ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ​យាង​និវត្តន៍​មកដល់​រាជធានី​ភ្នំពេញ​វិញ បន្ទាប់ពី​បាន​យាង​ចូលរួម​វេទិកា​ស្តីពី​អរិយ​ធម៌​អាស៊ី​លើក​ទី​១ នៅ​ទីក្រុង​ប៉េកាំង

ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​រសៀល​ថ្ងៃ ទី​១៦ ឧសភា​នេះ​បាន​យាង​និវត្តន៍​វិលត្រឡប់​មកដល់​មាតុប្រទេស​វិញ​ហើយ​បន្ទាប់ពី​បាន​យាង​ចូលរួម​វេទិកា​ស្តីពី​អរិយ​ធម៌​អាស៊ី​លើក​ទី​១ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។​

អញ្ជើញ​ទទួល​ព្រះរាជ​ដំណើរ​របស់​ព្រះមហាក្សត្រ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​រួមមាន​សម្ដេច​វិបុល​សេនា​ភក្ដី​សាយ ឈុំ ប្រធានព្រឹទ្ធសភា​,​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​, សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ រ​ដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​មួយចំនួនទៀត​។ ដោយឡែក​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ក៏​មាន​វត្តមាន​ក្នុងឱកាស​នោះ​ផងដែរ​។

ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​ចាក​ចេញពី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ទៅ​ចូលរួម​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។

ក្នុង​ការ​គង់​ប្រថាប់​នៅ​ទីក្រុង​ប៉េកាំង​នា​ព្រឹក​ថ្ងៃ​ទី១៤ ខែ ឧសភា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អម្ចាស់ ជីវិត​លើ​ត្បូង​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​សព្វព្រះរាជហឫទ័យ​យាង​ជួប​សវនាការ​ជាមួយ​លោក ស៊ី ជិន​ភីង ប្រ​ធានា ធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​វិមាន​មហា​ប្រជាជន​ចិន​រដ្ឋធានី​ប៉េកាំង​។

នា​វេលា​ល្ងាច​ថ្ងៃ​ទី១៤ ខែឧសភា ព្រះករុណា​ជា​អ​ម្ចាស់​ជីវិត​លើ​ត្បូង​សព្វព្រះរាជហឫទ័យ ស្តេច​យាង​ចូលរួម​ក្នុង​ពិធី​លៀង​សាយភោជន​ទទួល​ស្វាគមន៍​ដ៏​កក់​ក្តៅ​រៀបចំឡើង​ដោយ​លោក ស៊ី ជិន​ភីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​វិមាន​សភា​ប្រជាជន​ចិន រដ្ឋធានី​ប៉េកាំង ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​មេដឹកនាំ នៃ​ប្រ​ទស​នានា​ជាច្រើន​ផងដែរ​។

​ជា​ការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បន្ទាប់ពី​កិច្ចប្រជុំ​លោក​ប្រធានាធិបតី​ចិន ស៊ី ស៊ិន​ពីង​និង​ភរិយា​បាន​ថ្វាយ​នូវ​មហា​កិត្តិ​យស​ដ៏​ឧត្ដុង្គឧត្ដម​ប្រកបដោយ​ភាពកក់ក្តៅ​និង​ជ្រាលជ្រៅ​ជាទីបំផុត​ថ្វាយ​ព្រះករុណា​ជា​អម្ចាស់ជីវិត​លើ​ត្បូង​ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ដោយ​បាន​រៀបចំ​ថ្វាយ​នូវ​ពិធី​អបអរសាទរ​ខួប​ចម្រើន​ព្រះជន្ម​គម្រប់ ៦៦ យាង​ចូល ៦៧ ព្រះវស្សា​នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​មហា​វិមាន​សភា​ប្រជាជន​ចិន​ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នៃ​ពិធី​លៀង​សាយភោជន​ទទួល​បណ្តា​មេដឹកនាំ​និង​ឥស្សរជន​ជាច្រើន​មកពី​បណ្តា​ប្រទេស​នានា​។

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត​រួមជាមួយ​បណ្តា​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​នានា​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​អរិយ​ធ​ម៌អាស៊ី​លើក​ទី​១​ដែល​បាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​លោក ស៊ី ជីន ភីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​រដ្ឋធានី​ប៉េកាំង វេលា​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩។

