្រួល​រៀបចំ​ទីតាំង តាម​ប្រតិទិន​ នៃ​ការ​ឃោសនា​បោះឆ្នោត៕