ព័ត៍មានទាន់​ហេតុការណ៏
Search

គម្រោង​អនុវត្ត​សាលដីកា យក​ដី​ពី​យោធិន​ពិការ ទៅ​ឲ្យ​លោក កើត សារ៉េត អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី ត្រូវបាន​លើក​ពេល

ភ្នំពេញ ​៖ តាម​សេចក្តី​ជូនដំណឹង​របស់​អាជ្ញាសាលា​ចុះ​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង នឹង​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដើម្បី​រឹបអូស​យក​ដី​របស់​លោក មាស សុផាត ដែលជា​អតីត​យោធិន​ពិការ នៅ​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ ទៅ​ឲ្យ​ឈ្មោះ កើត សារ៉េត អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តែ​ការអនុវត្ត​នេះ​ត្រូវ​បាន​លើក​ពេល​។

ខណៈ​ថ្ងៃ​កំណត់​អនុវត្ត​សាលដីកា​បាន​មក​ដល់​នេះ លោក មាស សុផាត ដែលជា​អតីត​យោធិន​ពិការ បាន​ប្រកាស​ថា បើសិនជា​តុលាការ នៅតែ​ចុះ​អនុវត្ត​ដីកា​យក​ដី​របស់​លោក ទៅ​ឲ្យ​លោក កើត សារ៉េត គឺ​លោក​នឹង​ចាក់​សាំង​ដុត​សម្លាប់ខ្លួន ដើម្បី​ការពារ​ដី​របស់​ខ្លួន​មិន​ឲ្យ​គេ​យក​នោះទេ​។ ទន្ទឹម​នោះ ក្រុម​គ្រួសារ​យុទ្ធជន​ពិការ​បាន​ត្រៀម​រៀបចំ ដើម្បី​ទប់ទល់​ការអនុវត្ត​សាលដីកា​នេះ​ផងដែរ ដោយមាន​ការលើក​បដា មាន​ពាក្យសុំ​អន្តរា​គម​ន៏ និង​រូបថត​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹត្តិ​បណ្ឌិត ហើយក៏​មាន​សំបក​កង់​រថយន្ត​សម្រាប់​ដុត​ប្រឆាំង​ការអនុវត្ត​។ ជាពិសេស​ផ្លូវ​ខាងមុខផ្ទះ ត្រូវបាន​កាត់ផ្តាច់ ដើម្បី​កុំ​ឲ្យ​ចូលទៅ​អនុវត្ត​ផងដែរ​។

លោក មាស សុផាត បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នា​ព្រឹក​នោះ​ថា លោក​គ្មាន​អ្វី​សំអាង​នោះទេ តែ​លោក​សង្ឃឹមថា “​បើសិន​មាន​ដីកា​ពី​ខុទ្ទកាល័យ​សម្តេច​ឲ្យ​ផ្អាក​ការអនុវត្ត​ដោយ​បង្ខំ​នេះហើយ តែ​តុលាការ​នៅតែ​មានះ​ចង់​ធ្វើ ដើម្បី​យក​ដី​ឲ្យ​ទៅ​ភាគី​ម្ខាង​ទៀត គឺ​ខ្ញុំ​មានតែ​ផ្លូវ​មួយ​ប៉ុណ្ណោះ គឺ​ស្លាប់​។ លោក​មើល​ឃើញ​ហើយ​នោះ​សាំង​៥​លី​ត គឺ​ចំណាយ​តែ​ពីរ​លីត្រ​ប៉ុណ្ណោះ​សម្រាប់​ខ្លួន​ខ្ញុំ ដើម្បី​បញ្ចប់​ទៅ បើ​ឈ្លោះប្រកែក​ជាមួយ​គេ​ក៏​មិន​ឈ្នះ​គេ​ដែរ ហើយ​ជីវិត​ខ្ញុំ កាល​នៅ​ច្បាំង​វា​ច្រើន​សមរភូមិ​ហើយ តែ​មិន​ស្លាប់ មកដល់ពេលនេះ មានតែ​ស្លាប់​ខ្លួនឯង​ទៅ​វា​ល្អ​ជាង​”​។

