ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ក្រឡាហោម ស ខេង​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​កងកម្លាំង​នគរបាល​ជាតិ​គ្រប់​ជំនាន់ ដែល​បាន​ធ្វើ​ពលី​កម្ម​គ្រប់​បែប​យ៉ាង​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ប្រកបដោយ​ស្មារតី​អង់អាច​ក្លាហាន

ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា «​សូម​អគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដោយ​ស្មោះ​ចំពោះ​កងកម្លាំង​នគរបាល​ជាតិ​គ្រប់​ជំនាន់ ដែល​បានធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង​ក្នុង​ការបំពេញ​កាតព្វកិច្ច​ប្រកបដោយ​ស្មារតី​អង់អាច​ក្លាហាន និង​មានការ​ទទួលខុសត្រូវ ខ្ពស់​ដើម្បី​ឯករាជ្យ អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី​រក្សា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព នយោបាយ បញ្ចៀស​បាន​នូវ​អំពើ​ភេរវកម្ម បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ទាន់​ពេល​វេលា​នូវ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ប្រឆាំង​ទប់ស្កាត់​ឧបាយកល​សកម្មភាព​របស់​ពួក​អមិត្ត​គ្រប់​ប្រភេទ ដែល​បាន​បំផុស​ចលនា​បង្កើត​ក្រុម​ប្រដាប់​អាវុធ​ខុសច្បាប់ និង​ធ្វើ​បដិវត្តន៍​ពណ៌​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​»​។

ការ​ថ្លែង​កោតសរសើរ​របស់​ប្រមុខ​ក្រសួងមហាផ្ទៃ​រូប​នេះ គឺ​បាន​ធ្វើឡើង នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​នៃ ការ​កកើត​កងកម្លាំង​នគរបាល​កម្ពុជា​លើក​ទី​៧៤ (១៦​ឧសភា​១៩៤៥–១៦​ឧសភា​២០១៩) នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩​នេះ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ដោយមាន​វត្តមាន​មន្ត្រី នគរបាល​គ្រប់​ជាន់ថ្នាក់​ចូលរួម​ជាច្រើនរូប។

សម្តេច​ក្រឡាហោម ស ខេង បាន​លើក​ឡើង​ទៀត​ថា កម្លាំង​នគរបាល​ជាតិ​ទាំងមូល​បាន​តស៊ូ​និង​ភាព​លំបាក​គ្រប់​បែប​យ៉ាង ដោយ​បាន​លះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត​អាយុជីវិត​ដើម្បី​ប្រយុទ្ធប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ សំដៅ​ការពារ​អាយុជីវិត និង​ទ្រព្យ សម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​សាធារណៈ បង្កើតបាន​នូវ​បរិយាកាស​ប្រកបដោយ ភាពកក់ក្តៅ​ក្នុងសង្គម​ទាំងមូល​។

សម្តេច​ក្រឡាហោម ស ខេង បាន​លើក​ឡើង​ទៀត​ថា នគរបាល​បានការ​ពារ និង​ការធានា​ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា នីតិកាល​ទី​៤ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ជា​ព្រឹត្តិការណ៍​នយោបាយ​ជា​ប្រវត្តិសាស្ត្រ និង​ជា​អាយុជីវិត នៃ​ប្រទេសជាតិ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញច្បាស់​អំពី ភាពម្ចាស់ការ ប្រកបដោយ​សមត្ថភាព​របស់​កម្ពុជា ក្នុង​ការធានា​ស្ថិរភាព សន្តិសុខ បម្រើ​ឲ្យ​កិច្ចដំណើរការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការពង្រឹង​នីតិរដ្ឋ​។

ជាមួយគ្នា​នោះ​ដែរ ​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​អំពាវនាវ​ដល់​នគរបាល​ទាំងអស់ ត្រូវ​ប្តេជ្ញាចិត្ត​រួមគ្នា បន្ត​ធ្វើ​ការកែទម្រង់ នគរបាលជាតិ អំពី​ក្របខ័ណ្ឌ ឋានន្តរសក្ដិ តួនាទី មុខងារ និង​ការទទួលខុសត្រូវ នៅតាម​ស្ថាប័ន អង្គភាព​នគរបាល​គ្រប់​ជាន់ថ្នាក់ ដើម្បី​លើក កម្ពស់​គុណភាព ប្រសិទ្ធភាព​ការងារ សំដៅ​ឆ្លើយតប​ចំពោះ​ការវិវត្តន៍ រីកចម្រើន​របស់​សង្គម និង​ស្ថានភាព​ប្រែប្រួល​ស្មុគស្មាញ​នៃ​សភាពការណ៍​សន្តិសុខ​ក្នុង​តំបន់ និង​ពិភពលោក​។

សម្តេច បាន​បន្ថែម​ទៀត​ថា នគរបាល គ្រប់រូប​ត្រូវ​តែមាន​លក្ខណៈសម្បត្តិ និង​នីតិសម្បទា គ្រប់គ្រាន់ ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ ប្រកបដោយ​ស្មារតី​អង់អាច​ក្លាហាន និង​មាន​សមត្ថភាព ពេញលេញ​ទាំង​សមត្ថភាព​ផ្នែក​ច្បាប់ ជំនាញ​បច្ចេកទេស ព្រមទាំង​មាន​មនសិការ​វិជ្ជាជីវៈ​បម្រើ សេវា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ភក្តីភាព​ជាដើម​។

