ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ​ខ្មែរ ៖ កម្ពុជា​ធ្លាប់​បាន​ដើរតួ​ជាទី​ជំនួប​រវាង​ធម្មទូត​ឥណ្ឌា និង​ពាណិជ្ជករ​ចិន អស់​រយៈ​ជាច្រើន​សតវត្ស​

​ភ្នំពេញ ៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ត្រូវបាន​យាង​ជា​មេដឹកនាំ​ទី​១ ក្នុង​ការ​ថ្លែង​ព្រះរាជ​សុន្ទរកថា​ចំពោះ​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។ ព្រះអង្គ​បាន​មាន​ព្រះរាជ​បន្ទូល​ថា​កម្ពុជា​ធ្លាប់​បាន​ដើរតួ​ជាទី​ជំនួប​រវាង​ធម្មទូត​ឥណ្ឌា​និង​ពាណិជ្ជករ​ចិន​អស់​រយៈ​ជាច្រើន​សតវត្ស​ទំនាក់ទំនង​នេះ ​បាន​រួម​វិភាគទាន​យ៉ាង​ធំ​មហិមា​ពី​ការ​រីកចម្រើន​យ៉ាង​សម្បើម​នៃ​វប្បធម៌​ខ្មែរ​រហូត​បង្កើតបាន​អរិយធម៌​អង្គរ​ដ៏​ល្បីល្បាញ​អស្ចារ្យ​នៅលើ​លោក​។

ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា បាន​យាង​ថ្លែង​ព្រះរាជ​សុន្ទរកថា​ បន្ទាប់ពី​សុន្ទរកថា​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ ដោយ​លោក ស៊ី ជីន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា​ ឆ្នាំ​២០១៩ ដែល​នៅក្នុង​វេទិកា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​នានា​ជាច្រើន​ផងដែរ​។

ព្រះករុណា​បាន​មាន​ព្រះរាជបន្ទូល​ថា តាងនាម​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សំដែង​នូវ​ការ​អបអរសាទរ​និង​កក់ក្តៅ​បំផុត​ចំពោះ​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១​ដែល​រៀបចំឡើង​យ៉ាង​មហោឡារិក​នៅ​ទីក្រុង​ប៉េកាំង​ដែលជា​រាជធានី​ដ៏​ឧត្ដុង្គឧត្ដម​សម្បូរ​ទៅដោយ​សំណង់​ជា​បេតិកភណ្ឌ​វប្បធម៌​ដ៏​ល្បីល្បាញ​បង្ហាញ​អំពី​អរិយធម៌​ដ៏​ឧត្ដុង្គឧត្ដម​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ព្រះមហាក្សត្រ​ព្រះអង្គ​ក៏បាន​ថ្លែង​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​លោក​ប្រធានាធិបតី xi jinping កាលពី​៤​ឆ្នាំមុន​បាន​ផ្តួចផ្តើម​គំនិត​ដ៏​ឧត្ដុង្គឧត្ដម​បង្កើត​ឲ្យ​មាន​វេទិកា​អរិយធម៌​អាស៊ី​នេះ​ឡើង​។

​ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជ​បន្ទូល​ទៀត​ថា ព្រះអង្គ​មាន​ជំនឿ​ជឿជាក់​ថា ​ការជួប​ជុំគ្នា​នៃ​អ្នកជំនាញការ និង អ្នកឯកទេស​ខាង​វប្បធម៌ សាសនា​និង​អរិយធម៌ ជាមួយ​ការបង្ហាញ​អត្តសញ្ញាណ​ជាតិ​តាមរយៈ​ការបង្ហាញ​ក្បួន​ការសម្ដែង​សិល្បៈ ការតាំងពិព័រណ៍ ការបង្ហាញ​ម្ហូបអាហារ​របស់​ជាតិ​នីមួយៗ​និង​តាមរយៈ​សកម្មភាព​ផ្សេងៗ​ទៀត​នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ​នឹង​នាំមក​នូវ​ពន្លឺ​ថ្មី​និង​បទពិសោធន៍​ថ្មីៗ​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ​សម័យ​បច្ចុប្បន្ន​និង​ប្រជាជន​ទូទៅ​បាន​យល់ដឹង​កាន់តែ​ជ្រៅ​ថែមទៀត​អំពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​នានា​នៅក្នុង​ទ្វីបអាស៊ី​និង​ទំនាក់ទំនង​អន្តរទ្វីប​ជាពិសេស​ទំនាក់ទំនង​ក្នុង​វិស័យ​វប្បធម៌​សាសនា​និង​ពាណិជ្ជកម្ម​ដែលជា​កត្តា​លិ​ករ​ជំរុញ​ឲ្យ​ប្រទេស​ទាំងឡាយ​នៅ​អាស៊ី​មានការ​អភិវឌ្ឍ​រីកចម្រើន​លូតលាស់​យ៉ាង​ខ្លាំងក្លា​ក្នុង​រយៈពេល​កន្លងទៅ​។

ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ទៀត​ថា កម្ពុជា​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ទាំងឡាយ​នៅ​អាស៊ី​ដែល​បាន​ទទួល​ពន្លឺ​ព្រះពុទ្ធសាសនា​ និង ​ហិណ្ឌូ​សាសនា​តាំងតែ​ពី​សម័យកាល​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ និង ធ្លាប់​បាន​ដើរតួ​ជាទី​ជំនួប​រវាង​ធម្មទូត​ឥណ្ឌា​និង​ពាណិជ្ជករ​ចិន​អស់​រយៈ​ជាច្រើន​សតវត្សរ៍​ទំនាក់ទំនង​នេះ​បាន​រួម​វិភាគទាន​យ៉ាង​ធំ​មហិមា​ពី​ការ​រីកចម្រើន​យ៉ាង​សម្បើម​នៃ​វប្បធម៌​ខ្មែរ​រហូត​បង្កើតបាន​អរិយធម៌​អង្គរ​ដ៏​ល្បីល្បាញ​អស្ចារ្យ​នៅលើ​លោក​។ ប្រជាជាតិ​ទាំងឡាយ​នៅ​អាស៊ី​សុទ្ធ​តែមាន​វប្បធម៌​ជា​អត្តសញ្ញាណ​ជាតិ​ដោយឡែក​របស់ខ្លួន​និង​មាន​ប្រជាជាតិ​មួយចំនួន​បាន​កសាង​អរិយធម៌​ដែលមាន​ចំណាស់​ជាច្រើន​សតវត្សរ៍​មកដល់​សព្វថ្ងៃ​។ ពិតមែនតែ​វប្បធម៌​សាសនា​និង​អរិយធម៌​នៃ​បណ្តា​ប្រទេស​នៅ​អាស៊ី​មាន​ចរិតលក្ខណៈ​ខុសប្លែកគ្នា ក៏ប៉ុន្តែ​គង់​មាន​លក្ខណៈ​ស្រដៀង​គ្នា​ប្រហាក់​ប្រហែលគ្នា​ព្រមទាំង​មាន​ពណ៌​សម្បុរ​ជាទូទៅ​មួយ​មាន​លក្ខណៈ​រួម​អាច​សម្គាល់​ថា ​ជា​អរិយធម៌​របស់​អាស៊ី ជា​អរិយធម៌​នៃ​ប្រជាជាតិ​ដែល​ចេះ​យោគយល់​គ្នា​រស់​នៅ​ក្នុង​មហា​ទ្វីប​សំបូរ​ទៅ​ដោយ​ធនធាន​និង​គតិបណ្ឌិត​និង​ជាទី​នៃ​កំណើត​នៃ​ការបង្កើត​សាសនា​ចម្បងៗ​ក្នុង​លោក​។

បច្ចុប្បន្ន​នេះ​ សកលលោក​យើង​កំពុង​ស្ថិត​ក្នុងដំណាក់កាល​នៃ​ការរីកចម្រើន​ជឿនលឿន​ខាង​វិទ្យាសាស្ត្រ​និង​សម្ភារៈ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ ក៏ប៉ុន្តែ​ទន្ទឹមនឹង​ការរីកចម្រើន​ខាងលើនេះ សីល​ធម៌​ និង អភិសមាការ​ក្នុង​ជីវភាព​សង្គម​ក៏មាន​ការស្រុតចុះ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​ភាពអន់ថយ​នៃ​សីល​ធម៌​ និង ​គុណធម៌​សង្គម​នាំ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នូវ​សេចក្តីថ្លៃថ្នូរ និង​និរន្តរភាព​នៃ​វប្បធម៌ និង ចីរភាព​នៃ​សង្គមមនុស្ស​នៅពេល​អនាគត​។​

