ព័ត៍មានទាន់​ហេតុការណ៏
Search

Facebook នឹង​រឹតបន្តឹង​មុខងារ​ផ្សាយ​ផ្ទាល់​ដើម្បី​បង្ក្រាប​ការផ្សាយ​ពី​ករណី​ហិង្សា​នានា

ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​កំពុង​រឹតបន្តឹង​សិទ្ធិ​ផ្សាយ​ផ្ទាល់​ដើម្បី​ការពារ​ការចែក​ចាយ​វីដេអូ​ក្រាហ្វិក​ដែល​នឹង​ពិបាក​ទប់ស្កាត់​ធ្វើឡើង​នៅ​ទី​សម្លាប់​រង្គាល​វិហារ​សាសនា​គ្រឹះ​។​

អនុប្រធាន​អង្គភាព​សុចរិត​ភាព លោក Guy Rosen បាន​លើកឡើងថា អ្នក​ដែល​បានធ្វើ​ខុស​នឹង​បទបញ្ញត្តិ​ជាក់លាក់​ណាមួយ រួមទាំង​អ្នក​ដែល​ប្រព្រឹត្ត​ប្រឆាំងនឹង​គោលការណ៍ “​ស្ថាប័ន​និង​បុគ្គល​គ្រោះថ្នាក់​” នឹងត្រូវ​ហាមឃាត់​លែងឱ្យ​ប្រើ​មុខងារ​ផ្សាយ​ផ្ទាល់​របស់​ហ្វេ​ស​ប៊ុ​ក​ទៀតហើយ​។​

លោក​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា “​បន្ទាប់ពី​មាន​ករណី​វាយប្រហារ​ពី​ពួក​ភេរវជន​ដ៏​គួរឱ្យ​តក់ស្លុត​ក្នុងប្រទេស​ញូ​វ​ហ្សេ​លេន​កាលពីពេល​ថ្មីៗ​នេះ​មក យើង​បាន​ពិនិត្យមើល​ឡើងវិញ​នូវ​អ្វីដែល​យើង​អាច​ធ្វើបាន​ដើម្បី​ដាក់​កំហិត​សេវាកម្ម​របស់​យើង​ពី​ការប្រើប្រាស់​ដែល​នាំឱ្យមាន​គ្រោះថ្នាក់ ឬ​ធ្វើឱ្យ​កើនឡើង​នៃ​ភាព​ស្អប់ខ្ពើម​គ្នា​កាន់តែច្រើន​។​”

កាលពី​ខែមីនា មាន​បុរស​ស្បែក​ស​ជ្រុលនិយម​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​៥១​នាក់​នៅ​វិហារ​សាសនា​គ្រឹះ​ចំនួន​២​កន្លែង និង​បាន​ថត​វីដេអូ​ផ្សាយ​ផ្ទា​ល់ពី​ករណី​បាញ់សម្លាប់​នេះ​នៅលើ​ហ្វេ​ស​ប៊ុ​កដោយ​ប្រើ​កាមេរ៉ា​ពាក់​លើ​ក្បាល​។

លោក Rosen បាន​បន្ថែមថា គោលការណ៍ “one-strike” លើ​មុខងារ​ផ្សាយ​ផ្ទាល់​របស់​ហ្វេ​ស​ប៊ុ​ក​នឹងត្រូវ​អនុវត្ត​លើ​អ្នក​ដែល​ផ្សព្វផ្សាយ​ទ្រង់ទ្រាយ​ធំ​ទាំងឡាយណា​ដែល​បាន​ប្រព្រឹត្តល្មើស ហើយ​អ្នក​ដែល​ប្រឆាំងនឹង​គោលការណ៍​ធ្ងន់ធ្ងរ​ទាំងនេះ​នឹងត្រូវ​បញ្ឈប់​លែងឱ្យ​ប្រើ​មុខងារ​នេះ​តែម្ដង ក្រោយពី​បានធ្វើ​ល្មើស​ទោះបី​តែ​មួយដង​ក៏ដោយ​។ ការប្រព្រឹត្ត​ល្មើស​នឹង​រាប់បញ្ចូល​ទាំង​ការ​ចែកចាយ Link ឬ​សេចក្ដីថ្លែងការណ៍​ពី​ក្រុម​ភេរវជន​មិន​ថា​ក្នុង​បរិបទ​ណាក៏ដោយ​។

ជាង​នេះដែរ ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​ក៏បាន​ប្រកាសថា​ខ្លួន​កំពុង​ដាក់​ទឹកប្រាក់​៧,៥​លាន​ដុល្លារ​ក្នុង​ភាព​ដៃគូ​ស្រាវជ្រាវ​ជាមួយ​សាកលវិទ្យាល័យ​អាមេរិក​ចំនួន​៣​ដើម្បី​កែលម្អ​បច្ចេកវិទ្យា​វិភាគ​រូប​និង​វីដេអូ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114