ជាមួយគ្នា​នោះ ​ទោះបីជា​កងកម្លាំង​នគរបាល​ជាតិ​សម្រេច​បាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង​គួរ​ជាទី​មោទន​ដូចជា​ពោល​ខាងលើ​ក្តី ក៏ប៉ុន្តែ​ផ្អែក​តាម​ការ​សន្និដ្ឋាន​វាយតម្លៃ​សភាពការណ៍​ជា​រួម​នាយ​ឆ្នាំ២០១៩នេះ​ កម្ពុជា​នឹង​ប្រឈម​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន​ពាក់ព័ន្ធ​ដល់​វិស័យ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ ដែល​មួយ​ផ្នែក​ទទួលរង​នូវ​ឥទ្ធិពល​និន្នាការ​សន្តិសុខ​ក្នុង​តំបន់​និង​សាកលលោក​និង​មួយ​ផ្នែក​ទៀត​ គឺជា​សម្ពាធ​នៃ​បរិយាកាស​សង្គម​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សភាពការណ៍​នយោបាយ​និង​សន្តិសុខ​ក្នុង​ប្រទេស​ដូចជា​ការប៉ុនប៉ង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​សំណាក់​បរទេស​និង​ចេតនា​ទុច្ចរិត​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​រួម​ជាមួយនឹង​និន្នាការ​អមិត្ត​ប៉ុនប៉ង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​តាមរយៈ​បដិវត្តន៍​ពណ៌​ក៏ដូចជា​សកម្មភាព​រីក​រាលដាល​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ​ជាពិសេស​ការ​ជួញដូរ​គ្រឿង​ញៀន​ការបំពុល​បរិយាកាស​ស​ង្គ​ម​ដល់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ការជួញដូរ​មនុស្ស​និង​អាជីវកម្ម​ផ្លូវភេទ​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ​និង​គ្រោះថ្នាក់​ចរាចរណ៍​ព្រមទាំង​ឥទ្ធិពល​អវិជ្ជមាន​មួយចំនួន​ក្នុងសង្គម ។​ល។

បញ្ហា​ទាំងនេះ សុទ្ធ​សឹង​ជា​វិញ្ញាសា​ដែល​ទាមទារ​ឲ្យ​នគរបាល​ជាតិ​ធ្វើការ​ដោះស្រាយ​តាមរយៈ​ការ​ប្រមូលផ្ដុំ​ប្រាជ្ញា​ស្មារតី​ត្រៀមលក្ខណៈ​សម្បត្តិ​ម្ចាស់ការ​ដើម្បី​អនុវត្ត​គោលការណ៍​និង​វិធានការ​សំខាន់ៗ ១០​ចំណុច​ដូច​ខាង​ក្រោម ​ទី១ ប្ដេជ្ញា​ការពារ​ឲ្យ​គត់មត់​នូវ​អធិបតេយ្យភាព​បូរណភាព​ទឹកដី​ការពារ​រដ្ឋធម្មនុញ្ញ​ជាតិ​សាសនា​ព្រះមហាក្សត្រ។

ទី​២ ខិតខំ​លើកកម្ពស់​ប្រសិទ្ធភាព​ថែរក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​និង​សុវត្ថិភាព​សង្គម ទី​៣ ប្រតិបត្តិការ​ជាមួយ​ភ្នាក់ងារ​អភិវឌ្ឍ​ន៍​ស្ថាប័ន​នៃ​ប្រទេស​ជា​មិត្ត​ទាំង​ក្នុង​និង​ក្រៅ​តំបន់ ទី​៤ ពង្រឹង​វិធានការ​ក្នុងការ​កាត់បន្ថយ​បទល្មើស គ្រប់​ប្រភេទ ទី​៥ បន្ត​សហការ​ជាមួយ​ស្ថាប័ន​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ក្នុងការ​រៀបចំ​សណ្ដាប់ធ្នាប់​សា​ធារ​ណៈ ទី៦ ខិតខំ​ជំរុញ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នូវ​ច្បាប់​អន្តោប្រវេសន៍​ ទី៧ បន្ត​ពង្រឹង​វិធានការ​ជំនាញ​ក្នុងការ​គ្រប់គ្រង​ថែរក្សា​ទុក​ការប្រើប្រាស់​អាវុធ​និង​គ្រឿង​ទុក​គ្រាប់រំសេវ​ ទី៨ បន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ស្ថាប័ន​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ ទី៩ ខំ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កងកម្លាំង​ការពារ​ព្រំដែន​នៃ​ប្រទេសជិតខាង​និង​ ទី១០ លើកកម្ពស់​គុណភាព​ក្នុង​ការ​កសាង​ធនធានមនុស្ស​ដោយ​ផ្ដល់​អាទិភាព​ក្នុង​ការ​បណ្ដុះបណ្ដាល​រយៈ​ពេល​វែង។

​សូម​រំលឹក​ថា ១៦​ឧសភា ជា​ទិវា​នៃ​ការ​ចងចាំ​ជា​ប្រវត្តិសាស្ត្រ របស់​អង្គ​ប្រតិបត្តិ​ច្បាប់ ដែល​បាន​ចាប់ បដិសន្ធិ​ក្រោម​ស្នា​ព្រះហស្ត​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