ព័ត៍មានទាន់​ហេតុការណ៏
Search

ចូល​លួច​ទូរស័ព្ទ​ក្នុង​ការដ្ឋាន​សំណង់​បាន​សម្រេច តែ​ត្រូវ​ពលរដ្ឋ​ និង​ម្ចាស់​ការដ្ឋាន​តាម​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

សៀមរាប ៖ យប់​ស្ងាត់​ឆ្មក់​ចូល​លួច​ទូរស័ព្ទ​ក្នុង​ការដ្ឋាន​សំណង់ បានសម្រេច តែ​ត្រូវ​ពលរដ្ឋ​ និង​ម្ចាស់​ការដ្ឋាន​តាម​ចាប់​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ ឃាត់​ខ្លួន​ចាត់ការ​តាមច្បាប់។

ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​០២​និង​០០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​-​ខេត្ត​សៀមរាប។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​​ជនសង្ស័យ​​​​ ដែល​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​ករណី អំពើ​លួច (​ទូរស័ព្ទ​ដៃ​)​​ ​មាន​ឈ្មោះ ចាន់ កឹ​ក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​​​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​-​ខេត្ត​សៀមរាប។

សមត្ថកិច្ច​បន្តថា ដំណើររឿង នៅ​វេលា​ម៉ោង​០២​និង​០០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​-​ខេត្ត​សៀមរាប ជនរងគ្រោះ​ ឈ្មោះ សុខ សុជាតិ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេការ​សំណង់ ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​-​ខេត្ត​សៀមរាប កំពុង​គេង​លក់​នៅ​លើ​គ្រែ ដោយ​ទុក​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​នៅ​លើ​ក្បាល​ដំណេក ទូរស័ព្ទ​ដៃ​ទាំង​០២​គ្រឿង​នោះ ១/​ម៉ាក​OPPO S11 ពណ៌​ស្លែ និង​២/​ម៉ាក SAMSUNG J2″ ពណ៌​ទឹកមាស​។ ពេលនោះ​ជនសង្ស័យ ​ឈ្មោះ ចាន់ កឹ​ក បានធ្វើ​សកម្មភាព​ចូល​ទៅ​លួច​យក​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ខាងលើ ពេលដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ត្រូវបាន​ជនរង​គ្រោះ​ភ្ញាក់​ទាន់ ហើយ​ជនសង្ស័យ​បានរ​ត់ទៅ​ឡើង​ជិះ​ម៉ូតូ​របស់គេ​ចំនួន​០១​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម​-​ឈាមជ្រូក ពាក់​ស្លាកលេខ​សៀមរាប​១M-៥១៤៦ លេខ​ម៉ាស៊ីន​C100E ១៥១៤ ដែល​ចត​ទុក​នៅ​ខាង​ក្រៅរបង ដើម្បី​ជិះ​គេច​ខ្លួន ប៉ុន្តែ​ត្រូវបាន​ជនរងគ្រោះ​នាំគ្នា​តាម​ចាប់​ឃាត់ខ្លួន​ជន​សង្ស័យ​រូបនេះ​បាន​ភ្លាមៗ និង​ប្រគល់​ជនសង្ស័យ​រូបនេះ​មក​ឲ្យ​សមត្ថកិច្ច​ធ្វើការ​សាកសួរ។

ក្រោយពី​ការសាកសួរ ​ជនសង្ស័យ​រូបនេះ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​ទូរស័ព្ទ​ដៃ របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។​

បច្ចុប្បន្ន​ កម្លាំង​នគរបាល​មូលដ្ឋាន​ នៃ​ក្រុង​សៀមរាប កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាង​លើ​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