ព័ត៍មានទាន់​ហេតុការណ៏
Search

រូបគំនូរ​របស់​លោក Monet កើប​បាន​ប្រាក់​១១០​លាន​ដុល្លារ​ក្នុងការ​ដេញថ្លៃ​នៅ​ទីក្រុង​ញូវយ៉ក​

រូបគំនូរ​មួយ​ផ្ទាំង​របស់លោក​Claude Monet ក្នុងចំណោម​គំនូរ​សេរី​ទិដ្ឋភាព “Meules” ដែលជា​ពំនូកចំបើង​បាន​ថ្លៃ​ដល់​ទៅ​១១០,៧​លាន​ដុល្លារ​ក្នុង​កំណត់ត្រា​ដេញថ្លៃ​កាលពី​ថ្ងៃ​អង្គារ​ក្នុង​ក្រុង​ញូវយ៉ក​។​

ការដាក់​លក់​ក្នុង​ក្រុមហ៊ុន​Sotheby នេះ គឺជា​លើក​ទី​១​ហើយ​ដែល​គំនូរ​មួយ​ផ្ទាំង​ត្រូវ​បានដាក់​ឱ្យមាន​ការដេញ​ថ្លៃ​គិត​តាំងពី​ឆ្នាំ​១៩៨៦​មក និង​ជាត​ម្លៃ​មួយ​ក្នុងចំណោម​តម្លៃ​ដែល​ថ្លៃ​ខ្ពស់បំផុត​ទាំង​១០​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការដេញថ្លៃ​។ បើ​គិត​ទៅ ថ្លៃ​សរុប​រាប់ទាំង​ថ្លៃឈ្នួល​និង​ប្រាក់កម្រៃ​ជើងសារ​ផង គឺ​ប្រហែល​ជាង​៤៤​ដង​នៃ​គំនូរ​ដែល​ធ្លាប់​ដាក់​ដេញថ្លៃ​ពីមុនៗ​មក​។​

វា​ជា​លើក​ទី​១​ហើយ​ដែល​គំនូរ​របស់​វិចិត្រករ​លទ្ធិ​អារម្មណ៍​និយម​រូបនេះ​អាច​ដេញថ្លៃ​បាន​ប្រាក់​ដល់​ទៅ​ជាង​១០០​លាន​ដុល្លារ​បែបនេះ​។ លោក Monet បាន​គូររូប​គំនូរ​ពំនូកចំបើង​ចំនួន​២៥​ផ្ទាំង​ក្នុងអំឡុង​រដូវរងា​នៃ​ឆ្នាំ​១៨៩០-១៨៩១ នៅផ្ទះ​របស់លោក​ក្នុង​សង្កាត់​Giverny ក្នុង​តំបន់​Normandy ប្រទេស​បារាំង​។​

ផ្ទាំងគំនូរ​នីមួយៗ លោក​បានបង្ហាញ​ពន្លឺ​និង​អ្វីៗ​ដែល​នៅ​ជុំវិញ​គឺ​ដូចៗ​គ្នា គ្រាន់តែ​ផ្លាស់ប្ដូរ​តែ​ពេលវេលា ទៅតាម​រដូវ​និង​អាកាសធាតុ​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ​។

គួរ​រម្លឹក​ដែរ​ថា ផ្ទាំងគំនូរ​ផ្សេងទៀត​នៃ​សេរី​តែមួយ​នេះ​ត្រូវបាន​ដាក់លក់​នៅ​ខែវិច្ឆិកា កាលពី​ឆ្នាំ​២០១៦ ដោយ​មន្ទីរ​ដេញថ្លៃ Christie ក្នុង​ទីក្រុង​ញូវយ៉ក​ក្នុងតម្លៃ ៨១,៤​លាន​ដុល្លារ​អាមេរិក៕AFP