ក្នុង​បរិបទ​នេះ​ កិច្ច​ការសំខាន់​ចំពោះ​មុខ​មុនគេ​ត្រូវ​ពង្រឹង​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​អនាគត​របស់​អាស៊ី​និង​មនុស្សជាតិ​តាមរយៈ​ការគោរព​គ្នា​ទៅវិញទៅមក​និង​ភាពស្មោះត្រង់​ជាមួយគ្នា និង​ស្វែងយល់​ពីគ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ ការ​គាំទ្រ​ខាង​ស្មារតី​និង​បង្ក​ឲ្យ​មានការ​ជួបពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​គ្នា និង រៀន​សូត្រ​ពី​គ្នា​ទៅវិញទៅមក​កាន់តែ​ទូលំទូលាយ​និង​ធ្វើ​ឲ្យ​មានការ​ទុកចិត្ត​គ្នា​កាន់តែ​ប្រសើរ​ឡើង និង ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដោយស្មោះ​ត្រង់​នឹង​គ្នា និង ឯកភាព​គ្នា​ក្នុង​កិច្ច​អភិវឌ្ឍន៍​នៅ​អាស៊ី កាន់​តែ​មាន​សន្ទុះ​ខ្លាំងក្លា​និង​ប្រកបដោយ​ការ​បង្កើត​ថ្មី​ប្លែកៗ​ដូចដែល​បាន​លើក​ក្នុង​ស្មារតី​វេទិកា​ស្រាប់។ ការងារ​ជា​ចម្បង​មួយទៀត​ដែល​ត្រូវ​យកចិត្តទុកដាក់​ទន្ទឹម​គ្នា​នេះ​ដែរ ​គឺ​ការពង្រឹង​តួនាទី​របស់​សាសនា​និង​ការលើកតម្កើង​តម្លៃ​សីលធម៌​ប្រពៃណី​ល្អ​នៃ​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​របស់​ប្រជាជាតិ​នៃ​អាស៊ី​។ ថែរក្សា​សុខភាព​សង្គម​និង​សន្តិភាព​នៅ​អាស៊ី និង​នៅលើ​សកលលោក​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​។

ជា​មួយ​គ្នា​នេះ ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ក៏បាន​ថ្លែង​កោតសរសើរ​ចំពោះ​លោក​ប្រធានាធិបតី​ចិន​ដែល​បាន​ផ្ដួចផ្ដើម​បង្កើតឡើង​នូវ​សហគមន៍​វាសនា​រួម​របស់​មនុស្សជាតិ ដែល​ជា​ឧ​ត្ត​ម​គតិ​និង​មនសិការ​ដ៏​ខ្ពង់ខ្ពស់​ដែលជា​កូន​សារ​នៃ​សហគមន៍​រួមគ្នា​រវាង​បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​តូច​ធំ ​និង ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​ជា​អរិយ​ប្រទេស​មាន​វីរភាព​ប្រកបដោយ​ភាព​រុង​រឿង​គួរ​ឲ្យ​គោរព​កោតសរសើរ​ដ៏​ខ្ពង់ខ្ពស់​។ ឈរ​លើ​ការ​ផ្ដួចផ្ដើម​នេះ​វេទិកា​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​មាន​គណៈប្រតិភូ​ជាច្រើន​ប្រទេស​ចូលរួម​ជា​សក្ខីកម្ម​បង្ហាញ​ឲ្យ​ឃើញ​នូវ​សាមគ្គី​ភាពជា​ភាតរៈ​នៃ​ការ​រួមគ្នា​ដែល​ប្រទេស​នីមួយៗ​ទទួលបាន​នូវ​ផលប្រយោជន៍​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​។

ព្រះមហាក្សត្រ​មាន​ជំនឿ​ថា លទ្ធផល​ដែល​សម្រេច​បាន​ពី​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី ១ នេះ​នឹង​រួម​វិភាគទាន​យ៉ាង​ធំធេង​ប្រកបដោយ​ប្រសិទ្ធភាព​ និង ​ការ​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ប្រជាជាតិ​នៅ​អាស៊ី​នា​សម័យ​បច្ចុប្បន្ន​និង​ការយោគយល់​គ្នា​ក្នុង​តំបន់​កាន់តែ​ជ្រាលជ្រៅ​និង​កិច្ចសហប្រតិបត្តិការ សន្តិភាព​មិត្តភាព​ភាតរភាព​និង​ស្មោះត្រង់​នឹង​គ្នា​កាន់តែ​ប្រសើរឡើង​។

