ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​ជី​ហាដ​និយម​វិល​ត្រឡប់មក​តុលាការ​វិញ​ពាក់ព័ន្ធ​ការធ្វើឃាត​ស្ត្រី​ស្កេ​ន​ឌី​ណាវី​ពីរ​នាក់​

អ្នកលក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​ម្នាក់ អ្នក​បូម​លូ​ម្នាក់ និង​ជាងឈើ​ម្នាក់​គឺ​ស្ថិត​ក្នុងចំណោម​ជនសង្ស័យ​ជី​​ហាដ​ចំនួន​២៤​នាក់​ដែល​ត្រូវ​វិល​ត្រឡប់​ទៅ​តុលាការ​ម៉ារ៉ុក​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​ដ៏​ឃោរឃៅ​លើ​អ្នកទេសចរ​ស្កេន​ឌីណាវី​ពីរ​នាក់​។

និស្សិត​ជនជាតិ​ដា​ណឺ​ម៉ាក​ម្នាក់​ឈ្មោះ Louisa Vesterager Jespersen អាយុ​២៤​ឆ្នាំ​និង​ជនជាតិ​ន័​រ​វែ​ស​អាយុ​២៨​ឆ្នាំ​ឈ្មោះ Maren Ueland ត្រូវ​បាន​គេ​វះ​បំពង់ក​មុន​ពេល​ពួកគេ​ត្រូវ​បាន​កាត់​ក្បាល​កាលពី​ខែ​ធ្នូ​នៅ​ទីតាំង​ដាច់​ស្រយាល​មួយ​ក្នុង​តំបន់​ជួរ​ភ្នំ High Atlas​។

​ជនសង្ស័យ​សំខាន់ៗ​ទាំងអស់​គឺ​សុទ្ធតែ​មកពី​តំបន់ Marrakech នៅ​ជិត​ទីតាំង​នៃ​ការ​សម្លាប់​នោះ​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​អាហ្វ្រិក​ខាងជើង​មួយ​នេះ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​អាយុ​២៥​ឆ្នាំ​ឈ្មោះ Abdessamad Ejjoud គឺជា​អ្នក​ដែល​គេ​សង្ស័យ​ថា​ជា​មេដឹកនាំ​នៃ​ក្រុម​នេះ​។ គាត់​ត្រូវ​បាន​ដាក់គុក​ដោយសារ​តែ​ការ​ព្យាយាម​ចូលរួម​ក្នុង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​ស៊ី​រី​ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​កាលពី​ឆ្នាំ​២០១៥​។

​ចំណែក​លោក Younes Ouaziyad អាយុ​២៧​ឆ្នាំ​និង Rachid Afatti អាយុ​៣៣​ឆ្នាំ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះថា​ជា​ជនសង្ស័យ​សំខាន់​ពីរ​នាក់​ផ្សេងទៀត​។ អ្នក​ផ្សេងទៀត​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​មាន​ទំនាក់ទំនង​ជាមួយ​ឃាតក​និង​បង្កើត​ជា​ផ្នែក​មួយ​នៃ “​ក្រុម​ភេរវជន​”​។

​ចុងចោទ​សំខាន់ៗ​បី​នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចូលរួម​ដោយ​ផ្ទាល់​គឺ​អាច​ប្រឈម​នឹង​ការ​កាត់​ទោស​ប្រហារជីវិត​។ជនជាប់ចោទ​សរុប​ចំនួន​២៤​នាក់​បាន​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​នៅ​ទីក្រុង Sale ក្បែរ​រាជធានី Rabat ដើម្បី​ប្រឈម​នឹង​ការចោទប្រកាន់​នានា​រួម​ទាំង​ការ​លើក​កម្ពស់​អំពើ​ភេរវកម្ម​បង្កើត​ក្រុម​ភេរវជន​និង​ឃាតកម្ម​គិតទុក​ជាមុន​ផង​ដែរ​។

​គួរ​បញ្ជាក់​ថា សវនាការ​បើកចំហ​មួយ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២​ខែ​ឧសភា​ប៉ុន្តែ​បាន​ផ្អាក​ភ្លាមៗ​សម្រាប់​រយៈពេល​ពីរ​សប្ដាហ៍​ទៀត​បន្ទាប់ពី​មេធាវី​ការពារ​ក្តី​បាន​ស្នើសុំ​ពេលវេលា​បន្ថែម​ដើម្បី​រៀបចំ​សំណុំរឿង​របស់​ពួកគេ​៕ AFP