ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​អនុប្រធាន​អគ្គសេនាធិការ​នៃ​កងទ័ព​វៀតណាម​

​ភ្នំពេញ ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក កាលពី​ថ្ងៃ​ពុធ ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ង្វៀន តាន់​គឿង (NGUYEN TAN CUONG) អនុប្រធាន​អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​វៀតណាម​។​

កិច្ចពិភាក្សា​នោះ ធ្វើឡើង​ក្នុង​គោលបំណង​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​ពង្រឹង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​រួមគ្នា ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ NGUYEN TAN CUONG បាន​សម្តែង​ការអបអរសាទរ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ដែល​ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​តែងតាំង ជា​មេបញ្ជាការ​កងទ័ពជើងគោក​នាពេល​ថ្មីៗ​។

លោក​ជឿជាក់ថា ​ក្រោម​ការដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ទំនាក់ទំនង​កងទ័ព​ប្រជាជន​វៀតណាម និង​កង​យោធពល​ខេមរភូមិន្ទ នឹង​កាន់តែ​ភាពរឹងមាំ និង​ពង្រីក​បន្ថែមទៀត​។ លោក បាន​បន្តថា កងទ័ព​ប្រជាជន​វៀតណាម នឹង​បន្ត​ជួយ​គាំទ្រ ដល់​កងយោធពល​ខេមរភូមិន្ទ ក្នុង​ការកសាង​សមត្ថភាព​យោធិន ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវ័ន្ត​ក្នុង​វិស័យ​ការពារជាតិ​។​

នៅក្នុង​ឱ​កាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​អំណរគុណ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ របស់​កងទ័ព​វៀតណាម ចំពោះ​រូបលោក និង​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​។ លោក​បន្តថា ទំនាក់ទំនង កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ប្រជាជន​វៀតណាម ជា​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ ហើយ​លើសពីនេះ​ទៀត ប្រទេស​ទាំងពីរ ជា​ប្រទេស​ភូមិ​ផង​របង​ជាប់​គ្នា​។

លោក​បញ្ជាក់ថា កងទ័ព​នៃ​ប្រទេស​ទាំងពីរ ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​រក្សា​សន្តិភាព ស្ថិរភាព​តាម​បណ្តោយ​ព្រំដែន ដែល​បង្កើត​បានជា​ព្រំដែន ដែល​មាន​ការ​អភិវឌ្ឍ​តាម​គោលការណ៍​របស់​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114