​គួរ​រំលឹក​ថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​យាង​ចាក​ចេញពី​កម្ពុជា​ទៅដល់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០១៩ ដើម្បី​ចូលរួម​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១​ដែល​រៀបចំ​ដោយ​ប្រទេស​ចិន​។ ព្រះរាជដំណើរ​របស់​ព្រះអង្គ​តប​តាម​ការយាង​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង​។ ព្រះអង្គ​នឹង​យាង​និវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃទី​១៦ ខែឧសភា​ក្រោយ​បញ្ចប់​វេទិកា​។

​សូម​បញ្ជាក់​ថា កិច្ច​សន្ទនា​ស្តី​ពី​អរិយធម៌​អាស៊ី​ត្រូវបាន​ស្នើ​ឡើង​ដោយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង នៅក្នុង​សន្និសីទ​ប្រចាំឆ្នាំ​ប៉ូ​អាវ​ខេត្ត​ហៃ​ណាន​ប្រទេស​ចិន​កាលពី​ខែមីនា​ឆ្នាំ​២០១៥​។ លោក​ប្រធានាធិបតី​បាន​លើកឡើង​ថា ​ការបង្កើត​ឲ្យ​មាន​កិច្ចសន្ទនា​អរិយធម៌​អាស៊ី​នេះ​ក្នុង​បំណង​ពង្រឹង​ការផ្លាស់ប្តូរ​រវាង​យុវជន​វ័យក្មេង​សង្គម​ស៊ីវិល តំបន់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ហើយ​បង្កើត​បណ្តាញ​នៃ​ការផ្លាស់ប្តូរ​ការគិត​និង​កិច្ច​សហប្រតិបត្តិការ​។ ជាពិសេស​ធ្វើ​ឲ្យ​ប្រជាជន​អាស៊ី​អាច​សប្បាយរីករាយ​នឹង​មាន​ស្មារតី​កាន់តែ​រឹងមាំ​ខ្លាំងក្លា​បន្ថែមទៀត​ព្រមទាំង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ក្នុង​តំបន់​កាន់​តែមាន​ថាមពល​ខ្លាំង​ឡើង​។

កិច្ចប្រជុំ​សន្ទនា​អរិយធម៌​អាស៊ី​នេះ ផ្តោត​លើ​ប្រធានបទ​នៃ​ការ​ផ្លាស់ប្តូរ​អរិយធម៌​អាស៊ី ការ​យល់ដឹង​ពី​គ្នា​ទៅវិញទៅមក​និង​សហគមន៍​រួម​វាសនា​។ គោលបំណង​សំខាន់​គឺ​ឆ្ពោះទៅមុខ​ដើម្បី​ទទួលបាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​នៃ​អរិយធម៌​នៅ​អាស៊ី​និង​ពិភពលោក​បង្កើត​ជា​វេទិកា​សម្រាប់​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​និង​ការអភិវឌ្ឍ​ទៅវិញទៅមក បង្កើន​ទំនុកចិត្ត​លើ​វប្បធម៌​អាស៊ី លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ី​និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក រួម​កម្លាំង​គ្នា​ដោយមាន​ការយោគយល់​គ្នា ក្នុងការ​អភិវឌ្ឍ​តំបន់​អាស៊ី ជំរុញ​ឲ្យ​មាន​ភាព​រឹងមាំ​នៃ​ការបង្កើត​ថ្មី​នៅ​អាស៊ី ផ្ដល់​ការគាំទ្រ​ខាង​ស្មារតី​ដល់​សហគមន៍​រួម​វាសនា​នៅ​អាស៊ី​និង​សហគមន៍​រួម​វាសនា​របស់​មនុស្សជាតិ​។

​កិច្ចប្រជុំ​សន្ទនា​អរិយធម៌​អាស៊ី​នេះ​ រៀបចំ​ប្រារព្ធ​បើក​រួម​ទាំង​មាន​វេទិកា​តូច​ៗ​ចំនួន​ប្រាំ​មួយទៀត ស្តី​ពី​ប្រធានបទ​នៃ​ការ​ផ្លាស់ប្តូរ​អរិយធម៌​អាស៊ី​និង​ការ​យល់ដឹង​ពីគ្នា​ទៅវិញទៅមក ហើយ​ប្រទេស​ចិន​ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ក្នុង​ពិព័រណ៍​វប្បធម៌​អាស៊ី វេទិកា​ប្រចាំ​សប្តាហ៍​អរិយធម៌​អាស៊ី ពិធីបុណ្យ​អាហារ​អាស៊ី​និង​សកម្មភាព​ដទៃទៀត​ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114