ព័ត៍មានទាន់​ហេតុការណ៏
Search

​ប្រទេស​ចិន​ឈ្នះ​សិទ្ធិ​ធ្វើ​ម្ចាស់​ព្រឹត្តិការណ៍​បាល់ទាត់ Asian Cup​ឆ្នាំ​២០២៣​ក្រោយ​ការដកខ្លួន​របស់​កូរ៉េខាងត្បូង

​ប្រទេស​ចិន ត្រូវបាន​គេ​ប្រកាស​ជា​ប្រទេស​ម្ចាស់ផ្ទះ​ព្រឹ​ត្តិ​ការណ៍​បាល់ទាត់ Asian Cup បន្ទាប់​នៅក្នុង​ឆ្នាំ​២០១៣ ក្រោយ​ប្រទេស​កូរ៉េខាងត្បូង បាន​ដកខ្លួន​ចេញពី​ការប្រកួតប្រជែង​ដណ្តើម​សិទ្ធិ​ម្ចាស់​ផ្ទះមួយ​នេះ​។

សមាគម​បាល់ទាត់​កូរ៉េខាងត្បូង​(KFA)​បាន​ជូនដំណឹង​ទៅកាន់​សម្ព័ន្ធ​បាល់ទាត់​អាស៊ី​(AFC)​ពី​គោលបំណង​របស់​ពួកគេ​ក្នុងការ​ដកខ្លួន​ចេញ នៅក្នុង​លិខិត​មួយច្បាប់ កាលពី​ថ្ងៃ​ពុធ ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ប្រទេស​ចិន ដើម្បី​ធ្វើ​ម្ចាស់​ព្រឹ​ត្ត​ការណ៍​បាល់ទាត់​មួយ​នេះ​ជា​លើក​ទី​២​។

គួរ​ឲ្យ​ដឹងថា ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក បានធ្វើ​ម្ចាស់​ព្រឹត្តិ​ការណ៍​បាល់ទាត់​ថ្នាក់​ទ្វីប​មួយ​នេះ កាលពី​ឆ្នាំ​២០០៤ ពេលដែល​ពួកគេ​ចាញ់​វគ្គ​ផ្តាច់ព្រ័ត្រ​០-៣​ជាមួយ​ក្រុម​ជម្រើសជាតិ​ជប៉ុន នៅក្នុង​ទីក្រុង​ប៉េកាំង​។

លោក Chun Hanjin គឺជា​អគ្គនាយក​របស់ KFA​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ចុះផ្សាយ​នៅ​លើ​វេបសាយ​របស់​ពួកគេ​ថា យើង​ត្រូវ​ការ​បង្កើត​ជម្រើស​រវាង AFC Asian Cup 2023 និង Women’s World Cup​។

លោក​បន្តថា ពួកយើង​បាន​សម្រេចចិត្ត​ថា​នឹង​ផ្តោត​សំខាន់​លើ​ព្រឹត្តិ​ការណ៍​បាល់ទាត់​ស្ត្រី​ពិភពលោក​ជំនួស​វិញ​។ ក្នុង​ករណី​ព្រឹ​ត្តិ​ការណ៍​បាល់ទាត់ Women’s World Cup ទាំង FIFA និង​រដ្ឋាភិបាល គាំទ្រ​ឲ្យ​មាន​ការធ្វើ​ម្ចាស់ផ្ទះ​រួមគ្នា​រវាង​បងប្អូន​កូរ៉េ​ទាំង​២​។

​សូម​បញ្ជាក់​ថា កាលពី​ខែមីនា​កន្លងទៅ KFA បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការដេញថ្លៃ​រួមគ្នា​ជាមួយ​កូរ៉េខាងជើង ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ​ព្រឹ​ត្តិ​ការណ៍​បាល់ទាត់​ស្ត្រី​ឆ្នាំ​២០២៣​។ អា​ហ្ស​ង់​ទី អូស្ត្រាលី បូ​លី​វី ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី ជប៉ុន ណូ​វែ​ល​សេ​ឡង់ និង​អាហ្វ្រិក​ខាងត្បូង ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ពួកគេ​ផងដែរ ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ​ព្រឹ​ត្តិ​ការណ៍​បាល់ទាត់​ស្ត្រី​មួយ​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114