ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ ៖ កម្ពុ​ជាមាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការពង្រឹង​ការផ្លាស់ប្តូរ​និង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេស​ចិន

ភ្នំពេញ ៖ ក្នុងការ​គង់​ប្រថាប់​នៅ​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន​ដើម្បី​ចូលរួម​វេទិកា​អរិយ​ធម៌​អាស៊ី​លើក​ទី ១ នា​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​ទទួល​ចូលជួប​សវនាការ​ជាមួយ​លោក វ៉ាង ឈឺ​សាន អនុ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​រដ្ឋធានី​ប៉េកាំង​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​របស់​ចិន​។

នៅក្នុង​ជំនួប​នោះ​លោក វ៉ាង ឈឺ​សាន បានទូល​ថ្វាយ​ថា​មិត្តភាព​រវាង​ប្រទេស​ចិន និង​កម្ពុជា មាន​ប្រវត្តិសាស្ត្រ​យ៉ាងយូរ​អង្វែង ហើយ​ចំណងមិត្តភាព​រវាង​ចិន និង​ព្រះរាជវង្សានុវង្ស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិតជា​មានតម្លៃ​ណាស់​សម្រាប់​ប្រ​ទស​ចិន​។​ ស្ថិតក្រោម​ការដឹកនាំរ​បស់​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ទំនាក់ទំនង​ចិន​-​កម្ពុជា​ស្ថិតនៅ​ក្នុងស្ថានភាព​ដ៏​ល្អ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​។

​លោក​បាន​បន្តថា នៅក្នុង​អំឡុងពេល​សម័យ​ប្រជុំ​លើក​ទី​ពីរ​នៃ​គោលនយោបាយ “​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​” ចំពោះ​កិច្ចសហប្រតិបត្តិការ​អន្ដរជាតិ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​មួយចំនួន​ដើម្បី​ជួយ​ជម្រុញ​ដល់​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ឡើង​។ លោក​បាន​បន្ត​លើកឡើង​ថា ​បណ្តា​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​គួរតែមាន​ការគោរព​គ្នា​ទៅវិញទៅមក​,​ការ​អត់ឱន​គ្នា​ទៅវិញទៅមក​,​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​,​រួម​ជាមួយនិង​ការអភិវឌ្ឍ​រួម​។​ ប្រទេស​នៅ​អាស៊ី​គួរតែ​សិក្សា​រៀនសូត្រ​ពី​ភាព​រុងរឿង​ស៊ី​វិ​ល័យ​នៃ​អរិយ​ធម៌​បុរាណ​របស់​ខ្លួន​នឹង​បង្កើន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ ធ្វើការ​រួមគ្នា​ដើម្បី​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​ថ្មីៗ​ផ្សេងទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ទាំងមូល​ព្រមទាំង​ធ្វើការ​រួមគ្នា​ដើម្បី​កសាង​សហគមន៍​មួយ​នៃ​វាសនា​មនុស្ស​។

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​សព្វព្រះរាជហឫទ័យ​មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​មាន​សេចក្តី​រីករាយ​ជា​ពន់ពេក​ណាស់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នង​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ ដែល​បាន​ស្នើឡើង​ដោយ​លោក​ប្រធានាធិបតី ស៊ី ជីន​ភីង ក្នុង​ឱកាស​នេះ​។

ព្រះអង្គ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ដ៏​ល្អ​ប្រពៃ​នេះ​ ហើយ​ប្រទេស​កម្ពុ​ជា​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ពង្រឹង​ការផ្លាស់ប្តូរ​និង​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេស​ចិន​ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​សម្រាប់​ការអភិវឌ្ឍ​កាន់តែច្រើន​ផ្សេងទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114