តាម​លោក មាស សុផាត ឆ្លងកាត់​ការអនុវត្ត​ជា​ច្រើនដង​មិនបាន​សម្រេច លោក​ជឿជាក់​លើ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ជាពិសេស​រដ្ឋអំណាច​មូល​ដ្ឋា​ន ដែល​បានទទួល​ស្គាល់​លោក​ជា​ប្រជាពលរដ្ឋ​នៅ​នៅ​លើ​ទឹកដី​នេះ​ពិតប្រាកដ ហើយ​លោក​ក៏​សង្ឃឹម​ទៅលើ​តុលាការ​ផងដែរ ដែល​នឹង​ពិចារណា​ឡើងវិញ​លើ​សំណុំ​រឿង​នេះ​។ ពីព្រោះ​រូបលោក​ជា​ប្រជាពលរដ្ឋ​ពិតប្រាកដ មិនបាន​លួច​ប្លន់​ដី​អ្នកណា​នោះ​ទេ ហើយ​លោក​ជឿ​ថា តុលាការ នឹង​ពិនិត្យ​ឡើង​វិញ​លើ​សំណុំ​រឿងនេះ ជាពិសេស​នឹង​ពិនិត្យ​ឡើង​វិញ លើ​ការ​លួចបន្លំ​យ៉ាង​ប៉ិនប្រសប់ ដោយមាន​ជំនាញ​ពី​ភាគី​ម្ខាង​ទៀត ហើយ​លោក​ជឿ​ថា ទី​ចុង​បំផុត មានតែ​សម្ដេច​តេ​ជោ ហ៊ុន សែន ទេ ដែល​អាច​ជួយ​លោក​បាន​។ លោក​ថា ចំណារ​របស់​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន នេះ ពិតជា​លោក​បាន​មើលឃើញ​ពី​ភាពស្មោះត្រង់ និង​ភាពខ្វះខាត​របស់លោក​ជាក់​ជាមិនខាន ទើប​ចេញ​ឲ្យ​ផ្អាក​ការអនុវត្ត​ដោយ​បង្ខំ​នេះ​។

លោក មាស សុ​ផា អះអាង​ថា ក្នុង​ករណី​នេះ លោក​បាន​ស្វែងរក​អន្ត​រក​អន្តរាគមន៍​ពី​ច្រើន​ស្ថាប័ន ក្នុងនោះ​មាន​ស្ថាប័ន​តុលាការ ដោយ​សុំ​ស្នើ​ឲ្យ​ពិចារណា​លើ​ករណី​នេះ នឹង​កាត់​ក្តី​ឡើងវិញ​ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ជូន​រូបលោក និង​បាន​ទៅ​ខុទ្ទកាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​សម្តេច​មើល​លើ​ការរស់នៅ​របស់​លោក ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ដ៏​ស្មោះត្រង់​មួយរូប ដោយមាន​រដ្ឋអំណាច​ទ​ទួល​ស្គាល់​ជា​សាក្សី ហើយ​រដ្ឋអំណាច ធ្លាប់បាន​បញ្ជាក់ថា មិនដែល​ឃើញ​ភាគី​ម្ខាង​ទៀត​ទេ ហើយ​អាជ្ញាធរ គឺ​បានជា​ខ្នងបង្អែក​ឲ្យ​លោក​ផងដែរ ដោយ​សំអាងថា អាជ្ញាធរ​មិនដែល​ស្គាល់​ភាគី​ម្ខាង​ទៀត​រស់នៅ​លើដី​នេះ​នោះទេ​។ ចំណែក​លោក​រស់នៅ​ជិត​៣០​ឆ្នាំ​ហើយ​។

លោក មាស សុផាត បាន​រៀបរាប់ថា ដំណើរការ​រឿង​នេះ បាន​កើតឡើង​កាលពី​ឆ្នាំ​២០០៩ ដោយ​លោក កើត សារ៉េត បាន​ប្ដឹង​លោក​ទៅ​តុលាការ​ដំបូង ហើយ​សាលាដំបូង​បាន​កាត់​ក្តី​ឲ្យ​រូបលោក​ចាញ់ ដោយ​សំអាង​ថា លោក​មាន​កាយសម្បទា​គ្រប់គ្រាន់ និង​មិន​មាន​សមត្ថភាព​ជីក​ស្រះ ហើយ​នៅពេល​ទៅដល់​សាលាឧទ្ធរណ៍​បានសម្រេច​ឲ្យ​លោក​ឈ្នះ​ក្តី​វិញ ដោយ​សម្រេច​លុបចោល​សាលក្រម​របស់​សាលាដំបូង​។ នៅពេលនោះ​ភាគី លោក កើត សារ៉េត មិន​សុខចិត្ត ក៏បាន​ប្ដឹងទៅ​តុលាការ​កំពូល ហើយ​តុលាការ​កំពូល ក៏បាន​កាត់ក្តី​ឲ្យ​លោក​ចាញ់​វិញ ដោយ​ផ្អែកទៅលើ​ថា លោក​មាន​កាយសម្បទា​មិន​គ្រប់គ្រាន់ មិនមាន​លទ្ធភាព​ដើម្បី​ជីក​ស្រះ​។

