ព័ត៍មានទាន់​ហេតុការណ៏
Search

គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែឧសភា មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន​ជាង​៨​ម៉ឺន​នាក់

ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែឧសភា មាន​ប្រជាពលរដ្ឋ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន​៨២,៣២២ នាក់ ហើយ​អ្នក​ដែល​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ២៦,៤០១​នាក់​។

គ​.​ជ​.​ប បញ្ជាក់ថា ក្រុម​ចុះឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​បាន​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​យ៉ាងសកម្ម ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ​ស្របតាម​ច្បាប់ ត្រូវមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ទោះបីជា​អាកាសធាតុ​មិន​អំណោយផល និង​ស្ថានភាព​ផ្លូវ​មានការ​លំបាក​នា​រដូវ​វស្សា​យ៉ាងណាក៏ដោយ​។ តួយ៉ាង​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃទី​១៦ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ក្រុម​ចុះឈ្មោះ​បោះឆ្នោត​នៅ​ភូមិ​អន្ទឹល ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បានធ្វើ​ដំណើរ​តាមផ្លូវ​ដ៏​លំបាក ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​ជូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​។ សកម្មភាព​នេះ គឺ​ភាពជា​អ្នកបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ ដែលជា​ត្រីវិស័យ​មួយ​ក្នុងចំណោម​ត្រីវិស័យ​ទាំង​៧ របស់ គ​.​ជ​.​ប ។

សូម​បញ្ជាក់​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ មាន​រយៈពេល ២២ ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩​។ ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៦ ខែឧសភា ចុះឈ្មោះ​នៅតាម​សាលាឃុំ សង្កាត់ ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៧ ខែឧសភា ក្រុម​ចុះឈ្មោះ​បោះឆ្នោត ចុះឈ្មោះ​នៅ​តាម​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ សង្កាត់ និង​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២២ ខែឧសភា ត្រឡប់​មក​ចុះឈ្មោះ​នៅតាម​សាលាឃុំ សង្កាត់​វិញ ។ គ​.​ជ​.​ប និង​ក្រុម​ចុះឈ្មោះ​បោះឆ្នោត រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត ទោះបីជា​បាន​ខិតខំ​យ៉ាងណាក៏ដោយ ប្រសិនបើ​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត​ទេ ក៏​មិន​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បាន​ដែរ​។

ក្នុង​ន័យ​នេះ នៅ​សល់​តែ ៦​ថ្ងៃ​ទៀត គ​.​ជ​.​ប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដើម្បី​ស្នើសុំ​កែ​ទិន្នន័យ​ប្រសិនបើ​មាន​ចំណុច​ខុសឆ្គង ហើយ​ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ (​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០០១) និង​ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។​ ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៨ អាច​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​លើ​គេហទំព័រ គ​.​ជ​.​ប www.voterlist.org.kh និង​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ Voterlist KH (App) ។

តាម គ​.​ជ​.​ប គិត​ត្រឹម​ថ្ងៃទី​១៥ ខែឧសភា ដែល​ជា​ថ្ងៃ​ទី​១៥ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ នៅ​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ៨២,៣២២ នាក់ អ្នក​ដែល​បាន​លុប​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ២៦,៤០១ នាក់ និង​អ្នក​ដែល​បាន​កែតម្រូវ​ទិន្នន័យ មាន​ចំនួន ១,៥៧១ នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114