ព័ត៍មានទាន់​ហេតុការណ៏
Search

សេចក្ដី​រាយការណ៍​៖ ចិន​ចាប់ខ្លួន​អតីត​អ្នកការទូត​និង​អ្នកជំនួញ​ជនជាតិ​កាណាដា​ជា​ផ្លូវការ​

​កាសែត​កាណាដា​មួយ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ចិន​បាន​ចាប់ខ្លួន​ជា​ផ្លូវការ​លើ​ជនជាតិ​កាណាដា​ពីរ​នាក់​ដែល​ត្រូវ​បាន​ឃុំឃាំង​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​ជាតិ​ដែល​នេះ​ជា​ករណី​មួយ​បាន​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​និង​ប៉េកាំង​។

​ប្រភព​រដ្ឋាភិបាល​កាណាដា​បាន​ប្រាប់​កាសែត Globe and Mail ថា ទាំង​លោក Michael Kovrig ដែល​ជា​អតីត​អ្នកការទូត​និង​លោក Michael Spavor ដែល​ជា​អ្នកជំនួញ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ដែល​បាន​រៀបចំ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​គឺ​ត្រូវ​បាន​គេ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​ល្មើស​នានា​។

ក្រសួងការបរទេស​កា​ណា​ដា​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា “​ប្រទេស​កាណាដា​សូម​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់ខ្លួន​តាម​អំពើ​ចិត្ត​របស់​ពួកគេ​ដូចដែល​យើង​បាន​ថ្កោលទោស​ការ​ឃុំ​ឃាំង​ដោយ​បំពាន​របស់​ពួកគេ​កាលពី​ថ្ងៃ​ទី​១០​ខែ​ធ្នូ​”​។

​ថ្វីបើ​មិន​មាន​ទំនាក់ទំនង​ផ្លូវការ​ណាមួយ​ត្រូវ​បាន​គេ​បង្ហាញ​ក៏ដោយ​, ការ​ឃុំ​ឃាំង​លោក Spavor និង Kovrig ត្រូវ​បាន​គេ​គិត​ថា​ជា​ការ​សងសឹក​ចំពោះ​ការ​ឃុំ​ឃាំង​កាលពី​ថ្ងៃទី១ខែធ្នូ​តាម​សំណើ​ធ្វើ​បត្យាប័ន​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​លោកស្រី Meng Wanzhou ដែល​ជា​នាយក​ប្រតិបត្តិ​កំពូល​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ទណ្ឌកម្ម​អ៊ីរ៉ង់​។

​បុរស​ទាំងពីរ​ត្រូវ​បាន​គេ​ចោទប្រកាន់​លើកដំបូង​ចំពោះ​សកម្មភាព​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​របស់ ចិន​ដែល​ករណី​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​ញឹកញាប់​ដោយ​ទីក្រុង​ប៉េកាំង​នៅ​ពេល​ចោទប្រកាន់​ចារកម្ម​។ក្រោយមក ប្រទេស​ចិន​បាន​ប្រកាស​ថា ខ្លួន​សង្ស័យ​ថា លោក Kovrig ​បាន​ធ្វើ​ចារកម្ម​និង​លួច​អាថ៌កំបាំង​រដ្ឋ​ហើយ​បាន​ចោទ​ប្រកាន់​ថា លោក Spavor បាន​ផ្ដល់​ឲ្យ​គាត់​នូវ​ព័ត៌មាន​សម្ងាត់​។

​ការចោទប្រកាន់​ពី​បទ​ចារកម្ម​នេះ​អាច​ធ្វើ​ឲ្យ​ពួកគេ​ជាប់ពន្ធនាគារ​យ៉ាង​លំបាក​។បុរស​ទាំងពីរ​នាក់​នេះ​ត្រូវ​បាន​គេ​បដិសេធ​ទទួល​បាន​មេធាវី​ហើយ​អនុញ្ញាត​ឲ្យ​មាន​ត្រឹមតែ​ការ​ចុះ​សួរសុខទុក្ខ​ដោយ​កុងស៊ុល​ប្រចាំខែ​ប៉ុណ្ណោះ​។មិន​មាន​ព័ត៌មាន​លម្អិត​ស្ដីពី​ការ​ឃុំ​ឃាំង​ឬ​ស្ថានភាព​សុខភាព​របស់​បុរស​ទាំង​ពីរ​ត្រូវ​បាន​បង្ហាញ​ទេ​ដោយសារតែ​ច្បាប់ឯកជន​របស់​កាណាដា​ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​និយាយ​ថា ពួកគេ​នឹង​ទាមទារ​ឲ្យ​មានការ​ចូល​ទៅ​ដល់​ជន​ជាប់ឃុំ​ទាំងពីរ​នេះ​បន្ថែម​ទៀត​៕ AFP