នា​វេលា​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ​ទទួល​ចូលជួប​សវនាការ​ជាមួយ​លោក វ៉ាង ឈឺ​សាន អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រ ជា​មានិត​ចិន នា​រដ្ឋធានី​ប៉េកាំង។

​នា​ល្ងាច​ថ្ងៃ​ទី​១៥​ខែឧសភា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​សព្វព្រះរាជហឫទ័យ​ស្តេចយាង​ចូលរួម​ទស្សនា​ការ​សម្តែង​សិល្បៈ​ដើម្បី​អបអរសាទរ​វេទិកា​អរិយ​ធ​ម៌​អាស៊ី​លើក​ទី​១​ដែល​បាន​ផ្តួច​ផ្តើម​បង្កើតឡើង​ដោយ​លោក ស៊ី ជីន​ភីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​ពហុកីឡាដ្ឋាន​ជាតិ រដ្ឋធានី​ប៉េកាំ​។

​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ស្តេចយាង​មាតុភូមិនិវត្តន៍​តាម​ព្រះរាជ​ទី​នាំង​យន្តហោះ​ពិសេស​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ បន្ទាប់​ពី​បាន​បញ្ចប់​ព្រះរាជកិច្ច​ដ៏​ឧត្ដុង្គឧត្ដម​ក្នុង​ការយាង​ចូលរួម​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ ដែល​ប្រារព្ធ​ឡើង​នៅ​រដ្ឋធានី​ប៉េកាំង​។

 

សូម​បញ្ជាក់​ថា វេទិកា​ស្តី​ពី អរិយធម៌​អាស៊ី ត្រូវ​បាន​ផ្តួចផ្តើម​រៀបចំឡើង ដោយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​រវាង​យុវជន​វ័យក្មេង សង្គម​ស៊ីវិល តំបន់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ហើយ​បង្កើត​បណ្តាញ​នៃ​ការផ្លាស់ប្តូរ​ការ​គិត និង​កិច្ចសហប្រតិបត្តិការ​។ ជាពិសេស លោក​ប្រធានាធិបតី​ចិន ចង់​ឲ្យ​វេទិកា​អរិយធម៌​អាស៊ី ធ្វើ​ឲ្យ​ប្រជាជន​អាស៊ី អាច​សប្បាយរីករាយ​នឹងមាន​ស្មារតី កាន់តែ​រឹងមាំ​ខ្លាំងក្លា​បន្ថែម​ទៀត ព្រមទាំង​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ ក្នុង​តំបន់ កាន់​តែមាន​ថាមពល​ខ្លាំង​ឡើង​។

​កិច្ចប្រជុំ​សន្ទនា​អរិយធម៌​អាស៊ី​នេះ ផ្តោតលើ​ប្រធានបទ​នៃ​ការ​ផ្លាស់ប្តូរ​អរិយធម៌​អាស៊ី ការយល់ដឹង​ពី​គ្នា​ទៅវិញទៅមក​និង​សហគមន៍​រួម​វាសនា​។ គោលបំណង​សំខាន់​គឺ​ឆ្ពោះ​ទៅ​មុខ​ដើម្បី​ទទួលបាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​នៃ​អរិយធម៌​នៅ​អាស៊ី​និង​ពិភពលោក បង្កើតជា​វេទិកា​សម្រាប់​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​និង​ការអភិវឌ្ឍ​ទៅវិញទៅមក បង្កើន​ទំនុកចិត្ត​លើ​វប្បធម៌​អាស៊ី លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ី និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក រួម​កម្លាំង​គ្នា​ដោយមាន​ការយោគយល់​គ្នា ក្នុងការ​អភិវឌ្ឍ​តំបន់​អាស៊ី ជំរុញឱ្យមាន​ភាពរឹងមាំ​នៃ​ការបង្កើត​ថ្មី​នៅ​អាស៊ី ផ្ដល់​ការគាំទ្រ​ខាង​ស្មារតី​ដល់​សហគមន៍​រួម​វាសនា​នៅ​អាស៊ី​និង​សហគមន៍​រួម​វាសនា​របស់​មនុស្សជាតិ​៕