ជាមួយគ្នា​នោះ លោក​បាន​អំពាវនាវ​ឲ្យ​តុលាការ​ពិចារណា​ឡើងវិញ ដើម្បី​ផ្ដល់​យុត្តិធម៌​ឲ្យ​រូបលោក ជាមួយគ្នា​នោះ​លោក​ជឿជាក់​ទៅលើ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការផ្ដល់​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដូច​រូបលោក ដើម្បី​ទទួលបាន​ភាពយុត្តិធម៌​។

ទាក់ទង​បញ្ហា​នេះ​ដែរ លោកស្រី ហ៊ុន ស៊ី​ណាត ដែលជា​ប្អូនស្រី​បង្កើត​សម្តេច​តេ​ជា ហ៊ុន សែន ធ្លាប់បាន​សរសេរ​ក្នុង​ផេ​ក​ហ្វ៊េ​ស​បុក​របស់​ខ្លួន​ថា “​សូម​បងប្រុស​កុំអាល​អស់សង្ឃឹម បើ​តាម​ខ្ញុំ​មើល​ក្នុង​ដីកា​បញ្ជូន​ចេញពី​ខុទ្ទកាល័យ​របស់​សម្តេច​តេ​ជោ​ទៅ​ក្រសួង​យុត្តិធម៌​នេះ​។ ខ្ញុំ​មិន​ចង់​និយាយ​ទេ រឿង​ដីធ្លី​តែ​ឃើញ​រឿង​ដី​ប្អូន មាស សុផាត ជា​យោធិន​ពិការ​រស់នៅ​យូរហើយ​ហេតុ​បានជា​លោក កើត សារ៉េត គាត់​ធ្វើ​ប្លង់​យក​អញ្ចឹង? ឮ​ថា​គាត់​ជា​មន្ត្រី​ជន​ខ្ពស់​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​”​។ ជាមួយគ្នា​នោះ លោកស្រី ហ៊ុន ស៊ី​ណាត ក៏បាន​ស្នើ​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជួយ​រក​យុត្តិធម៌​ឲ្យ​រាស្ត្រ​ផង​។ “​ក្នុង​បច្ចុប្បន្ន​នេះ បើ​តាម​ខ្ញុំ​មើល​ឃើញ រឿង​ដីធ្លី​ភាគច្រើន​ទឹកទន្លេ បំពាន​ទឹក​អណ្តូង​ច្រើនណាស់ វា​តិច​តូច​ណាស់ ដែល​ទឹក​អណ្តូង​បំពាន​ទឹកទន្លេ​នោះ​”​។

ផ្អែក​តាម​លិខិត​ចុះ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ របស់​ឈ្មោះ មាស សុផាត ជា​យោធិន​ពិការ មាន​ទីលំនៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដែល​បាន​គោរព​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សំណើ​សុំ​រក​យុ​តិ្ត​ធម៌​ដល់​រូបគាត់ ពាក់ព័ន្ធ​នឹង​ដី​ទំហំ​១៣៧២០ ម៉ែត្រក្រឡា មាន​ទីតាំង​ស្ថិត​ភូមិ​ឌួង សង្កាត់​ព្រែ​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ជាមួយ​ឈ្មោះ​កើត សារ៉េត និង​ប្រពន្ធ​ឈ្មោះ ហ៊ឹម សុ​ធន់​អ៊ូ និង​ផ្អាក​ការអនុវត្ត​ជា​បណ្តោះអាសន្ន​នៅ​ក្នុង​សំណុំរឿង​អនុវត្ត​ដោយ​បង្ខំ​លេខ​៥៦ ចុះ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ របស់​សាលាដំបូង​រាជា​ធានី​ភ្នំពេញ។

ពាក់ព័ន្ធ​ករណី​ខាងលើ រហូតមកដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ កម្ពុ​ជាថ្មី នៅ​មិនទាន់​សុំ​ការពន្យល់​ពី​លោក កើត សារ៉េត បាន​នៅឡើយ​ទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114