ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាការិនី Maria Sharapova ដក​ខ្លួន​ចេញពី​ការប្រកួត French Open ដោយសារ​របួស​ស្មា​

​កីឡាការិនី Maria Sharapova បាន​ដក​ខ្លួន​ចេញពី​ការប្រកួត French Open​ក្នុងឆ្នាំនេះ ដោយសារ​របួស​ស្មា។ នេះ​បើ​យោង​តាម​ការ​អះអាង​ឲ្យ​ដឹង​របស់​អតីត​ម្ចាស់​ជើងឯក​នៅ Roland Garros ២​សម័យកាល​ម្នាក់នេះ កាលពី​ថ្ងៃ​ពុធ​។

កីឡាការិនី Sharapova វ័យ​៣២​ឆ្នាំ ដែល​ជា​ជើងឯក Grand Slam ៥​សម័យកាល មិន​ធ្លាប់​ដែល​បាន​លេង​សោះ ចាប់តាំងពី​ការដកខ្លួន​ចេញពី​ការប្រកួត​នៅក្នុង​ប្រទេស​កំណើត​រុស្ស៊ី​របស់​នាង កាលពី​ដំណាច់​ខែមករា កន្លងទៅ​។

នាង Sharapova​បាន​និយាយ​នៅលើ​គណនី Instagram របស់​នាង​ថា ជួនកាល​ការសម្រេចចិត្ត​ត្រូវ មិនមែន​ជា​ការងាយស្រួល​នោះទេ​។

​នាង​បាន​បន្ត​ជា​មួយនឹង​រូបថត​ពេល​ដែល​នាង​លើក​ពាន Roland Garros កាលពី​ឆ្នាំ​២០១៤​ថា វា​ជា​ព័ត៌មាន​ល្អ​ជាង ពេល​ដែល​នាង​វិលត្រឡប់​មកកាន់​ទីលាន​ហ្វឹកហាត់ និង​ពង្រឹង​សមត្ថភាព​របស់​នាង​បន្តិច​ម្តង ពិសេស​គឺ​ត្រង់​កម្លាំង​ស្មា​របស់​នាង​តែម្តង​។

កាលពី​ខែ​កុ​ម្ភៈ​កន្លងទៅ កីឡាការិនី​លំដាប់​ថ្នាក់​លេខ​៣៥​ពិភពលោក​ម្នាក់​នេះ បាន​និយាយ​ថា នាង​បាន​ទទួលយក​នីតិ​វិធី​តូចតាច​ដើម្បី​ប៉ះប៉ូវ​បញ្ហា​ស្មា​របស់​នាង​។

សូម​បញ្ជាក់​ថា អតីត​កីឡាការិនី​លំដាប់ថ្នាក់​លេខ​១​ពិភពលោក​ម្នាក់​នេះ បាន​ខកខាន​ឡើងទៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Australian Open កាលពី​ខែមករា​ផងដែរ​។

នាង​បាន​លេង​យ៉ាង​ត្រដាបត្រដួស​ជាទីបំផុត ដើម្បី​វិលត្រឡប់​មក​រក​សមត្ថ​ភាព​លេង​កំពូល​របស់​នាង​វិញ ចាប់​តាំង​ពី​វិលត្រឡប់​ពី​បម្រាម​គ្រឿងញៀន​រយៈពេល​១៥​ខែ​របស់​នាង​វិញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114