ព័ត៍មានទាន់​ហេតុការណ៏
Search

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Jet Airways របស់​ឥណ្ឌា​លាលែង​ពី​តំណែង​

ក្រុមហ៊ុន​អាកាសចរណ៍ Jet Airways ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា នាយក​ប្រតិបត្តិ​របស់ខ្លួន និង​នាយក​ផ្នែក​ហិរញ្ញវត្ថុ​បាន​លាលែង​ពី​តំណែង​ហើយ ដែល​កាន់តែ​បន្ថែម​ភាពស្រពិចស្រពិល​ចំពោះ​ជោគជតា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​។​

ក្រុមហ៊ុន​អាកាសចរណ៍​ដែល​កំពុង​ជាប់បំណុល​វ័ណ្ឌក​មួយ​នេះ​បាន​និយាយថា នាយក​ប្រតិបត្តិ​លោក Vinay Dube បាន​លាលែង​ពី​តំណែង​ដោយសារ​មូលហេតុ​ផ្ទាល់ខ្លួន​។ លោក Dube ដែល​កាលពីមុន​ជា​អគ្គនាយក​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Delta Air Lines Inc. ត្រូវបានតែងតាំង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Jet កាលពី​២​ឆ្នាំមុន​។​

អាកាសចរណ៍ Jet ដែល​ជាប់បំណុល​ជាង​១​ពាន់​លាន​ដុល្លារ បាន​ជាប់គាំង​ដំណើរកា​រ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដោយសារ​ខកខាន​មិនបាន​បង់ប្រាក់​កម្ចី និង​មិនមាន​លទ្ធភាព​បង់ប្រាក់​ឈ្នួល​ដល់​បុគ្គលិក​និង​ថ្លៃ​ជួល​យន្តហោះ​។

ធនាគារ​ដែល​ផ្ដល់ប្រាក់​កម្ចី​សំខាន់បំផុត​របស់​ក្រុមហ៊ុន Jet គឺ​ធនាគារ​រដ្ឋ​ឥណ្ឌា (SBI) ត្រូវ​បានស្នើ​កាលពីដើម​ខែឧសភា​នេះ​ឱ្យ​ទិញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ហើយ​កាលពី​ថ្ងៃ​សុក្រ​នេះ ខាង​ធនាគារ​បានឱ្យដឹងថា ខ្លួន​បានទទួល​ការដេញថ្លៃ​ដែល​មិនទាន់​ដាច់​ស្រលះ​ចំនួន​២​។​
​ដោយឡែក ក្រុមហ៊ុន​អាកាសចរណ៍ Etihad Airways PJSC បាន​និយាយថា ខ្លួន​មានបំណង​វិនិយោគ​ឡើងវិញ​ក្នុង​ភាគហ៊ុន​តិចតួច​ទៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​នៅ​ចុងបញ្ចប់​នៃ​ដំណើរការ​ដេញថ្លៃ​កាលពី​សប្ដាហ៍​មុន ដោយ​ទុកឱ្យ​អ្នកវិនិយោគ​ដទៃទៀត​ចាត់ចែង​ក្នុង​ភាគហ៊ុន​ធំ​ដែលជា​តម្រូវការ​របស់​ក្រុមហ៊ុន​ដែល​កំពុង​ជួប​ភាពទន់ខ្សោយ​នេះ​ចុះ​។ គួរ​បញ្ជាក់ថា ក្រុមហ៊ុន Etihad មាន​ភាគហ៊ុន​២៥%​នៃ​អាកាសចរណ៍ Jet Airways ទាំងមូល​។​

ការដួលរលំ​របស់​អា​កាស​ចរណ៍ Jet និង​ការបាត់បង់​ការងារ​រ​បស់​មនុស្ស​ជាង​២​ម៉ឺន​នាក់​នឹងត្រូវ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កេរ្តិ៍ឈ្មោះ​គោលនយោបាយ​គាំទ្រ​អាជីវកម្ម​របស់​នាយក​រដ្ឋមន្ត្រី Narendra Modi ទាំង​ដែល​លោក​កំពុង​ស្វែងរក​សំឡេងគាំទ្រ​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​២​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​នេះ​។

គួររម្លឹកថា ក្រុមហ៊ុន​អាកាសចរណ៍ Jet Airways គឺជា​ក្រុមហ៊ុន​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ធំ​បំផុត​ក្នុងប្រទេស​ឥណ្ឌា ដែល​ត្រូវ​បង្ខំ​បិទ​ការហោះហើរ​យន្តហោះ​ទាំងអស់​របស់ខ្លួន​បន្ទា​ប់​ពី​អស់​លុយ និង​មិនអាច​ធ្វើឱ្យមាន​ស្ថេរភាព​ប្រាក់​ទុន​របស់​ខ្លួនឯងបាន​៕ AFP