ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា និង​ចិន​ បាន​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ថែម​១​កម្រិត​ទៀត តាមរយៈ​ការកំណត់​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​-​ចិន​

ភ្នំពេញ ៖ កម្ពុជា និង​ចិន​ បាន​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ថែម​មួយ​កម្រិត​ទៀត តាមរយៈ​ការកំណត់​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​-​ចិន ដែល​បាន​ប្រកាស​ផ្សព្វផ្សាយ​រួមគ្នា​នៅ​រាជ​ធានី​ភ្នំពេញ កាលពី​ខែ​មករា ឆ្នាំ​២០១៩ កន្លងទៅ រីឯ​កម្មវិធី​បិទ​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​-​ចិន​នេះ​នឹង​រៀបចំ​នៅ​ប្រទេស​ចិន​។​

ប្រភពពី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ថ្លែង​ក្នុង​វេទិកា ​នៃ​ការសន្ទនា​ស្ដីពី​អរិយធម៌​អាស៊ី ក្រោម​ប្រធានបទ «​វប្បធម៌ ទេសចរណ៍ និង​ទំនាក់​ទំនាក់​រវាង​ប្រជាជន និង​ប្រជាជន​» ដែល​រៀបចំ​ចាប់ពី​ថ្ងៃ​ទី​១៤-១៧ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​លើកឡើងថា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី នឹង​ផ្ដល់​ឱកាស​ដល់​ប្រទេស​ទាំងអស់​តាម​វិថី​សូត្រ រួមគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​។​

ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​នេះ គឺ​អាច​ធ្វើឡើង​តាមរយៈ​ការ​បង្កើត​កញ្ចប់​ទស្សនកិច្ច​ នៃ​ផលិតផល​ទេសចរណ៍​វប្បធម៌​រួមគ្នា ហើយ​ការ​ត.ភ្ជាប់​នេះ​នឹង​ចូលរួម​ជំរុញ​ឲ្យ​មាន​សន្តិភាព ការយោគយល់​គ្នា និង​ទំនាក់ទំនង​រវាង​ប្រជាជាតិ​នានា​ផង​ដែរ​។​

អង្គ​វេទិកា​ខាងលើ​បាន​រំលឹកថា ពិភពលោក​បាន​ចាត់ទុក​ប្រទេស​ចិន​ជា​គោលដៅ​ទេសចរណ៍ និង​ជាទី​ផ្សារ​ទេសចរណ៍​ដ៏​ធំ​របស់​ពិភពលោក ដោយ​ឆ្នាំ​២០១៨ កន្លងទៅ ចិន​បាន​ទទួល​ទេសចរ​ចំនួន ១៤០​លាន​នាក់ ហើយ​ជនជាតិ​ចិន​ចេញ​ទស្សនា​ក្រៅ​ប្រទេស​កើន​ដល់​១៦០​លាន​នាក់​។​

ខណៈ​ដែល​ប្រទេស​ទាំងអស់​លើ​ពិភពលោក​សុទ្ធ​តែ​មាន​គោលនយោបាយ​ទាក់ទាញ​ទេសចរ​ចិន លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ចែករំលែក​ជូន​អង្គ​វេទិកា​ថា កម្ពុជា​ បាន​រៀបចំ និង​កំពុង​អនុវត្ត​សៀវ​ភៅ​ស្ដីពី China Ready ដែល​ជា​ឯកសារ​គោល​សម្រាប់​ទាក់ទាញ និង​ផ្ដល់​សេវា​ដល់​ទេសចរ​ជនជាតិ​ចិន ព្រមទាំង​បាន​រៀបចំ និង ​អនុវត្ត​យុទ្ធសាស្ត្រ​ទីផ្សារ​ទាក់ទាញ​ទេសចរ​ចិន ឆ្នាំ​២០១៦-២០២០​។​

លើស​ពី​នេះ​ទៀត កម្ពុជា និង ​ចិន​ បាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ថែម​មួយ​កម្រិត​ទៀត តាមរយៈ​ការ​កំណត់​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​-​ចិន ដែល​បាន​ប្រកាស​ផ្សព្វផ្សាយ​រួម​គ្នា​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​មករា ឆ្នាំ​២០១៩ កន្លងទៅ រីឯ​កម្មវិធី​បិទ​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​-​ចិន​នេះ​នឹង​រៀបចំ​នៅ​ប្រទេស​ចិន​។​
​កិច្ច​សហ​ប្រតិបត្តិការ​ទេសចរណ៍​ចិន​-​កម្ពុជា នឹង​កាន់តែ​ឈានឡើង​កាន់តែ​ខ្លាំងក្លា​ថែមទៀត ក្រោម​ស្មារតី​ នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ នៃ​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ដែល​ប្រមុខ​ដឹកនាំ ​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា នា​ឱកាស​កិច្ចប្រជុំ​កំពូល​ខ្សែក្រវាត់ និង​វិថី នៅ​ទីក្រុង​ប៉េកាំង​នា​ពេល​កន្លងទៅ​ថ្មីៗ​។​

សូម​រំលឹក​ថា ឆ្នាំ​២០១៨ កម្ពុជា​បាន​ទទួល​ទេសចរ​អន្តរជាតិ​ចំនួន​៦.២​លាន​នាក់ ក្នុង​កំណើន​១១% ក្នុង​នោះ​ទេសចរ​ជនជាតិ​ចិន​មាន​ចំនួន​២.០២​លាន​នាក់ កើន​ឡើង​៦៧%​។ ​រយៈពេល​៣​ខែ ដើម​ឆ្នាំ​២០១៩​នេះ កម្ពុជា​ បាន​ទទួល​ទេសចរ​អន្តរជាតិ​ប្រមាណ​ជាង​១.៨​លាន​នាក់ កើន​ឡើង ៩.៧% ក្នុង​នោះ​ទេសចរ​ជនជាតិ​ចិន​មាន​ប្រមាណ​ជាង​៦៨​ម៉ឺន​នាក់ កើន​ជាង​៣៥% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114