ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​បាល់ទាត់​Terengganu FA ដែល ធា​រី ចន្ថា​ប៊ី​ន កំពុង​ប្រកប​អាជីព​នៅ​ម៉ាឡេស៊ី ប្រកាស​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក

ក្លិប​បាល់ទាត់ Terengganu FA សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League 2019) ដែល​កីឡាករ ធា​រី ចន្ថា​ប៊ី​ន សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​កំពុង​ប្រកប​អាជីព បានប្រកាស​ចែកផ្លូវ​ជាមួយ​លោក Irfan Bakti Abu Salim ដែលជា​គ្រូបង្វឹក​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្ត៍ ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ សប្ដាហ៍​នេះ​។

​ក្លិប Terengganu FA បានបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​ក្លិប​ថា​ក្លិប​សូម​អរគុណ​ដល់​បុរស​វ័យ​៦៨​ឆ្នាំ​រូបនេះ​ដែល​បាន​ជួយ​ក្រុម​កន្លងមក ហើយ​បាន​ជូនពរ​គ្រូបង្វឹក​រូបនេះ​ឲ្យ​ជួប​ជោគជ័យ​ក្នុង​គោលដៅ​បន្ទាប់​។ ទន្ទឹមនឹង​គ្នា​នេះដែរ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​«​អរគុណ​សម្រាប់​គ្រប់យ៉ាង​លោកគ្រូ​» អមដោយ​រូបថត​អោប​ជាមួយ​លោក Irfan Bakti Abu Salim​ទៀតផង​។

ការចែក​ផ្លូវ​ជាមួយ​គ្រូ​បង្វឹក​ត្រឹម​ពាក់កណ្ដាល​រដូវ​កាល​នេះ​របស់​ក្រុម​Terengganu FC គឺ​ចំ​ពេលដែល​ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​៨ ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​ក្រុម ខណៈ​ឆ្លងកាត់​ប្រកួត​១៣​លើក​កន្លងមក ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Kuala Terengganu ទើបតែ​ឈ្នះ​បាន​៤​លើក ស្មើគ្នា​៤​លើក និង​ចាញ់​៥​លើក ព្រមទាំង​របូត​គ្រាប់​បាល់​ដល់​២២​គ្រាប់​។ ចំណែក​បេសកកម្ម​ក្នុង​ពានរង្វាន់ FA Cup Malaysia ក្រុម​នេះ​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​កាលពីពេល​ថ្មីៗ​ផងដែរ​។

យ៉ាងណាក្តី​ក្លិប Terengganu FC មិនទាន់​បង្ហាញ​ពី​គ្រូបង្វឹក​ថ្មី​ដែល​នឹង​ចូលកាន់​កៅអី​ជំនួស​លោក Irfan Bakti Abu Salim នៅឡើយ​នោះទេ ស្របពេល​ដែល​នៅ​ចុង​សប្ដាហ៍​ក្រុម Terengganu ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​FELDA UNITED នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​សៅរ៍ ទី​១៨ ខែឧសភា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​Stadium Tun Abdul Razak ក្នុង​ទីក្រុង​Bandar Pusat Jengka៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114