ព័ត៍មានទាន់​ហេតុការណ៏
Search

ហ្វីលីពីន​កោះហៅ​បេសកជន​ដោយសារ​ជម្លោះ​អំពី​បញ្ហា​សំរាម​ជាមួយ​កាណាដា​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ក្រុង​ម៉ានីល​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ហ្វីលីពីន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​កាណាដា​នៅ​ក្នុង​ការ​បង្កើន​ជម្លោះ​ការទូត​មួយ​ពាក់ព័ន្ធ​នឹង​សំរាម​រាប់​តោន​ដែល​ដឹកជញ្ជូន​ទៅកាន់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។

​ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​យ៉ាប់យ៉ឺន​ចាប់​តាំងពី​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​កាណាដា​បាន​បញ្ជូន​កុងតឺន័រ​ប្រហែល​១០០​រួមបញ្ចូល​ទាំង​សំរាម​ដែល​ត្រូវ​បាន​ដាក់​ស្លាក​ខុស​ថា​ជា​កាកសំណល់​ដែល​អាច​យក​ទៅ​ប្រើប្រាស់​ឡើងវិញ​បាន​ផង​ដែរ​ទៅ​កំពង់ផែ​ហ្វីលីពីន​ក្នុង​ឆ្នាំ​២០១៣​និង​២០១៤​។

​ក្រុង​ម៉ានីល​បាន​ដាក់​ថ្ងៃ​ផុតកំណត់​នៅ​ថ្ងៃទី​១៥​ខែឧសភា​ឲ្យ​ប្រទេស​កាណាដា​យក​សំរាម​ស្អុយ​រលួយ​ទៅវិញ​បន្ទាប់ពី​លោក​ប្រធានាធិបតី Rodrigo Duterte រិះគន់​ក្រុង​អូ​តា​វ៉ា​លើ​បញ្ហា​នេះ​កាលពី​ខែ​មុន​។ចាប់តាំងពី​ពេលនោះ​មក ប្រទេស​កាណាដា​បាន​និយាយ​ថា ខ្លួន​កំពុង​ធ្វើការ​ដើម្បី​រៀបចំ​ការ​វិល​ត្រលប់​របស់​កុងតឺន័រ​ទាំងនេះ​ប៉ុន្តែ​មិនបាន​និយាយ​ថា​តើ​ពេលណា​ទើប​វា​អាច​កើតឡើង​នោះទេ​។

រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​លោក Teodoro Locsin បាន​និយាយ​ថា លិខិត​ដែល​កោះហៅ​ឯក​អគ្គ​រដ្ឋទូត​និង​បុគ្គលិក​ស្ថាន​កុងស៊ុល​ប្រចាំ​ប្រទេស​កាណាដា​ត្រូវ​បាន​បញ្ជូន​ទៅ​ហើយ​អ្នកការទូត​ទាំងនោះ​នឹង​មកដល់​ទីក្រុង​ម៉ានីល​ក្នុង​រយៈពេល​មួយថ្ងៃ​។លោក Locsin បាន​សរសេរ​នៅ​លើ Twitter ថា “​ប្រទេស​កាណាដា​បាន​ខកខាន​ថ្ងៃ​កំណត់​នៅ​ថ្ងៃ​ទី​១៥​ខែ​ឧសភា​ហើយ​យើង​នឹង​បន្ត​កាត់បន្ថយ​វត្តមាន​អ្នកការទូត​នៅ​ប្រទេស​កាណាដា​រហូត​ទាល់តែ​សំរាម​របស់​ខ្លួន​ត្រូវ​បាន​ដឹក​យក​ទៅ​ទីនោះ​វិញ​”​។

យ៉ាងណាក៏ដោយ ក្រសួងការបរទេស​កា​ណា​ដា​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការ​បំភ្លឺ​ទេ​។បញ្ហា​សំរាម​នេះ​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​ភាព​តានតឹង​។ ទំនាក់ទំនង​ត្រូវ​បាន​ធ្វើតេស្ត​រួច​ទៅ​ហើយ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau បាន​ចោទសួរ​អំពី​ការ​បង្ក្រាប​គ្រឿងញៀន​ដ៏​សាហាវ​របស់​លោក Duterte៕ AFP