ព័ត៍មានទាន់​ហេតុការណ៏
Search

Huawei មានបំណង​ពង្រីក​អាជីវកម្ម​សហគ្រាស​រប​ស់​ខ្លួន ស្របពេល​នៃ​ការពិនិត្យ​ពិច័យ​វិស័យ​ទូរគមនាគមន៍​សំខាន់ៗ

ក្រុមហ៊ុន Huawei Technologies បាន​លាតត្រដាង​នូវ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ថ្មី​មួយ​កាលពី​ថ្ងៃ​ពុធ ក្នុង​គោលបំណង​ពង្រីក​អាជីវកម្ម​សហគ្រាស​រប​ស់​ខ្លួន និង​ប្រកួតប្រជែង​ជាមួយ​ដៃគូ​ក្នុងប្រទេស​ភាគ​ខាងលិច​ដូចជា Oracle Corp ក្នុងប្រទេស​ចិន ស្របពេល​មានការ​លូតលាស់​នៃ​ការពិនិត្យ​ពិច័យ​លើ​អាជីវកម្ម​ទូរគមនាគមន៍​ចម្បង​របស់ខ្លួន​។​

ក្រុមហ៊ុន​នេះ​បានឱ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ដោយ​បង្ហាញ​ពី​កម្មវិធី​គ្រប់គ្រង​ទិន្នន័យ​ថ្មី​របស់ខ្លួន​ឈ្មោះថា GaussDB ដែល​ត្រូវបាន​គាំទ្រ​ដោយ​បច្ចេកវិទ្យា​ភាព​វ័យឆ្លាត​សិប្បនិម្មិត (AI) ហើយ​ដំណើរការ​សម្រាប់​ប្រើ​ក្នុង​សេវា​របស់​ក្រុមហ៊ុន​ក៏ដូចជា​ជាមួយ Cloud ផងដែរ​។

ការបោះ​ជំហាន​នេះ​ធ្វើឡើង​ស្របពេល​នៃ​ការរីកចម្រើន​ការត្រួតពិនិត្យ​ជា​លក្ខណៈ​អន្តរជាតិ​លើ​អាជីវកម្ម​ទូរគមនាគមន៍​សំខាន់​របស់ Huawei ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ព្យាយាម​ញុះញង់​សម្ព័ន្ធមិត្ត​របស់ខ្លួន​ថា ក្រុមហ៊ុន Huawei បាន​បង្កឱ្យមាន​ហានិភ័យ​ផ្នែក​សន្តិសុខ​ជាតិ​។​
Huawei កំពុង​ព្យាយាម​ពង្រីក​សេវាកម្ម​អាជីវកម្ម​សហគ្រាស​រប​ស់​ខ្លួន​ដែល​ប្រើ​ដើមទុន​ប្រហែល​១០%​នៃ​ប្រាក់ចំណូល​សរុប ខណៈ​ភាគហ៊ុន​ក្នុង​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​នៅតែ​បន្ត​កើនឡើង​ក្នុង​ទីផ្សារ​ពិភពលោក​ដែល​កំពុង​ធ្លាក់ចុះ​នេះ​។​

អង្គភាព​ប្រឹក្សា​ឧស្សាហកម្ម IDC បានលើកឡើង​នៅក្នុង​របាយការណ៍​ខែ​នេះ​ថា ទីផ្សារ​ប្រព័ន្ធ Cloud និង​កម្មវិធី​គ្រប់គ្រង​ទិន្នន័យ​នឹង​រំពឹងថា​កើនឡើង​ពី​១០៥​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ដល់​៦៥០​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​២០២៣ ដោយសារតែ​កំណើន​នៃ​តម្រូវការ​សេវាកម្ម Cloud​។ Huawei គឺជា​អ្នកដើរតួ​ដ៏​ធំជាងគេ​បង្អស់​ដោយមាន​ចំណែក​១​ភាគ​៥​នៃ​ទីផ្សារ ដែល​តាម​ប្រកិត​ពីក្រោយ​ដោយ​ក្រុមហ៊ុន Vmware របស់​អាមេរិក​៕ REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114