ព័ត៍មានទាន់​ហេតុការណ៏
Search

មានការ​ព្រួយបារម្ភ​នៅពេល​ប្រទេស​ស្រីលង្កា​តែងតាំង​ជាថ្មី​នៃ​ឧ​ត្ត​ម​ស​នី​យ​ម្នាក់​ដែល​រង​ការចោទប្រកាន់​ធ្វើឃាត​អ្នកកាសែត​

​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការសម្រេចចិត្ត​របស់​ក​ង​ទ័ព​ស្រីលង្កា​ក្នុង​ការ​តែងតាំង​ជាថ្មី​ចំពោះ​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​វាយប្រហារ​ប្រឆាំង​អ្នកកាសែត​រួម​ទាំង​ការ​ធ្វើឃាត​អ្នកនិពន្ធ​ជាន់ខ្ពស់​ម្នាក់​ផង​ដែរ​។

​គណៈកម្មាធិការ​ការ​ពារ​អ្នកកាសែត (CPJ) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​បាន​និយាយ​ថា ការតែងតាំង​លោក​ឧត្ដមសេនីយ៍​ Prabath Bulathwatte ជាថ្មី​បាន​បង្កើត​ជា​ការ​គំរាមកំហែង​ថ្មី​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្រោម​ច្បាប់​រដ្ឋ​ក្នុង​ភាព​អាសន្ន​បន្ទាប់ពី​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃបុណ្យ Easter ។

​លោក Bulathwatte ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១៧​ទាក់ទង​នឹង​ការវាយប្រហារ​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​អំឡុង​អតីត​របប​របស់​លោក​ប្រធានាធិបតី Mahinda Rajapakse ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ​។

ទោះបីជា​យ៉ាងណាក៏ដោយ មេបញ្ជាការ​កងទ័ព​លោក Mahesh Senanayake កាលពី​សប្ដាហ៍​មុន​បាន​ប្រាប់​បណ្ដាញ​ទូរទស្សន៍​ក្នុងស្រុក​មួយ​ថា លោក Bulathwatte ត្រូវ​បាន​តែងតាំង​ជាថ្មី​ដើម្បី​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជី​ហាដ​ក្នុងស្រុក​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃទី​២១​ខែមេសា​ដែល​ក្នុង​នោះ​មាន​មនុស្ស​ចំនួន​២៥៨​នាក់​បាន​ស្លាប់​។

លោក Steven Butler អ្នក​សម្រប​សម្រួល​កម្ម​វិធី​អាស៊ី​របស់ CPJ បាន​និយាយ​ថា “​ការ​លើក​កម្ពស់​តួនាទី​មន្ត្រី​ចារកម្ម​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​សម្លាប់​អ្នកកាសែត​ម្នាក់​និង​ការ​ធ្វើ​ទារុណកម្ម​អ្នកកាសែត​ពីរ​នាក់​ផ្សេងទៀត​គឺ​បាន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អះ​អាង​របស់​ប្រទេស​ស្រីលង្កា​ដែល​ថា ខ្លួន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​និទ្ទណ្ឌភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នកកាសែត​”​។

​លោក Lasantha Wickrematunge ត្រូវ​បាន​ចាក់​សម្លាប់​ដោយ​សមាជិក​នៃ​អង្គភាព​ស៊ើបការណ៍​សម្ងាត់​យោធា​នៅក្នុង​ខែមករា​ឆ្នាំ​២០០៩​។ កំណត់ត្រា​តុលាការ​បានដាក់​ឈ្មោះ លោក Bulathwatte ថា​ជា​ជនសង្ស័យ​សំខាន់​។លោក Butler នៃ CPJ បាន​និយាយថា ការតែងតាំង​លោក Bulathwatte ជាថ្មី​នឹង​បង្កើតជា​ការគំរាមកំហែង​ថ្មី​ដល់​អ្នកសារព័ត៌មាន​នៅ​ក្នុងប្រទេស​ស្រីលង្កា​ដែលជា​កន្លែង​មិនមាន​សុវត្ថិភាព​សម្រាប់​អ្នកកាសែត​ក្នុង​ការធ្វើការងារ​រប​ស់​ពួកគេ​៕ AFP